ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អំណត់៖ ពី​អ្នក​ភ្ជួរស្រែ មកជា​ប្រធាន​សាខា​ធនាគារ CMK
12, Jan 2015 , 4:33 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជា​កូន​ត្រកូល​កសិករ ដែល​ធ្លាប់ជា​កម្លាំង​ជំនួស​ដៃជើង​របស់​គ្រួសារ​ពេលធ្វើ​ស្រែចម្ការម្តងៗនោះ គឺ​យុវជន បូ អំណត់ ។ អំណត់ បាន​ចាក​ឆ្ងាយ​ពី​ផ្ទះ​ឈើ​តូច​មួយ ក្នុងភូមិ​ទ្រា ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ។ ជីវិត​ជា​និស្សិត ជា​អ្នករត់​តុ និង​ជា​អ្នកដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​របស់​ធនាគារ CMK ជា​បន្តបន្ទាប់​កន្លងមក។ សព្វថ្ងៃ​យុវជន​វ័យ២៣ឆ្នាំ​រូបនេះ ជា​អ្នកគ្រប់គ្រង​សាខា​សង្គហ​ធនាគារ CMK នៅក្នុង​ខេត្តសៀមរាប។ សង្គហ​ធនាគារ CMK ជា​ធនាគារ​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស​បារាំង។ ខ្សែជីវិត​កូន​កសិករ ដែល​បាន​ក្លាយជា​អ្នកគ្រប់គ្រង​សាខា​ធនាគារ​ទាំង​វ័យក្មេង​បែបនេះ តើ​លោក បូ អំណត់ បាន​តស៊ូ​អំណត់​ខ្លាំង​ប៉ុណ្ណា?


រដូវ​ធ្វើស្រែ​ចម្ការម្តងៗ យុវជន បូ អំណត់ តែងតែ​ក្រោក​នៅ​ម៉ោង​រំលងអធ្រាត្រ ដើម្បី​ដឹកគោ និង​លី​នង្គ័ល​ទៅ​ភ្ជូ​រ​ស្រែ​តែម្នាក់ឯង រហូតដល់​ម៉ោង៦ភ្លឺស្រាងៗទើប​ឡើង​ពី​ភ្ជួរស្រែ​ត្រឡប់មកផ្ទះ​វិញ ដើម្បី​សម្អាត​ខ្លួនប្រាណ​ទៅ​រៀន​ឲ្យ​ទាន់ពេល​នៅ​ម៉ោង៧ព្រឹក។ យុវជន​ដែល​មើល​ទៅជា​មនុស្ស​រហ័ស​រ​ហួន និង​មានបទពិសោធន៍​ច្រើន​ក្នុង​ការងារ​ស្រែចម្ការ​បាន​រំលឹក​អតីតកាល​ទាំងនោះ​ថា៖ «ខ្ញុំ​ក្រោក​ទៅ​ភ្ជួរស្រែ​នៅ​ម៉ោង២យប់ និង​ត្រូវ​ឡើង​ពី​ភ្ជួរស្រែ​នៅ​ម៉ោង៦ជិត​ភ្លឺ ដើម្បី​ប្រញាប់​ងូតទឹក​សម្អាតខ្លួន និង​ជិះ​កង់​ទៅ​រៀន​ចំងាយ​ប្រហែលជា៦-៧គ.ម ទើប​ដល់​សាលារៀន​របស់ខ្ញុំ។ ពេលខ្លះ​ទៅដល់​សាលា​យឺត​ត្រូវ​សាលា​បិទទ្វារ​របង​មិន​ឲ្យ​ចូល និង​ពេលខ្លះទៀត​ត្រូវសុំ​គ្រូ​ចូលរៀន​ក៏មានដែរ។ មាន​ថ្ងៃ​ខ្លះ ពេល​ចូលដល់​ថ្នាក់រៀន បើទោះជា​ខ្ញុំ​ខំ​អង្គុយ​រៀន ឬ​ស្តាប់​គ្រូ​ពន្យល់​យ៉ាងណា​ក៏​មិន​យល់​ដែរ ព្រោះ​ហត់​អស់កម្លាំង​គ្មាន​អារម្មណ៍​រៀន​នោះទេ»។
ជីវិត​ជា​កូនកំព្រា​ឪពុក និង​មាន​បងប្អូន៦នាក់​ផង​នោះ បែរជា​មិនមាន​សំណាង​ដូច​កូនពៅ​ក្នុង​គ្រួសារ​ដទៃ​ឡើយ។ អំណត់ ត្រូវ​ជួយ​ការងារ​ស្រែចម្ការ​ច្រើនជាងបងៗរបស់គាត់ ព្រោះបងៗទាំងនោះ​មានគ្រួសារ និង​ស្រែចម្ការរៀងៗខ្លួន។  

យុវជន​ដែល​ធ្លាប់​ទូល​នំ និង​ទូល​ត្រកួន​ដើរ​លក់​ក្នុងភូមិ​រូបនេះ បន្ទាប់ពី​ប្រឡង​ជាប់​បាក់​ឌុប​កាលពី​ឆ្នាំ២០១០កន្លងមក អំណត់ សម្រេចចិត្ត​វេច​បង្វេច​ពី​ស្រុកកំណើត​ឡើងមក​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ និង​ស្នាក់នៅ​ជាមួយ​បងស្រី​ដែល​បានមក​បន្ត​ការសិក្សា​មុន​អំណត់ ២ឆ្នាំ។ យុវជន​សម្បុរ​ស្រអែម សក់រួញ​ម្នាក់នេះ បានប្រែក្លាយ​ជីវិត​ពី​ក្មេងឃ្វាលគោ ក្លាយជា​និស្សិត​ផ្នែក​ធនាគារ​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។ អំណត់ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​ប្រាក់​តែ២០០ដុល្លារ​ប៉ុណ្ណោះ ជា​ប្រាក់​បានមកពី​លក់​ស្រូវ និង​លក់​គោ របស់​ម្តាយ​ខ្ញុំ។ គាត់​ឲ្យ​មក​ខ្ញុំ​សម្រាប់​មក​រៀន​នៅ​ភ្នំពេញ។ ខ្ញុំ​អាច​បង់ថ្លៃ​សិក្សា​បានតែ១ឆមាស​ប៉ុណ្ណោះ គឺ​ត្រូវ​បង់ ១៦៥ដុល្លារ និង​ទុក​ទិញ​សៀវភៅ និង​សម្ភារ​សិក្សា​ផ្សេងទៀត»។

អំណត់ បានសម្រេច​ចិត្ត​ធ្វើការ​ជា​អ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ប្រាក់ខែ​ពី៦០-៨០ដុល្លារ។ អំណត់ ត្រូវ​ជិះ​កង់​ចំងាយ​ប្រហែលជា៥គីឡូម៉ែត្រ ពី​ផ្ទះជួល​ក្បែរ​វិទ្យាល័យ​ស​ន្ទ​រ​ម៉ុក​ទៅ​កន្លែងធ្វើការ​នៅក្បែរ​ផ្សារ​ទូល​ទំ​ពួ​ង។ ការងារ​រត់​តុ​នេះ​ចាប់​ផ្តើមធ្វើ​ពី​ម៉ោង១១ព្រឹក​ដល់​ម៉ោង៩យប់​ដោយ​គ្មាន​ម៉ោង​សម្រាក​នោះទេ។ អំណត់ បាន​សារភាព​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ដោយ​មិន​លាក់លៀម​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ពិចារណា​ជាច្រើន​ដង បើ​ខ្ញុំ​មិន​រក​ការងារ​បានធ្វើ​ទេ ខ្ញុំ​ច្បាស់​ជា​គ្មាន​ប្រាក់​បង់ថ្លៃ​សម្រាប់​ឆមាស​ទី២នោះទេ។ ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ទៅធ្វើ​ការ​ជា​អ្នករត់​តុ​ក្នុង​ភោជនីយដ្ឋាន​មួយ ដើម្បី​រកប្រាក់​ជួយ​ផ្គត់ផ្គង់​ការ​ស្នាក់នៅ និង​បង់ថ្លៃ​ការសិក្សា​របស់ខ្ញុំ​បន្តទៀត»។ និយាយ​ដល់​ជីវិត​និស្សិត​រត់​តុ​ម្នាក់នេះ ពិតជា​ខំតស៊ូ និង​មានចិត្ត​អំណត់​ដូច​ឈ្មោះ​ពិតប្រាកដ​មែន ការងារ​ដំបូង​ដែល​អំណត់​ត្រូវធ្វើ​ក្នុង​ភោជនីយដ្ឋាន​នោះ គឺ​ធ្វើជា​អ្នក​លៀង​ធ្យូង​សម្រាប់​ដាក់​ក្នុង​អាង​ត្រី ធ្វើជា​អ្នក​លាង​ត្រី និង​ជា​អ្នក​លាងចាន ជា​បន្តបន្ទាប់​ទម្រាំ​បាន​ធ្វើជា​អ្នករត់​តុ​ពិតប្រាកដ។

ការងារ​ជា​អ្នករត់​តុ​រយៈពេល៨ខែ​នេះ​អំណត់​បានបញ្ជាក់​ដោយ​មិន​ខ្មាសអៀន​ពី​ការ​ត្មះ​ដៀល និង​ការអាណិតអាសូរ​របស់​ភ្ញៀវ​មួយចំនួន​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ខ្ញុំ​លើក​ម្ហូប​ឲ្យ​ភ្ញៀវ គាត់​សួរ​ខ្ញុំ​ថា តើ​អាហារ​នេះ​ប្អូន​ធ្លាប់​ញុំ​ា​ឬ​អត់? តែ​កូន​របស់គាត់(ភ្ញៀវ)បាន​ឆ្លើយ​មក​ខ្ញុំ​ថា វា​មិន​ធ្លាប់​ស៊ី​ទេ។ ការមើល​ងាយ​មក​ខ្ញុំ​នៅពេលនោះ ខ្ញុំ​ខឹង​ចិត្តជា​ខ្លាំង ហើយ​ខ្ញុំ​គិតថា​ថ្ងៃ​ណាមួយ ខ្ញុំ​នឹងមាន​ការងារ​ល្អ ខ្ញុំ​នឹងធ្វើ​ឲ្យ​ពួកគាត់​សរសើរ​ខ្ញុំ​វិញ។ បន្ទាប់មក​មាន​ថ្ងៃ​មួយទៀត មាន​ភ្ញៀវ​របស់​អង្គការ​មួយ​ជា​ជន​ជាតិចិន គាត់​ឃើញ​ខ្ញុំ​រត់​តុ គាត់​ក៏​អាណិត​ខ្ញុំ ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​រៀន​ភាសា​ចិន​ដោយ​មិនចាំបាច់​ប្រា​ក់នៅ​កន្លែង​អង្គការ​របស់គាត់»។ 

មិនមែន​តែ​ការងារ​រត់​តុ​មួយ​មុខ​នោះទេ អំណត់ ឆ្លៀតពេល​ម្តងម្កាល ពេល​ចេញពី​រត់​តុ​ម៉ោង៩យប់ ដើម្បី​បន្តទៅ​ស៊ី​ឈ្នូ​ល​លីសែង​តុ ទូ ឲ្យ​ថៅកែ​ហាង​លក់​តុ ទូ​ម្នាក់ ដើម្បី​បាន​ប្រាក់៣-៤ពាន់​រៀល​បន្ថែម​ពី​ការងារ​រត់​តុ។ ជីវិត​ជា​និស្សិត និង​ជា​អ្នករត់​តុ ពេល​ត្រឡប់​ពី​ធ្វើការ​ទៅផ្ទះ​ជួល​វិញ​នៅ​ម៉ោង៩-១០យប់ អំណត់ មិន​ដែលមាន​កម្លាំង និង​អារម្មណ៍​មើល​មេរៀន ឬ​ធ្វើ​កិច្ចការ​សាលា​ដូច​និស្សិត​ដទៃ​នោះទេ និស្សិត​ដែល​មិនសូវមាន​អ្នក​រាប់រក​រូបនេះ​បាន​ពន្យល់ថា៖ «ពេល​ទៅ​រៀន​ក្នុង​ថ្នាក់ មាន​មិត្តភក្តិ​ក្នុង​ថ្នាក់រៀន​រើសអើង មើលងាយ មិន​ចង់​និយាយ​រក ព្រោះ​ដឹងថា​ខ្ញុំ​ជិះ​កង់ និង​ដើរទៅ​រៀន។ ខ្ញុំ​មាន​មិត្តភក្តិ​ជិតស្និទ្ធ​តែ៣នាក់​ប៉ុណ្ណោះ​ដែល​យល់​ពី​ទុក​លំបាក​របស់ខ្ញុំ​ក្នុងចំណោម​មិត្ត​រួម​ថ្នាក់​ជាង៧០នាក់​ផ្សេងទៀត»។

អំណត់​បាន​សញ្ជឹងគិត​ម្តង​ហើយ​ម្តង​ទៀតថា បើ​នៅតែ​ធ្វើការ​ជា​អ្នករត់​តុ គឺ​មិន​ទទួលបាន​បទពិសោធន៍​ទាក់ទិន​នឹង​ជំនាញ​ធនាគារ​ដែល​កំពុង​រៀន​ឡើយ អំណត់​បានសម្រេច​ចិត្ត​ឈប់​ពី​ធ្វើ​ការរត់​តុ ហើយ​ត្រូវ​ប្តូរ​វេន​ទៅ​រៀន​វេន​យប់​វិញ ដើម្បី​យក​ពេល​មក​ធ្វើជា​បុគ្គលិក​ស្ម័​ក​ចិត្រ​ក្នុង​សង្គហ​ធនាគារ CMK រយៈពេល៣ខែ ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ថ្លៃ​អាហារ​តែ៣០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។ និស្សិត​ឆ្នាំ​ទី១រូបនេះ​បាន​ពន្យល់​ពី​ទុក​លំបាក​ដែល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​របស់ខ្លួន​ថា៖ «ខ្ញុំ​ធ្លាប់​ធ្វើស្រែ កាន់​នង្គ័ល គឺ​ពិបាក​បំផុត​ហើយ តែ​ឲ្យ​ខ្ញុំ​កាន់​ក្រដាស់​មួយ​ដុំ​ទៅ​ផ្សព្វផ្សាយ​ដល់​អតិថិជន ទាំង​ខ្ញុំ​មិនចេះ និង​មិន​យល់​ពី​ការផ្សព្វផ្សាយ​សេវា​នោះ​សោះ គឺ​គេ​ឲ្យ​ខ្ញុំ​ធ្វើយ៉ាងណា​ដើម្បី​ពន្យល់​អតិថិជន​ឲ្យ​យល់​ពី​សេវាកម្ម​របស់​ធនាគារ ពេលនោះ​ខ្ញុំ​គិតថា​វា​ពិតជា​ពិបាក​ជាង​ខ្ញុំ​ធ្វើស្រែ​ទៅទៀត។ ថ្ងៃ​ខ្ញុំ​ចុះ​ផ្សព្វផ្សាយ​ដំបូង​គឺ​ខ្ញុំ​យំ​នៅមុខ​អតិថិជន ព្រោះ​ខ្ញុំ​មិនចេះ​ពន្យល់​អតិថិជន។ ក្រោយៗមក​ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ពី​ការផ្តល់​សេវាកម្ម​របស់​ធនាគារ ហាត់​និយាយ​ទល់មុខ​កញ្ចក់​ក្នុង​បន្ទប់​ជួល​មុននឹង​ទៅ​ផ្សព្វផ្សាយ​ដល់​អតិថិជន»។

ខែ​ទី​ពីរ នៃ​ការងារ​ស្ម័គ្រចិត្ត​នោះ អំណត់ គេ​តម្រូវ​ឲ្យ​ទៅ​ប្រចាំការ​នៅក្នុង​ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​ផ្សព្វផ្សាយ​ពី​សេវាកម្ម​របស់​ធនាគារ ដោយ​ត្រូវ​ត្រឡប់មកវិញ​ទៅ​ម៉ោង៥ល្ងាច ដើម្បី​ចូលរៀន​នៅ​ម៉ោង៥និង៣០នាទី។ ជីវិត​ផ្លាស់ប្តូរ​ពី​អ្នករត់​តុ មកជា​អ្នកស្ម័គ្រចិត្ត​ធ្វើការ​ខាង​ធន​គារ​វិញ​នោះបាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចេញពី​ធ្វើការ​ម៉ោង៥ល្ងាច ហើយ​ត្រូវ​រងចាំ​ឆ្លង ស្រឡាង​អរិយ​ក្សត្រ និង​ត្រូវ​ស្ទះផ្លូវ​ជាច្រើន​កន្លែង​ទម្រាំ​ដល់​សាលា គឺ​ខ្ញុំ​ចូលរៀន​មិនដែល​ទាន់​ម៉ោង​ដូច​និស្សិត​ដទៃ​ទេ យ៉ាងហោចណាស់​ក៏​យឺត១ម៉ោង ទៅ១ម៉ោង​កន្លះ​ដែរ។ ហើយ​អង្គុយ​រៀន​ក៏​រៀន​មិន​ចូល​ទៀត ព្រោះ​ហត់​អស់កម្លាំង។ តែ​ពេល​គ្រូ​សួរម្តងៗ គឺ​ខ្ញុំ​អាច​ឆ្លើយបាន ព្រោះ​ខ្ញុំ​បាន​អនុវត្តន៍​នៅ​កន្លែងធ្វើការ​ជាក់ស្តែង»។ ក្រៅពី​ការសិក្សា និង​ការងារ គឺ​ទំនេរ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​បុណ្យម្តងៗ អំណត់ ត្រូវយក​ពេលនេះ​ទៅ​ជួយ​ធ្វើស្រែ​ម្តាយ​នៅ​ស្រុកកំណើត​ទៀតផង។

អំណត់ ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ជាមួយ​បុគ្គលិក​ស្ម័គ្រចិត្ត៣នាក់​ផ្សេងទៀត​ដែល​ធ្វើការ​ជាមួយគ្នា។ អ្នក​ទាំង៣នាក់​នោះ ខ្លះ​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ និង​ខ្លះទៀត​កំពុង​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត។
នៅ​ទីបញ្ចប់​អ្នកគ្រប់គ្រង​ធនាគារ​បានជ្រើសរើស​និស្សិត​ឆ្នាំ​ទី១ គឺ អំណត់ ឲ្យ​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​ក្នុងតួនាទី​ជា​ជំនួយការ​មន្ត្រី​សាខា​ធនាគារ ខណ្ឌ​ស្ទឹងមានជ័យ។ ការវិវត្ត​ខ្លួន​ពី​ក្មេង​ភ្ជូ​រ​ស្រែ មកជា​អ្នករត់​តុ អ្នកស្ម័គ្រចិត្ត​ក្នុង​ធនាគារ​ជា​បន្តបន្ទាប់​រហូត​បាន​ធ្វើជា​អ្នកគ្រប់គ្រង​សាខា​សង្គហ​ធនាគារ CMK មកដល់​សព្វថ្ងៃនេះ អំណត់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទម្រាំ​មាន​ថ្ងៃនេះ គឺ​ដោយសារ​ការព្យាយាម​ខំ​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​ភ្នំពេញ និង​មាន​ម្តាយ និង​បងប្អូន​ជួយ​លើកទឹកចិត្ត​ខ្ញុំ​ជានិច្ច។ ណាមួយ​ដោយសារ​មិន​ចង់​ឲ្យ​អ្នកភូមិ​ខ្ញុំ​មើលងាយ​គ្រួសារ​របស់ខ្ញុំ​ថា​រៀន​គ្មាន​ប្រយោជន៍ ដូច​ធ្វើការ​រោងចក្រ​ទទួលបាន​ប្រាក់ខែ​ច្រើន​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​នៅ​កាន់​នង្គ័ល​រហូត​នោះដែរ»។

អ្នកគ្រប់គ្រង​សាខា​ធនាគារ​រូបនេះ​ក៏​មិន​ភ្លេច​លើកទឹកចិត្តប្អូនៗជំនាន់​ក្រោយ​ផងដែរ ដោយ​លោក​បាន​និយាយថា៖«យល់​ឲ្យ​បាន​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការងារ​មិន​ថា​ការងារ​តូច​ឬ​ធំ​នោះទេ ត្រូវតែ​មើល​លើ​សមត្ថភាព​ខ្លួនឯង​ជាមុនសិន។ ប្រសិនជា​ចង់បាន​ការងារ​ល្អ និង​ប្រាក់ខែ​ច្រើន គឺ​ត្រូវតែ​រៀបចំខ្លួន​ពី​តូច​ទៅ​ធំ​ដូច​ឡើង​កាំជណ្តើរ​អ៊ីចឹង​ទើប​ល្អ។ ត្រូវ​ចាំ​ថា​កុំ​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​កូន​គេ​អ្នកមាន គឺ​គួរតែ​តាំងចិត្ត​ថា​ខ្លួនឯង​ត្រូវតែ​ធ្វើ​ឲ្យ​បាន»៕




© រក្សាសិទ្ធិដោយ thmeythmey.com