អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បញ្ហា​ពិភពលោក​អ្វីខ្លះ​ដែល​រដ្ឋបាល​អូ​បា​ម៉ា​ព្យាយាម​ដោះស្រាយ​ក្នុង​ឆ្នាំ២០១៤?
01, Jan 2015 , 8:28 am        
រូបភាព
ដោយ: ថ្មីៗ

សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការរក្សាសន្តិសុខ ស្ថិរភាព និង​សន្តិភាព​ពិភពលោក។ ប្រទេស​នេះ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​ទាំងនោះ​អោយបាន​ជោគជ័យ។យ៉ង​ណាក៏ដោយ​ឆ្នាំ ២០១៤ជិត​ផុត​ទៅហើយ​ប៉ុន្តែ​បញ្ហា​ជាច្រើន​ដែល​កើតឡើង​ក្នុង​ពិភពលោក (កើតមុន​ឆ្នាំ ២០១៤ និង​បញ្ហា​កើត​ក្នុង​ឆ្នាំ ២០១៤) នៅ​មិនទាន់បាន​ដោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ​ទេ។ បញ្ហា​ជាច្រើន​នៅតែ​កង្វល់​សម្រាប់​សហគមន៍​អន្តរជាតិ​នៅឡើយ ដ្បិដ​វា​បាន​បង្ករ​អោយមាន​បញ្ហា​អសន្តិសុខ​និង អស្ថិរភាព​នៅក្នុង​ពិភពលោក​ទាំងមូល។



-ទីមួយ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន។ អាមេរិក​ខ្វា​យ​ខ្វា​យ​ពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ខ្លាំង​ចាប់តាំងពី​វិបត្តិ​នេះ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៤ដោយមាន​ការ​ផ្តួល​រលំ​រប​ដឹកនាំ​ស្និទ្ធ​រុស្ស៊ី Viktor Yanukovychនិង​ការ​ក្រ​សោប​យក​ទឹកដី Crimea ដោយ​រុស្ស៊ី​កាលពី​ខែ​មិនា​កន្លងមកនេះ។ បច្ចុប្បន្ន​វិបត្តិ​នេះ​មិនទាន់​បញ្ចប់​ឡើយ​ទោះជា​វា​បាន​ឆក​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​រាប់ពាន់នាក់​ក៏ដោយ​ក្តី អាមេរិក​និង​សហភាព​អឺរ៉ុប​នៅ​បន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ហើយ​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​ផ្នែក​នៅតែ​បន្ត​កើតឡើង។

ទី​ពីរ​គឺ​វិបត្តិ​នៅ​មជ្ឈិមបូព៌ា៖ សហរដ្ឋអាមេរិក​ដើរតួនាទី​សំខាន់ និង​សកម្ម​ជាងគេ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ប៉ុន្តែ​យ៉ាងណាក៏ដោយ​វិបត្តិ សង្គ្រាមស៊ីវិល អស្ថិរភាព នៅ​ទីនោះ​នៅ​បន្ត​កើតឡើង​ឥត​ឈប់ ហើយ​អាមេរិក​ក៏​ហាក់បីដូចជា​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះដែរ។ វិបត្តិ​ទាំងនោះ​បន្ត​កើតឡើង​តាំងពី​ផ្ទុះ​ចលនា​បដិវត្តន៍​និ​ទាឃ​រដូវ​នៅ​អារ៉ាប់ ឆ្លង​ពី​យ៉េ​មែន ទុយ​ណេ​ស៊ី លី​ប៊ី ស៊ី​រី អ៊ីរ៉ាក់ អេ​ហ្ស៊ី​ប ជាដើម។ បណ្តា​ប្រទេស​ទាំងនោះ​នៅ​ប្រឈមមុខ​ជាមួយ​បញ្ហា​អស្ថិរភាព​នយោបាយ ចលនា​ក្រុម​ឧទ្ទាម ចលនា​ភេរវជន និង​វិបត្តិ​សេដ្ឋកិច្ច ដែល​វា​ទាមទារ​អោយមាន​ការយកចិត្តទុកដាក់​និង​ផ្តល់​ដំណោះស្រាយ​ពី​សហគមន៍​អន្តរជាតិ។

-វិបត្តិ​មួយ​ដ៏​ធំ​ផ្សេងទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែរនោះ​គឺ ចលនា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ដែល​ប្រកាស​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ។ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​បន្តសកម្មភាព​ព្រៃផ្សៃ​និង​មនោគមន៍​វិទ្យា​ជ្រុលនិយម​របស់ខ្លួន​ដោយ​សម្លាប់​រង្គាល​កងក​ម្លាំ​ង​សន្តិសុខ ជន​ស៊ីវិល អ្នកកាសែត ស្ត្រី​កុមារ​រាប់ពាន់នាក់ និង​បន្ត​យុទ្ធនា​ការប្រឆាំង​លោកខាងលិច។ បញ្ហា​នេះ​កំពុង​ធ្វើអោយ​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ខ្លាំង ដោយសារតែ​ក្រុម​ភេរវជន​នេះ​ខ្លាំង មាន​កងកម្លាំង​ច្រើន និង​មាន​ទ្រព្យធន​ច្រើនសន្ធឹក​សន្ធាប់។ បើទោះជា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​កំពុង​តាម​ប្រមាញ់​ក្រុម​នេះ​ដោយ​សង្គ្រាម​ផ្លូវអាកាស​ក៏ដោយ ក៏​គេ​ឃើញថា​វា​ជា​វិធានការ​គ្មាន​ប្រសិទ្ធភាព​ឡើយ។

-វិបត្តិ​នៅ​អាហ្វ្រិក៖ នៅ​តំបន់​អាហ្វ្រិក​និយាយ​ទៅ​មាន​បញ្ហា​កើតឡើង​រាប់មិនអស់។ វិបត្តិ​មេរោគ​កាច​សាហាវ​អេ​បូ​ឡា​ផ្ទុះឡើង​នៅ​អាហ្វ្រិក​ខាងលិច  បញ្ហា​អស្ថិរភាព និង​សង្គ្រាមស៊ីវិល​នៅ​ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល បញ្ហា​ភេរវកម្ម នៅ​នី​ហ្សេ​រី​យ៉ា កេ​ន​យ៉ា និង​នៅ​ប្រទេស​សូ​ម៉ាលី។

-វិបត្តិ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក៖ និយាយ​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បញ្ហា​ក៏​កើតឡើង​ច្រើន​ដែរ ហើយ​អាមេរិក​ដែល​កំពុង​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី​នោះ​ក៏​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំង​នោះដែរ។ បញ្ហាសំខាន់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​ជម្លោះដែនសមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​លើ​ប្រជុំ​កោះ ស្ព្រា​ត់​លី និង​ផា​រ៉ា​សែ​ល ដែលមាន​ភាគី​ជម្លោះ​ច្រើន​រួមមាន​ចិន តៃវ៉ាន់ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ប្រ៊ុយណេ នៅតែ​ជា​បញ្ហា​គួរអោយ​ព្រួយបារម្ភ និង​ធ្វើអោយមាន​បញ្ហា​តានតឹង​និង​អស្ថិរភាព​ជា​ញឹកញយ។ ម្យ៉ាងទៀត​ជម្លោះ​ដែន​កោះ​សេន​កា​គូ ឬ​ទាវ​យូរ នៅ​សមុទ្រ​ចិន​ខាងកើត​រវាង​ចិន​និង​ជប៉ុន​ក៏​ជា​បញ្ហា​រសើប​និង​ក្តៅ​ដូចគ្នា​ដែរ។ ចំណែក​បញ្ហា​ក្តៅ​ផ្សេងទៀត​នៅ​តំបន់​នេះ មាន​ទាំង​ជម្លោះ​ដែនដី​រវាង​ឥណ្ឌា ប៉ា​គី​ស្ថាន បញ្ហា​ភេរវកម្ម​នៅ​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com