ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន ​ស្នើ​​រថយន្ត​ឈ្នួល​​បញ្ចុះ​​ថ្លៃ​​សេវា​ ស្រប​​នឹង​​តម្លៃ​​ប្រេង​​ធ្លាក់​ចុះ​
10, Feb 2015 , 12:28 pm        
រូបភាព
ដោយ:
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​ទាំងអស់ បញ្ចុះ​ថ្លៃ​សេវាកម្ម ស្រប​នឹង​ការធ្លាក់ចុះ​តម្លៃ​ប្រេងសាំង។ លោកនាយក រដ្ឋមន្ត្រី​បាន​អំពាវនាវ​របស់​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង ៤ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ។


នៅ​ចំពោះមុខ​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ជា​ចំងល់​ចំពោះ​ម្ចាស់​រថយន្តឈ្នួល​ដែល​មិន​ព្រម​ទម្លាក់​ថ្លៃឈ្នួល បើទោះជា​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ជាទូទៅ​ហើយក៏​ដោយ។

កាលពី​​ថ្ងៃទី៣០ ខែមករា កន្លងមកនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​បញ្ចុះតម្លៃ​សំបុត្រ​រថយន្ត​ដឹក​អ្នកដំណើរ​ផងដែរ។ សេចក្តីអំពាវនាវ​ស្តីពី​ការបញ្ចុះ​តម្លៃ​សំបុត្រ​ជិះ​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​នោះ បាន​ផ្សាយ​ថា​មួយរយៈ​កន្លងមកនេះ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​សង្កេតឃើញថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ទាប មូល​ហេតុនេះ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា​ក៏បាន​ធ្លាក់ចុះ​ទាប​ជាង​មុន​ដែរ ចាប់​ពីមុន ៥២០០រៀល មក​នៅត្រឹម ៣៦០០រៀល​ក្នុង​មួយ​លីត្រ។

ក្នុង​សំណុំរឿង​តម្លៃ​ប្រេង​នេះ​ដដែល ប្រមុខ​រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់​តម្លៃ​ប្រេង​បន្ថែមទៀត​ដែរ។ ទន្ទឹមគ្នានេះ​លោក​ក៏បាន​ណែនាំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្កើត​កញ្ចប់​មួយ​សម្រាប់​ទិញ​ប្រេងសាំង ស្តុក​ទុក សម្រាប់​ផ្គត់ផ្គង់ ការងារ​រដ្ឋ​ទូទាំងប្រទេស៕


© រក្សាសិទ្ធិដោយ thmeythmey.com