ជាតិ
លោក ស៊ីន ច័ន្ទឆាយា ស្លាប់ក្រោយបានសិទ្ធិគ្រប់គ្រងបទចម្រៀងរបស់ឪពុក៧៣បទ លោក ស៊ីន ច័ន្ទឆាយា និងម្តាយ ក្នុងពិធីទទួលច្បាប់កម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម
× លោក ស៊ីន ច័ន្ទឆាយា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ដោយសារដាច់សរសៃឈាមខួរក្បាលក្រោយរអិលដួលបោកនឹងថ្មនៅមុខផ្ទះខ្លួនឯងក្នុងសង្កាត់ទឹកល្អក់៣ រាជធានីភ្នំពេញ។ មរណភាពក្នុងអាយុ៥៧ឆ្នាំរបស់លោក ច័ន្ទ ឆាយា បានកើតឡើងត្រឹមតែជាង១ខែប៉ុណ្ណោះ បន្ទាប់ពីលោក និងក្រុមគ្រួសារទទួលសិទ្ធិលើបទចម្រៀងចំនួន៧៣បទដែលជាស្នាដៃនិពន្ធ ទំនុកច្រៀង និងបទភ្លេងដោយអធិរាជសំឡេង ស៊ីន ស៊ីសាមុត។
លោក ស៊ីន ច័ន្ទឆាយា កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣ ជាកូនម្នាក់ក្នុងចំណោម៤នាក់របស់អធិរាជសំឡេងមាសខ្មែរ លោក ស៊ីន ស៊ីសាមុត (កើតនៅឆ្នាំ១៩៣៥ និងស្លាប់នៅសម័យខ្មែរក្រហម) ជាមួយអ្នកស្រី ខាវ ថងញ៉ុត។ លោកមានបងស្រីម្នាក់ គឺអ្នកស្រី ស៊ីន យុទ្ធណា។ លោក ច័ន្ទឆាយា មានកូន៣នាក់ (ប្រុស២ ស្រី១ ) ជាមួយភរិយាឈ្មោះ សំ សាន ដែលជាអតីតអ្នកចម្រៀងផងដែរ។
ក្នុងគោលបំណងអភិរក្សស្នាដៃរបស់លោក ស៊ីន ស៊ីសាមុត ដែលជាឪពុក លោក ស៊ីន ច័ន្ទឆាយា និងក្រុមគ្រួសារបានរួមគ្នាបង្កើត «សមាគម ស៊ីន ស៊ីសាមុត»។ លោកធ្លាប់បានលើកឡើងថា ចន្លោះពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៧៥ លោក ស៊ីន ស៊ីសាមុត បានច្រៀងសរុបប្រមាណ១ម៉ឺនបទ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ពោលគឺជាងមួយខែកន្លងមក តាមរយៈពិធីមួយនៅក្រសួងពាណិជ្ជកម្ម លោក ស៊ីន ច័ន្ទឆាយា អ្នកស្រី ខាវ ថងញ៉ុត ដែលម្តាយ និងសមាជិកគ្រួសារ បានទទួលច្បាប់កម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន៧៣បទរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ ច្បាប់កម្មសិទ្ធិដែលប្រគល់ដោយផ្ទាល់ដៃពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ទទួលបានអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មលើបទចម្រៀងទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com