ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​កំពូល​បក្ស​ទាំងពីរ​ជួបគ្នា​វិញ​នៅ​ថ្ងៃស្អែក​បន្ទាប់ពី​លោក ហ៊ុន សែន មកដល់​កម្ពុជា
28, Jan 2015 , 1:18 pm        
រូបភាព
ដោយ:
ក្រោយពី​ប្រកាស​លើក​ពេល​ក្នុងជំនួប​ដែល​គ្រោង​ធ្វើ​កាលពី​ថ្ងៃទី ២៧ ម្សិលមិញ នៅថ្ងៃនេះ ប្រមុខ​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ជួបគ្នា​វិញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែមករា ឆ្នាំ ២០១៥ ស្អែក​នេះ ។ គម្រោង​ជួបគ្នា​នេះ បានធ្វើ​ឡើង​ស្រ​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ។



គ្រាន់តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មកដល់​ប្រទេស​កម្ពុជា​ភ្លាម មន្ត្រីកំពូលៗនៃ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណាត់​ជួបគ្នា​ជា​លើ​ដំបូង​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ នា​វិមាន​រដ្ឋសភា ក្រោយពី​ពួកគេ​សម្រេច​លុបចោល​គម្រោង​ជួបគ្នា​កាលពី​ថ្ងៃទី ២៧ ខែមករា កន្លងទៅ។ ការលុបចោល​ជំនួប​នៅ​ថ្ងៃទី ២៧ ខែមករា កន្លង​ទៅនោះ ត្រូវ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយលើកឡើងថា អាច​បណ្តាលមកពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មានវត្ត​មាន​​នៅក្នុង​ប្រទេស ដែលជា​ការលំបាក​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត​មួយ​របស់​តំណាង​មេដឹកនាំ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅថ្ងៃនេះ ជំនួប​នៅ​ថ្ងៃស្អែក​នេះ ខាង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ស ខេង ជា​ប្រធាន អនុប្រធាន​ពីររូប គឺ លោក គាត ឈន់ លោកស្រី ម៉ែន សំអន ។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក សម រង្ស៊ី ជា​ប្រធាន លោក កឹម សុខា ជា​អនុប្រធាន និង​លោក យឹម សុវណ្ណ ជា​លេខាធិការ ។

យ៉ាងណាក៏ដោយ​ជំនួប​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស​ទាំងពីរ​ស្អែក​នេះ គេ​នៅ​មិនទាន់​ដឹង​ពី​ប្រធានបទ​ដែល​ត្រូវ​ពិភាក្សាគ្នា​ឲ្យ​ច្បាស់​នោះឡើយ។  លោក យឹម សុវណ្ណ តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ​ផង​នោះ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ នៅថ្ងៃនេះ។

សូមបញ្ជាក់ថា ជំនួប​របស់​មេដឹកនាំ​តំណាងរាស្ត្រ​បក្ស​ទាំងពីរ​នៅ​ថ្ងៃស្អែក​នេះ ធ្វើឡើង​ក្រោយពី​ប្រធានរដ្ឋសភា លោក ហេង សំរិន បានប្រកាស​ទទួលស្គាល់​លោក ស ខេង ជា​ប្រធាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ជា​ប្រធាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា កាលពី​ថ្ងៃទី ២០ ខែមករា កន្លងទៅ៕  

© រក្សាសិទ្ធិដោយ thmeythmey.com