សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុង​ញូវយ៉ក មាន​ចំនួន​មហាសេដ្ឋី​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក
01, Jan 2015 , 9:00 am        
រូបភាព
ដោយ:

ទីក្រុង​ញូវយ៉ក របស់​សហរដ្ឋអាមេរិក​បាន​ក្លាយជា​ទីក្រុង​ដែលមាន​ចំនួន​មហាសេដ្ឋី​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក ជាមួយនឹង​មហាសេដ្ឋី​សរុប​ចំនួន ១០៣ នាក់។ នេះ​បើតាម​របា​ការណ៍​ស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​ទ្រព្យសម្បត្តិ Wealth-X និង​ជំរឿន UBS Billionaire Census 2014 ។



របាយការណ៍​ដដែល​ក៏បាន​ឲ្យ​ដឹងថា ទីក្រុង​ម៉ូស្គូ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២ ដែលមាន​មហាសេដ្ឋី ៨៥ នាក់​តាម​ពីក្រោយ​ដោយ​ទីក្រុង​ហុងកុង (៨២ នាក់)ទីក្រុង​ឡុង​ដ៍(៧២ នាក់) និង​ទីក្រុង​ប៉េកាំង(៣៧ នាក់) ។ទិន្នន័យ​ដដែល​បាន​បង្ហាញថា នៅ​ទូទាំង​ពិភពលោក​ចំនួន​មហាសេដ្ឋី​បាន​កើនឡើង​ដល់២៣២៥ នាក់​ជាមួយនឹង​ការកើនឡើង​មហាសេដ្ឋី​ថ្មី​ចំនួន ១៥៥ នាក់​បន្ថែមទៀតថា​នៅ​ឆ្នាំនេះ។

ការបូកបញ្ចូល​គ្នា​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នៅលើ​ពិភពលោក​បាន​កើនឡើង​ដល់ ៧,៣លាន​លាន​ដុល្លារ។ ការសិក្សា​នេះ​បាន​បង្ហាញថា​ទ្វីបអឺរ៉ុប​ជា​តំបន់​មាន​មហាសេដ្ឋី​ច្រើនជាងគេ​ចំនួន ៧៧៥ នាក់​ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប ២,៣៧លាន​លាន​ដុល្លារ។ខណៈពេលដែល​ទ្វីបអាមេរិក​ខាងជើង​ដែលមាន​មហាសេដ្ឋី​ច្រើន​បំផុត​កាលពី​ក្នុង​ឆ្នាំ ២០១៣ នោះបាន​ធ្លាក់​ទៅ​នៅ​ចំណាត់ថ្នាក់​ទី២ វិញ។

សហរដ្ឋអាមេរិក​បាន​រក្សា​តំណែង​របស់ខ្លួន​ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​កំពូល​របស់​ពិភពលោក​ដែលមាន​ប្រជាជន​ចំនួន ៥៧១ នាក់​ជា​មហាសេដ្ឋី​នៅ​ឆ្នាំ ២០១៤ នេះ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន មាន​មហាសេដ្ឋី ១៩០ នាក់​ខណៈពេលដែល​មហា​សេដ្ឋី​នៅ​ចក្រភព​អង់គ្លេស កើនឡើង​ដល់ ១៣០ នាក់​ធ្វើ​ឲ្យ​អង់គ្លេស​ដណ្ដើមយក​តំណែង​ចំណាត់​ទី៣ ពី​ប្រទេស​អាឡឺម៉ង់​ដែលមាន​មហាសេដ្ឋី​តែ​ចំនួន ១២៣ នាក់​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com