ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​ត្រៀមខ្លួន​ធ្វើ​អ្វីខ្លះ នៅ​យប់​ថ្ងៃ​ចូលឆ្នាំ​សកល?
31, Dec 2014 , 7:45 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្ស​ជាច្រើន​បាន​ត្រៀមខ្លួន​ជួបជុំ​ជាមួយ​គ្រួសារ​មិត្តភក្តិ នៅពេល​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី។ ជាពិសេស​ក្នុងឱកាស​នេះ បាន​ទាញអារម្មណ៍​ក្រុម​យុ​វជ​គ្រប់​ស្រទាប់ ឲ្យ​បង្កើត​កម្មវិធី​ជប់លៀង ដើរ​កម្សាន្ត ឬ​ជួបជុំ​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ។ ខ្លះទៀត​បាន​ត្រៀមខ្លួន ដើម្បី​ទន្ទឹងរង់ចាំ​ឆ្លង​ឆ្នាំ​ជាមួយ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​របស់​ពួកគេ។ ហេតុអ្វី​បានជា​យុវជន​ភាគច្រើន​ជួបជុំគ្នា​ឆ្លង​ឆ្នាំ​នៅទីណា​ខ្លះ?



ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ជិត​មកដល់ម្តងៗ វា​ជា​ទម្លាប់​របស់ កញ្ញា ជា សុជាតា​ទៅហើយ ដែល​តែងតែ​ស្រមៃ​នឹកឃើញ​សកម្មភាព​ឆ្លង​ឆ្នាំ​ដែល​កញ្ញា និង​ក្រុមគ្រួសារ​តែងតែ​ប្រារព្ធ​ជាមួយគ្នា​រៀងរាល់ឆ្នាំ​នោះ។ ថ្ងៃ​ឆ្លង​ឆ្នាំ ចូលឆ្នាំ២០១៥នេះ ក៏​មិនមែន​ខុសពី​រាល់​ឆ្នាំ​ដែរ។ កញ្ញា​សម្បុរ​ស ស្រស់ស្អាត​រូបនេះ មាន​គម្រោង​ទៅ​ឆ្លង​ឆ្នាំ​នៅ​មាត់សមុទ្រ ក្នុង​ក្រុង​កំពង់សោម ជាមួយ​មិត្តភក្តិ​ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​រៀន​ជាមួយគ្នា​នៅ​វិទ្យាល័យ​ព្រះសីហនុ នៅក្នុង​ខេត្តកំពង់ចាម។ យុវតី​វ័យ ២១ឆ្នាំ​រូបនេះ បាន​ពន្យល​ល់ពី​មូលហេតុ​ដែល​ទៅ​ឆ្លង​ឆ្នាំ​នៅ​មាត់សមុទ្រ​នោះ​ថា៖«នៅ​មាត់សមុទ្រ ជា​កន្លែង​ដែល​ពេញនិយម​ជាពិសេស​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំម្តងៗមាន​យុវជន​ច្រើន​ទៅលេង​នៅ​ទីនោះ។ ដូច្នេះ​ក្រុម​ខ្ញុំ​ក៏មាន​គម្រោង​ទៅ​ដើរលេង​នៅ​ទីនោះ​ផងដែរ ហើយ​នាំគ្នា​ដើរលេង​នៅ​ផ្សារ​រាត្រី ញុំ​ាំ​អាហារ​ជាមួយគ្នា ជជែក​គ្នា​លេង​នៅ​ទីនោះ និង​ដើរលេង​នៅ​មាត់សមុទ្រ ដើម្បី​រង់ចាំ​រហូតដល់​ពេល​ឆ្លង​ឆ្នាំ​ចូលមក​ដល់ និង​អបអរសាទរ​ទទួល​ឆ្នាំ​ថ្មី​ទាំងអស់គ្នា»។

កញ្ញា សុជាតា បាន​និយាយទៀតថា៖«ដើរលេង​លើក​នេះ ខ្ញុំ​ត្រូវ​ចំណាយ​អស់​ប្រហែលជា ៥០ដុល្លារ ព្រោះ​ទៅ​កន្លែង​ឆ្ងាយ ហើយ​នៅ​ថ្ងៃ​ដែលមាន​មនុស្ស​ទៅលេង​ច្រើន​គឺអ្វីៗក៏​ឡើងថ្លៃ​ដែរ។ ខ្ញុំ​មិនដឹងថា ផ្ទះសំណាក់ និង​ម្ហូបអាហារ​ឡើងថ្លៃ​ប៉ុណ្ណា​នោះទេ»។

និយាយ​ពី​យុវតី​ម្នាក់ទៀត គឺ​កញ្ញា ឌី ស្រីនាថ ក្នុងឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​លើក​នេះ ស្រីនាថ មាន​គម្រោង​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​នៅ​ខេត្តកំពត ជាមួយនឹង​មិត្តភក្តិ ១០នាក់​ផ្សេងទៀត ដែល​រៀន​នៅ​មហាវិទ្យាល័យ​ជាមួយគ្នា ដោយ​ត្រូវ​ចំណាយ​ប្រហែលជា ២០ដុល្លារ​ក្នុង​ម្នាក់។យុវតី​អាយុ១៩ឆ្នាំ​រូបនេះ បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ ពេលដែល​ស្រមៃ​នឹកឃើញ​ពី​ទេសភាព​នៅលើ​ភ្នំ​បូកគោ​នោះ។ យុវតី​មាឌ​ល្អិត​រូបនេះ​បាន​ពន្យល់​ពី​សកម្មភាព​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​លើក​នេះ​ថា៖«ក្រុម​ខ្ញុំ​មាន​គម្រោង​ធ្វើ​ម្ហូប និង​បង្អែម​នៅផ្ទះ​មិត្តភក្តិ​ដែល​នៅក្បែរ​ភ្នំ​បូកគោ ហើយ​យកទៅ​ញុំ​ាំ​នៅលើ​ភ្នំ​ជាមួយគ្នា ព្រោះ​នៅ​កន្លែង​នោះ​មាន​ទេសភាព​ស្អាត ខ្យល់​បរិសុទ្ធ​ល្អ និង​មាន​មនុស្ស​ទៅលេង​នៅ​ទីនោះ​ច្រើន។ ពេល​ញុំ​ាំ​អាហារ​ហើយ នាំគ្នា​ដើរ​មើល​គេ​រៀបចំ​កម្មវិធី​នៅ​ទីនោះ ហើយ​ជជែក​គ្នា​លេង ដើម្បី​រង់ចាំ​ឆ្លង​ឆ្នាំ​ចាស់ និង​អបអរ​ទទួល​ឆ្នាំ​ថ្មី​ជាមួយ​មិត្តភក្តិ​ទាំងអស់គ្នា»។

ងាក​មក​និយាយ​ពី​យុវជន ខ្លូត សុ​បញ្ញា វិញ​ម្តង។ បញ្ញា ធ្លាប់​បានរៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ នៅផ្ទះ​ជីដូន ក្នុង​ខេត្តកណ្តាល កាលពី​ឆ្នាំ២០១៣ ជាមួយនឹង​មិត្តភក្តិ ៩នាក់​ដែល​ធ្លាប់ធ្វើ​ការស្ម័គ្រចិត្ត​ជាមួយ​គ្នា​កន្លងមក។ យុវជន​វ័យ ២៣ឆ្នាំនេះ បាន​ពិភាក្សាគ្នា​ជាមួយ​មិត្តភក្តិ​ទាំងនោះ ថា​នឹងធ្វើ​កម្មវិធី​នេះ​ម្តងទៀត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​លើក​នេះ នៅផ្ទះ​ជីដូន​នោះ​ដដែល ព្រោះ​នៅ​ពី​នោះ វា​ជា​កន្លែង​ស្ងប់ស្ងាត់ និង​មាន​ខ្យល់​បរិសុទ្ធ​សម្រាប់​រៀបចំ​កម្មវិធី​ដែល​បានគ្រោង​ទុក​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​លើក​មុន។ ការរៀបចំ​កម្មវិធី​តា​ម​របៀប​កូនអ្នកក្រីក្រ​មកពី​ជនបទ​មិនសូវមាន​ប្រាក់កាស ដើម្បី​រៀបចំ​កម្មវិធី​ធំដុំ​ដូច​កូនអ្នកមាន​នោះ យុវជន​រាងស្តើង​រូបនេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ក្រុម​ខ្ញុំ​នឹង​ចំណាយ​ត្រឹមតែ ១០០០០-១៥០០០រៀល​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ដើម្បី​ធ្វើ​អាហារ​សាមគ្គី​ញុំ​ាំ​ជាមួយគ្នា ហើយ​ធ្វើ​នៅផ្ទះ​យាយ​របស់ខ្ញុំ​មាន​ចានឆ្នាំង និង​សម្រាប់​សម្ភារ​ប្រើប្រាស់​ស្រាប់ មិនចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទេ»។

នា​រាត្រី​នោះដែរ ក្រៅពី​ញុំ​ាំ​អាហារ ជជែក​ពិភាក្សា រាំច្រៀង​សប្បាយ​ជាមួយគ្នា​ហើយ​នោះ យុវជន សុ​បញ្ហា បាន​រៀបរាប់​ពី​សកម្មភាព​បន្តទៀតថា៖«ក្រុម​ខ្ញុំ​បាន​ត្រៀម​រៀបចំ​ពួតភ្លើង​ដុត​ដំឡូង និង​អង្គុយ​ជុំវិញ​ពួតភ្លើង​នោះ ញុំ​ាំ​ដំឡូង​បណ្តើរ និង​ចែករំលែក​ពីបទ​ពិសោធន៍​ការងារ ចំណេះដឹងថ្មីៗ លើក​ពី​បញ្ហា​ប្រឈម​របស់​គ្នា​ទៅវិញទៅមក​ដើម្បី​ជួយ​ដោះស្រាយ​គ្នា និង​បង្ហាញ​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​របស់​គ្នា​ម្តងម្នាក់ រហូត​ដល់ពេល​ឆ្លង​ចូលឆ្នាំថ្មី»។

ផ្ទុយ​ពី​យុវជន​ខាងលើ​ដែលមាន​គម្រោង​ដើរ​កម្សាន្ត ឬ​ជួបជុំ​ជាមួយ​មិត្តភក្តិ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​នាពេល​ខាងមុខនេះ យុវជន នូ មករា បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​មិត្តភក្តិ​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​លើក​នេះ ដោយ​យក​ឱកាស​ឈប់សម្រាក​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​នេះ ដើម្បី​រម្លឹក​ពី​សកម្មភាព​ដែល យុវ​ជ​រូបនេះ​បាន​អនុវត្តន៍ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ។ បើទោះជា​មានការ​សោកស្តាយ​ដែល​មិនបាន​ចូលរួម​ឆ្លង​ឆ្នាំ​ជាមួយ​មិត្តភក្តិ​ក៏ដោយ ដោយ​យុវជន​សម្បុរ​ស្រអែម​រូបនេះ​បាន​ពន្យល់ថា៖«ខ្ញុំ​គិតថា​ខ្ញុំ​ត្រូវយក​ឱកាស​នេះ​សម្រាប់​ខ្លួនឯង​វិញ​ម្តង។ ខ្ញុំ​នឹង​រក​កន្លែង​ដែលមាន​ទេសភាព​ល្អ ខ្យល់​បរិសុទ្ធ ដើម្បី​អង្គុយ​ឆ្លុះបញ្ចាំង​ពី​ការងារ ការសិក្សា បញ្ហា​ប្រឈម​ក្នុង​ជីវិត និង​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ប្រចាំថ្ងៃ ហើយក៏​រំលឹក​ពី​គោលដៅ​ដែល​បានកំណត់​កន្លងមក ដើម្បី​អនុវត្តន៍​សកម្មភាព​បន្តទៀត​ដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com