ជាតិ
សង្គមជាតិ
សៀមរាប​បង្កើត​ក្រុម​អនាម័យ​បន្ថែមទៀត​ដើម្បី​សោ​ភណ្ឌ​ភាព​ទីក្រុង
14, Jan 2015 , 5:13 pm        
រូបភាព

សៀមរាប៖ បន្ទាប់ពី​មានការ​រិះគន់ ជុំវិញ​បញ្ហា​អនាម័យ​ខេត្តសៀមរាប​រួចមក ថ្នាក់ដឹកនាំ បាន​ចាត់វិធានការ និង​ពង្រឹង​បញ្ហា​អនាម័យ​នេះ​ជាថ្មី ដោយ​ក្នុងនោះ ក្រុម​សម្អាត​អនាម័យ​ថ្មី​មួយទៀត ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង ប្រែក្លាយ​ខេត្តសៀមរាប មិន​ត្រឹមតែ​ជា​ខេត្ត​ទេសចរណ៍​លេខ​មួយ​នោះទេ ថែមទៀត​ទាំង​ឲ្យ​មានឈ្មោះ​ជា​ខេត្ត ដែលមាន​បរិស្ថាន​ក៏​ស្រស់ស្អាត​ផងដែរ។



ក្រុម​អនាម័យ​ថ្មី​ដែលមាន​គ្នា​ចំនួន៩០នាក់ ត្រូវបាន​បង្កើតឡើង​ដោយ​សាលាក្រុង​សៀមរាប ដើម្បី​ជួយ​ការងារ​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​ទាំងមូល។ ក្រុម​ថ្មី​នេះ នឹង​ជំរុញ​ឲ្យ​ខេត្តសៀមរាប ឈានដល់​ការទទួលបាន​រំដួល៣ទង ជាទី​ក្រុង​ស្អាត ខណៈដែល​ឆ្នាំមុន សៀមរាប ទទួល​បានតែ២ទង​តែប៉ុណ្ណោះ។

អភិបាលខេត្ត​សៀមរាប ក្នុងឱកាស​ដឹកនាំ​ក្រុម​សម្អាត​ថ្មី​កាលពី​ថ្ងៃ​ម្សិលមិញ បាន​ឲ្យ​ដឹងថា ក្រុម​សម្អាត​ថ្មី​នេះ គ្រប់គ្រង​ផ្ទាល់​ដោយ​អាជ្ញាធរ​ក្រុង​សៀមរាប ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​សៀមរាប ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​លើសគេ ដើម្បី​ឲ្យ​សក្តិសម​នឹង​ការចង់បាន​របស់​រដ្ឋា​ភិ​បាល ក៏ដូចជា​ភ្ញៀវទេសចរ​ផង។ លោក ឃឹម ប៊ុន​សុង បន្ថែមថា កន្លងមក​ដោយសារ​ខេត្តសៀមរាប មិនទាន់មាន​ប្រព័ន្ធ​ផ្លូវថ្នល់​កៅស៊ូ​ទាំងអស់ ទើប​ធ្វើ​ឲ្យ​ការងារ​សម្អាត​រប​ស់បុ​គ្គ​លិ​ក​ក្រុមហ៊ុន​ឯកជន មិនអាច​រត់​ទាន់​បាន។ លោក ឃឹម ប៊ុន​សុង រំពឹងថា ក្រុមការងារ​ថ្មី ដែលមាន​គ្នា៩០នាក់ បូក​នឹង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ចំនួន៦៥នាក់​ទៀត ពួកគេ​នឹង​រួមគ្នា សម្អាត​ទីក្រុង​សៀមរាប ឲ្យ​មាន​ភាពស្រស់​បំព្រង​ជាក់​ជាមិនខាន។

គួរ​រំលឹក​ផងដែរ កាលពីពេលថ្មីៗនេះ ក្នុង​គោលបំណង​បង្កើន​ការងារ​សម្អាត​បរិស្ថាន ក្រសួងបរិស្ថាន​បានផ្តល់​ថវិកា​ចំនួន៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅដល់​បណ្តា​ខេត្ត​ក្រុង​រាជធានី សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការងារ​សម្អាត​បរិស្ថាន​មាន​ប្រសិទ្ធិភាព និង​ដើម្បី​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ប្រចាំ​តំបន់មួយៗផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com