ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច២០១៥ ប្រសើរ​ជាង២០១៤ តែ​អាច​ប្រឈម​ជាថ្មី​នៅ​ឆ្នាំ២០១៧-២០១៨
01, Jan 2015 , 10:00 am        
រូបភាព

ភ្នំពេញ៖ លោក​បណ្ឌិត​សេដ្ឋកិច្ច កង ច័ន្ទ​តារា​រ័ត្ន បាន​អត្ថាធិប្បាយ​ថា ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​នៅ​ឆ្នាំ២០១៥ នឹងមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ២០១៤កន្លងមក។ មូលហេតុ គឺ​ដោយសារ​ឆ្នាំ​ចាស់ ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​វិបត្តិ​នយោបាយ។ វិបត្តិ​នេះ​បានអូសបន្លាយ​ស្ទើរ​ពាក់កណ្តាល​ឆ្នាំ២០១៤ទៅហើយ។ ឆ្នាំ​ថ្មី​គឺជា​ឱកាស​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០១៧ និង២០១៨ ស្ថានភាព​នយោបាយ​អាច​បង្អាក់​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ប្រសិនបើអ្វីៗមិនបាន​ដោះស្រាយ​អស់​នៅពេលនេះ។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក កង ច័ន្ទ​តារា​រ័ត្ន សេដ្ឋវិទូ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា។



លោក គី សុខ​លីម៖ តើ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០១៥ នឹង​ខុសពី​ឆ្នាំ២០១៤យ៉ាងដូចម្តេច​ដែរ?

លោក កង ច័ន្ទ​តារា​រ័ត្ន៖ នៅ​ឆ្នាំ២០១៥ខាងមុខនេះ ខ្ញុំ​មិនឃើញ​មាន​សញ្ញា​អាក្រក់​ណាមួយ​សម្រាប់​សេដ្ឋ​កិច្ច​កម្ពុជា​នោះទេ។ ផ្ទុយទៅវិញ ខ្ញុំ​គិតថា អ្វីៗវា​និង​ប្រសើរ​ល្អ​ជាង​ឆ្នាំ២០១៤កន្លងមក។ ឆ្នាំ២០១៤កន្លងមក ដោយសារ​បញ្ហានយោបាយ​កម្ពុជា និង​បញ្ហានយោបាយ​ថៃ កើតឡើង​ព្រម​ពេល​ជាមួយគ្នា ដូច្នេះ​ស្ថាន​ការ​សេដ្ឋកិច្ច​របស់​កម្ពុជា​ជួប​ការលំបាក​ច្រើន។ តែ​ឆ្នាំ២០១៥នេះ ស្ថានភាព​នឹង​ប្រសើរ​ជាង​មុន ពីព្រោះ​ស្ថានភាព​នយោបាយ​នឹងមាន​ស្ថិរភាព​ល្អប្រសើរ​ជាង​មុន​ទាំង​នៅ​កម្ពុជា និង​ថៃ ។  ទីផ្សារ​អង្ករ​អាច​ប្រសើរ​ជាង​មុន​ដោយសារ​មានការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កាន់តែច្រើន។ ចំនួន​ភ្ញៀវទេសចរ​នឹង​អាច​កើនឡើង​ច្រើនជាង​មុន។ ការវិនិយោគ​នឹង​អាច​កើនឡើង​ដោយសារ​ការបង្កើត​ទីផ្សា​រអា​ស៊ាន​រួម​នៅ​ឆ្នាំ២០១៥ ។ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន ធារាសាស្ត្រ នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​មួយចំនួន​នៅក្នុងខាងមុខ។

លោក គី សុខ​លីម៖ ឆ្នាំ២០១៥ គឺជា​ពេលវេលា​បង្កើត​ទីផ្សារ​អាស៊ាន​រួម។ អ៊ីចឹង​វា​មិនមែន​ជាការ​ប្រឈម​របស់​កម្ពុជា​ទេ​ឬ?

លោក កង ច័ន្ទ​តារា​រ័ត្ន៖ នៅពេលដែល​យើង​បង្កើត​ទីផ្សារ​អាស៊ាន​រួម មានន័យថា អ្នកវិនិយោគ​អាច​នឹង​មើល​មក​កម្ពុជា​ក្នុងន័យ​ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​ដែលជា​ទីផ្សារ​រួមគ្នា។ ដូច្នេះ  អ្នកវិនិយោគ​បរទេស​អាច​នឹង​បណ្តាក់ទុន​ច្រើន​ក្នុងប្រទេស​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទី​អាស៊ាន​រួម ជាជាង​សម្លឹងមើល​កម្ពុជា​ក្នុងនាម​ជាទី​ផ្សារ​ទោល​តែឯង។ បង្កើត​ទីផ្សារ​អាស៊ាន​រួមគ្នា​នេះ​អាច​អនុញ្ញាតអោយ​ប្រទេស​អភិវឌ្ឍន៍​របស់​អាស៊ាន​មួយចំនួន​ទទួលបាន​ផលចំណេញភ្លាមៗពី​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច។ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ពេលវេលា​ពី២ ទៅ៣ឆ្នាំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់យ៉ាង មុននឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ដូច​ប្រទេស​ដទៃទៀត។

លោក គី សុខ​លីម៖ លោក​មានប្រសាសន៍​ខាង​ដើម​ថា ស្ថានភាព​សេដ្ឋកិច្ច​អាច​ប្រសើរ​នៅ​ឆ្នាំ២០១៥ដោយសារ​បរិយាកាស​ន​យោ​បាយ​ល្អ។ ចុះ​ឆ្នាំ២០១៦ ឬ២០១៧វិញ វា​យ៉ាងដូចម្តេច​ដែរ?

លោក កង ច័ន្ទ​តារា​រ័ត្ន៖
ពី​ឆ្នាំ២០១៥ ឬ២០១៦ ស្ថានភាព​វិនិយោគ និង​ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​វា​នឹង​ប្រសើរ​ដូច​អ្វីដែល​ខ្ញុំ​បានលើកឡើង​ខាងដើម​អ៊ីចឹង។ តែ​នៅ​ឆ្នាំ២០១៧វិញ វា​ជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​បោះឆ្នោត​ឃុំ​សង្កាត់ ហើយ​នៅ​ឆ្នាំ២០១៨ វា​ជា​ពេលវេលា​ការបោះឆ្នោតជាតិ។ ដូច្នេះ ស្ថានភាព​នយោបាយ​អាច​រំខាន​បរិយាកាស​វិនិយោគ​ខ្លះ​ដែរ។

លោក គី សុខ​លីម៖
អ្វីដែល​លោក​បានលើកឡើង​ខាងលើ ពិតជា​មានន័យថា ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ​អាច​ប្រសើរ​ជាង​មុន។ តែ​ចលនា​ចំណាកស្រុក​ពី​ខេត្ត​ចូល​ក្រុង ពី​ប្រទេស​កម្ពុជា ទៅ​ក្រៅប្រទេស​នៅតែ​កើន​ឡើងជា​លំដាប់ តើ​នេះ​ជា​បញ្ហា​ដែរឬទេ?

លោក កង ច័ន្ទ​តារា​រ័ត្ន៖ សម្រាប់​អ្នកសេដ្ឋកិច្ច ចលនា​ចំណាកស្រុក មិនមែនជា​បញ្ហា​ទេ ពីព្រោះ​ចលនា​ចំណាកស្រុក មានន័យថា ពួកគេ​គេច​ចេញពី​កន្លែង​មួយ​ដែលមាន​ប្រាក់ចំណូល​តិច​ដើម្បី​ស្វែងរក​ទីកន្លែង​ដែលមាន​ប្រាក់ចំណូល​ខ្ពស់។ ដូច្នេះ វា​ជា​រឿង​ល្អ។ តែ​សម្រាប់​អ្នកវិភាគ​សង្គម​វិញ ពួកគេ​អាច​វិភាគ​ថា វា​អាក្រក់​ទៅវិញ​ក៏​ថា​បាន ពីព្រោះ វា​អាចមាន​បញ្ហា​សង្គមផ្សេងៗកើតឡើង​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com