ជាតិ
លោក ហោ ណាំហុង ស្នើ​ឲ្យ​អភិបាលក្រុង​ណូ​វែ​ល​សង់​ស្ដុ​ប​រចនាបថ​ខ្មែរ​តំណាង​ឲ្យ​កម្ពុជា
14, Jan 2015 , 2:11 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ស្នើ​ឲ្យ​អភិបាលក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត(Rodney M. ELLIOTT) ជួយ​រៀបចំ​សង់​ស្ដូប​បែប​រចនាបថ​ខ្មែរ​មួយ ដើម្បី​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ ។ ការស្នើសុំ​នេះ​គឺធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​រវាង លោក ហោ ណាំហុង និង​លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត អភិបាលក្រុង​ឡូ​វែ​ល របស់​អាមេរិក នៅ​ព្រឹក​ថ្ងៃទី១៤មករា​នេះ នៅ​ក្រសួងការបរទេស​កម្ពុ​ជា។



ក្នុងជំនួប​នោះ លោក​ប្រមុខ​ការទូត​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា ៖«យើង​បាន​ពិភាក្សាគ្នា​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ ដើម្បី​បង្ហាញ​ប្រាប់​អភិបាលក្រុង​ណូ​វែ​ល។ ហើយ​យើង​ក៏បាន​ស្នើ​ឲ្យ​អភិបាលក្រុង​ណូ​វែ​ល សង់​ស្ដុ​ប​មួយ​តាម​រចនាបថ​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ដើម្បី​តំណាង​ឲ្យ​ស្រុក​ខ្មែរ»។ ជាមួយ​លោក ហោ ណាំហុង ក៏បាន​ស្នើ​ឲ្យ​លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត ជួយ​ថែរក្សា​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៤ម៉ឺន​នាក់ ដែល​រស់នៅក្នុង​ទីក្រុង​ណូ​វែ​ល​ផងដែរ។

ក្រៅពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស អភិបាលក្រុង​ណូ​វែ​ល លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រី​មួយចំនួនទៀត ដោយមាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ស្ដីពី​ការបង្កើត​ចំណង​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ និង​ក្រុង​ណូ​វែ​ល​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com