ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អតីតម​ន្ត្រី​ជាន់​ខ្ពស់​​ហ្វ៊ុនស៊ិន​ប៉ិច​នឹង​វិល​ត្រ​ឡប់​​​ម​ករក​​ព្រះអង្គ​ម្ចាស់​ ​រណឫទ្ធិ​ ​វិញ​
18, Jan 2015 , 11:14 am        
រូបភាព
ភ្នំពេញ៖ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ធ្លាប់​រត់ចោល​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នឹង​វិល​ត្រឡប់មក​រួមរស់​ជាមួយ​ព្រះអង្គ​ឡើងវិញ ក្នុងខណៈ​ពេលដែល​ព្រះអង្គ​សម្រេច​ព្រះទ័យ​យាង​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ។ វត្តមាន​មន្ត្រី​ទាំងនោះ​អាច​នឹង​ត្រូវគេ​ឃើញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ក្នុងអំឡុងពេល​បើក​សមា​ជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​កោះ​ពេជ្រ។



ក្រោយ​ពេលដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បែកបាក់​ផ្ទៃក្នុង​កាលពី​ឆ្នាំ២០០៦ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាច្រើនរូប​បាន​បែកខ្ញែក​គ្នា​ដោយ​ជ្រើសរើស​ផ្លូវ​នយោបាយ​ដើរ​ខុសគ្នា។

អ្នកខ្លះ នៅ​បន្ត​រួមរស់​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អ្នកខ្លះ ដង្ហែ​តាម​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទៅ​បង្កើត​គណបក្ស​ថ្មី អ្នក​ខ្លះទៀត ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​ខ្លះទៀត ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ខ្លះទៀត មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណា​ទាំងអស់​ដោយ​រក្សា​ភាព​អព្យាក្រឹត​មួយរយៈ។ ប៉ុន្តែ​នៅពេលដែល​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាង​ត្រឡប់​ចូលមក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ មន្ត្រីជាន់ខ្ពស់​មួយចំនួន​បានសម្រេច​ចិត្ត​វិល​ត្រឡប់មក​ហ្វ៊ុនស៊ិនប៉ិច​វិញ​ដែរ។ នេះ​បើ​យោងតាម​ប្រភព​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ រណឫទ្ធិ ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ។

ប្រភព​ដដែល​បាន​អោយដឹងទៀតថា អ្នកខ្លះ​បាន​លាលែង​ជា​ផ្លូវការ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រួចហើយ។ ប៉ុន្តែ ពេលនេះ ពួកគេ​សម្រេចចិត្ត​ចូល​គណបក្ស​វិញ។ មន្ត្រី​ទាំងនោះ​ខ្លះ ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតផង។ មន្ត្រី​ដែល​ត្រូវ​ត្រឡប់​ចូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​នឹងត្រូវ​បង្ហាញមុខ​នៅ​ថ្ងៃស្អែក ចំ​ថ្ងៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បើក​សមាជ​នៅ​កោះ​ពេជ្រ​នាទី​ក្រុងភ្នំពេញ។

សមាជ​ថ្ងៃស្អែក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​សម្រេច​ជ្រើសតាំង​ព្រះអង្គម្ចាស់ រណឫទ្ធិ ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ព្រះអង្គ​ត្រូវបាន​សហការី​ធ្វើ​រដ្ឋប្រហា​បក្ស​ទម្លាក់​ព្រះអង្គ​កាលពី​ឆ្នាំ២០០៦កន្លងទៅ។

យោងតាម​គម្រោង​នៃ​មា​ជ​ថ្ងៃស្អែក ព្រះអង្គម្ចាស់ រណឫទ្ធិ នឹង​ក្លាយជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ក្សត្រិយ៍ អរុណរស្មី ជា​អនុប្រធាន​ទី១នៃ​គណបក្ស និង​លោក ញឹក ប៊ុនឆៃ ជា​អនុប្រធាន​ទី២នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច៕

 


© រក្សាសិទ្ធិដោយ thmeythmey.com