ជាតិ
សង្គមជាតិ
មិន​មាន​អ្នក​តំណាង​រាស្ត្រ​ផ្តល់ឈាម​នៅ​ក្នុង​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​នៅ​រដ្ឋសភា​ឡើយ​
23, Jan 2015 , 3:25 pm        
រូបភាព
អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម (NBTC) បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ«បរិច្ចាគ​ឈាម​ដើម្បី​មាតា​ជា​អ្នក​ផ្តល់ កំណើត» នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី២២មករា។ ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​មិនបាន​ទទួល​ឈាម​មួយ​ប្លោក​ពី​អ្នកតំណាងរាស្ត្រ​ឡើយ។ មានតែ​មន្ត្រី​នៃ​អគ្គលេខា ធិការដ្ឋាន​រដ្ឋ​សភា៨៧នាក់​ប៉ុណ្ណោះ​ដែល​បានផ្តល់​ឈាម។


នៅក្នុង​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​នៅ​រដ្ឋសភា​នៅ​ថ្ងៃទី២២មករា មានតែ​លោក ឈាង វុន មួយរូប​ប៉ុណ្ណោះ ដែលជា​អ្នកតំណាងរាស្ត្រ ដែល​បានមក​ចុះឈ្មោះ​ដើម្បី​ផ្តល់​ឈាម។ ប៉ុន្តែ​អ្នកតំណាងរាស្ត្រ​រូបនេះ ត្រូវបាន​បដិសេធ​ដោយ​ក្រុមការងារ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដោយសារតែ​លោក​បាន​លើស​អាយុ​កំណត់​ដែល​អាច​ផ្តល់​ឈាម​បាន។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បានកំណត់​ទទួលយក​ការផ្តល់​ឈាម​ពី​ប្រជាជន​ដែលមាន​អាយុ​ពី១៨ឆ្នាំ​ដល់៦០ឆ្នាំ​ប៉ុណ្ណោះ។

បើ​ទោះ​មិនបាន​ទទួល​អំណោយ​ឈាម​របស់​អ្នកតំណាងរាស្ត្រ​ក៏ដោយ ប៉ុន្តែ​មជ្ឈមណ្ឌល​ក៏បាន​ទទួល​អំណោយ​ឈាម៨៧ប្លោក​ពី​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ដែរ ហើយ​វា​ក៏​ជាស​ញ្ញា​ល្អ និង​ជា​រូបភាព​វិជ្ជមាន​មួយ​ដែល​សកម្មភាព​ផ្តល់​ឈាម​បាន​កើតឡើង​នៅក្នុង​ស្ថាប័ន​កំពូល​មួយ​របស់​រដ្ឋ។ នេះ​បើ​ការពន្យល់​របស់​កញ្ញា អ៊ូ បា​ណុង មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម។ មន្ត្រី​ដដែល​បានបញ្ជាក់​ប្រាប់​សារព័ត៌ថ្មីៗ យ៉ាង​ដូច្នេះ​ថា៖«យើង​មិនមាន​អ្វី​ត្រូវ​និយាយ​អំពី​ការសោកស្តាយ ដោយសារតែ​យើង​មិន​បានទទួល​ការផ្តល់​ឈាម​ពី​អ្នកតំណាងរាស្ត្រ​នោះទេ។ កន្លងមក យើង​ក៏​ទទួលបាន​ការផ្តល់​ឈាម​ជាប្រចាំ​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ដែរ។ ប៉ុន្តែ​អ្វីដែល​សំខាន់​នៅពេលនេះ គឺ​រូបភាព​នៃ​ការផ្តល់​ឈាម​ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​រដ្ឋសភា។ យើង​ទទួលបាន​ការចុះឈ្មោះ​ច្រើន​ពី​មន្ត្រី​រដ្ឋសភា ប៉ុន្តែ​ដោយសារ​អ្នកខ្លះ​ត្រូវបាន​បដិសេធ​ពី​ក្រុម​សម្ភាសន៍ ដោយសារតែ​បញ្ហា​សុខភាព​របស់​ពួកគេ ទើប​យើង​ទទួលបាន៨៧ប្លោក»។ កញ្ញា អ៊ូ បា​ណុង សង្ឃឹមថា មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នឹង​ទទួលបាន​អំណោយ​ឈាម​កាន់តែច្រើន​ពី​ស្ថាប័ន​រដ្ឋសភា​នាឱកាស​ក្រោយ​ទៀត។

ជាមួយគ្នា​នោះ កញ្ញា អ៊ូ បា​ណុង ក៏បាន​លើកទឹកចិត្ត ទៅដល់​ប្រជាពលរដ្ឋ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ស្ថាប័នឯកជន ក៏ដូចជា​មន្ត្រីរាជការ ពិសេស​យុវជន ចូលរួម បរិច្ចាគ​ឈាម​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ អ្នកជំងឺ​ដែល​ត្រូវការ​ឈាមស​ង្គ្រោះ​ជីវិត​ជាបន្ទាន់។ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​រូបនេះ បាន​សង្កត់ធ្ងន់ថា៖«ឈាម​មួយ​ដំណក់ របស់លោក​អ្នក ស្មើនឹង​ការផ្តល់​ស្នាមញញឹម ក្តីសង្ឃឹម និង​សុភមង្គល​ទៅដល់​គ្រួសារ​មួយ ឬ​ប្រទេសជាតិ​មួយ»។

នៅ​ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​គ្រោង​ប្រមូល​ឈាម​ដែលជា​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន ឲ្យ​បាន​ច្រើនជាង៥០ភាគរយ នៃ​ឈាម​ដែល​ប្រមូលបាន​សរុប ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឈាម​នៅក្នុង​ប្រទេស។ ដើម្បីឱ្យ​ការប្រមូល​ឈាម​បាន​តាម​ផែនការ​គ្រោងទុក មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នឹង​បង្កើន​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ នៅតាម​សាកលវិទ្យាល័យ អង្គការ និង​នៅតាម​មូលដ្ឋាន ដោយ​ជំរុញ​យុវជន​ឱ្យមក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្តជា​ទៀងទាត់ និង​ច្រើនដង។

នៅក្នុង​ឆ្នាំ២០១៤កន្លងទៅ NBTC ទទួល​ឈាម​បរិច្ចាគ​សរុប​ចំនួន ៥២៨៦៧ប្លោក នៅ​ទូទាំងប្រទេស ក្នុងនោះ​ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន ១៧៧៩០ប្លោក ស្មើនឹង៣៤ភាគរយ នៃ​ឈាម​ដែល NBTC ទទួលបាន។ ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ NBTC ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន ៣២,៦៤៨ប្លោក ក្នុងនោះ​ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន ១២៣៤៦ប្លោក ស្នើ​នឹង៣៨ភាគរយ នៃ​ឈាម​ដែល​បរិច្ចាគ​សរុប៕



© រក្សាសិទ្ធិដោយ thmeythmey.com