អន្តរជាតិ
ក្រុម​រុករក​យន្ត​ហោះAir Asia ​​រក​​ឃើញ​វត្ថុ​ស្រ​ដៀង​​បំ​ណែក​ទ្វារ​យន្ត​ហោះ
30, Dec 2014 , 1:16 pm        
រូបភាព
ដោយ: ថ្មីៗ
 អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​អោ​យ​ដឹង​ថា​​ក្រុម​ស្វែង​រក​យន្ត​ហោះ​​បា​នប្រទះ​​​ឃើញ​វត្ថុ​មួយ​ចំនួន​ដែល​មាន​រូប​រាង​ស្រដៀង​នឹង​ទ្វារ​យន្ត​ហោះ និងផ្នែកផ្សេង​ទៀត​នៃ​យន្ត​ហោះ​ដែល​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​អង្ការ​នេះ​។ បំណែកតូចៗ​ដែលគួរអោយ​សង្ស័យនេះ​ត្រូវបានគេ​រកឃើញ​នៅក្នុង​សមុទ្រ​ជ្វា​ ហើយ​ខាង​អាជ្ញាធរ​និងអ្នក​រុក​រក​យន្តហោះ​កំពុង​ស៊ើប​អង្កេត​បន្ថែ​ម​ទៀត​។


រូបភាព​បំណែកវត្ថុ​ជា​ច្រើនដែល​អណ្តែត​នៅលើ​សមុទ្រ​ជ្វា​ត្រូវ​គេ​ផ្តិត​យកបាន​​ដោយ​ក្រុមរុក​រក​យន្តហោះ Air Asia ​ដែល​បាន​បាត់​ខ្លួន​កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ បំណែក​ទាំងនោះ​មាន​ខ្លះ​ស្រដៀង​នឹង​ទ្វារ​យន្តហោះ និង​ផ្នែក​ផ្សេងទៀត​នៃយន្ត​ហោះ​ផងដែរ​ ហើយ​ក្រុម​ជួយ​រុក​រក​យន្តហោះ​កំពុង​តែ​ស្រាវ​ជ្រាវ​និងស៊ើប​អង្កេត​បន្ថែមលើ​បំណែក​ដែលគេ​ទទួល​បាន​នោះ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​គេ​មិន​​ដឹង​ច្បាស់​ឡើយ​ថា​វា​ពិត​បំណែក​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នោះ​ឬយ៉ាង​ណា​ឡើយ។​

​បើ​ទោះ​ជា​គេ​បាន​រកឃើញ​តម្រុយ​ខ្លះ​ក៏ដោយ​ ប្រតិបត្តិ​ការ​រក​យន្តហោះ​កំពុង​តែបន្ត​ទៅមុខ​ដោយមាន​នាវា​និងយន្តហោះ​ជាច្រើនគ្រឿង​របស់​​បណ្តា​ប្រទេស​ជាមិត្ត​ឥណ្ឌូនេស៊ី​ចូលរួម​ផងដែរ​។ ទី​តាំង​សម្រាប់ស្វែងរក​ត្រូវ​បាន​គេ​ពង្រីកបន្ថែម​ ព្រោះ​គេ​មិន​ទាន់កំណត់ទីតាំង​បាន​ច្បាស់​លាស់។ ប្រទេស​ជា​ច្រើន​​ដែល​បាន​ចូល​រួម​ជួយ​រុក​រក​យន្តហោះ​មាន​ដូច​ជា​ អាមេរិក ម៉ាឡេស៊ី សិង្ហបុរី​ អូស្រ្តាលី​ ចិន​ និង​កូរ៉េ​ខាង​ត្បូង​។ 

គួរបញ្ជាក់ថា​យន្តហោះ​ក្រុម​ Air Asia នេះ​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​ ១៦២​នាក់​ រាប់ទាំងបុគ្គលិក​បម្រើ​លើយន្តហោះ​ បាន​ហោះ​ហើយ​ចេញ​ពី​ប្រទេស​ឥណ្ឌូ​នេស៊ី​ទៅកាន់​ប្រទេស​សិង្ហបុរី ប៉ុន្តែ​បាន​បាត់​ខ្លួន​។ គេ​សន្និដ្ឋានថា​យន្តហោះ​ដែល​បាន​បាត់​​​​នេះ​ទំនង​ជា​ធ្លាក់​នៅក្នុង​សមុទ្រ​ ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ​៕






© រក្សាសិទ្ធិដោយ thmeythmey.com