កីឡាជាតិ
ជាតិ
ជម្រើស​ជាតិ​សាក​ជើង​ជាមួយ ស្វាយរៀង មុន​ប៉ះ​ក្រុម​​មក​ពី​កូរ៉េខាងត្បូង
05, Feb 2015 , 12:00 pm        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​ចាប់​ប្រមូល​ផ្ដុំ​ពី​ថ្ងៃ​ទី ២ មក​ម៉្លះ​នៅ​ទីលាន​មជ្ឈ​មណ្ឌល និង សាលា​បាល់ទាត់​ជាតិ​ទន្លេបាទី នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ខេត្ត​ស្វាយរៀង នៅ​វេលា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃ​ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ​​នៅ​ទីលាន​ហ្វឹកហាត់​របស់​ខ្លួន​មុន​ចេញ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ Hwaseong FC មក​ពី​ប្រទេស​កូរ៉េខាងត្បូង។



សម្រាប់​ក្រុម​ជម្រើស​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon មាន​ពេល​ហ្វឹកហាត់​ជុំ​គ្នា​ចំនួន ៥ ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​​​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ប៉ុន្ដែ​ក្នុង​ពេល​ហ្វឹកហាត់​នោះ​ក៏​មាន​ប្រកួត​សម​ជើង​ដំបូង​សិន​ដែរ ដោយ​ជ្រើសរើស​យក​ស្វាយរៀង មក​សាក​សមត្ថភាព។


កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Hwaseong FC នៅ​វេលា​ម៉ោង ៥:៣០ នាទី​​ល្ងាច​ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាង​មុខ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ព្រម​ទាំង​ផ្សាយផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ BTV ថែម​ទៀត​ផង។ ចំណែក​តម្លៃ​សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ ២០០០ រៀល​ចំពោះ​កន្លែង​មាន​កៅអី​អង្គុយ ហើយ ៥០០ រៀល​សម្រាប់​អ្នក​ឈរ​ទស្សនា។

ចំណែក​ក្រុម​ខេត្ត​ស្វាយរៀង នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់​ខ្លួន​ដែរ ដើម្បី​ត្រៀម​ប្រកូត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់ Hun Sen Cup 2015 លើ​ទឹក​ដី​របស់​ខ្លួន នៅ​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ជាមួយ​ក្រុម​ត្រាយអាស៊ី​ភ្នំពេញ វេលា​ម៉ោង​ ៦:៣០ នាទី​ល្ងាច។ កីឡាករ​សមាជិក​​ក្រុម​ខ្លួន​ល្អៗ ចំនួន ៤ នាក់​មាន ប្រាក់ មុន្នីឧត្តម សឿយ វិសាល មួន ណារ៉ា និង ហួយ ផល្លីន បាន​ជាប់​ក្នុង​បញ្ជី​ក្រុម​ជម្រើស​ជាតិ​បាត់​ទៅ​ហើយ៕



លទ្ធផល​ឈ្នះ ឬ ចាញ់ សម្រាប់​ការ​ប្រកួត​រសៀល​​នេះ​សុទ្ធ​ផ្ដល់​ផល​វិជ្ជមាន​ដល់​ក្រុម​ទាំង ២ ដើម្បី​កែ​តម្រូវ​ក្រុម​ខ្លួន​មុន​ការ​ប្រកួត​​សំខាន់​មក​ដល់។




© រក្សាសិទ្ធិដោយ thmeythmey.com