ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ជាង​៣០០​នាក់​ បាន​​ចុះ​ឈ្មោះ​​ចូល​រួម​«សន្និបាត​​បញ្ញវន្ត​​ពិភពលោក​»​ របស់ ​idp​
13, Feb 2015 , 11:34 am        
រូបភាព
លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​ idp Education ប្រចាំ​ប្រទេស​កម្ពុជា
លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​ idp Education ប្រចាំ​ប្រទេស​កម្ពុជា
មនុស្ស​ជាង៣០០នាក់​ចម្រុះ​ជាតិ​សាសន៍ និង​មកពី​វិស័យផ្សេងៗ ​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង«សន្និបាត​បញ្ញវន្ត​ពិភពលោក»លើកទីមួយ ដើម្បី​ស្តាប់​បទ​អន្តរាគមន៍​លើ​វិស័យ​ជំនាញ​នានា​របស់​វាគ្មិន​ចម្រុះ​ជាតិ​សាសន៍ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​បានបញ្ចប់​ការសិក្សា​មកពី​បរទេស។ លោក ម៉ៅ ស្រេង ប្រធាន​ស្ថាប័ន idp Education ប្រចាំ​ប្រទេស​កម្ពុជា ដែលជា​អ្នករៀបចំ​កម្មវិធី​អន្តរជាតិនេះ​ បានផ្តល់​សម្ភាសន៍​ដល់​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ដើម្បី​និយាយ​អំពី​សារៈប្រយោជន៍​នៃ​សន្និបាត​នេះ។


សូម​ស្តាប់​បទសម្ភាសន៍​ជា​សំឡេង



លោក លាង ដឺ​លុច៖ នៅ​ថ្ងៃអាទិត្យ​ទី១៥កុម្ភៈ​ចុង​សប្តាហ៍​នេះ សន្និបាត​ដ៏​ធំ​លើកទីមួយ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Global Alumni Convention ដែល​រៀបចំ​ដោយ​ស្ថាប័ន idp Education នឹងត្រូវ​ប្រព្រឹត្តិ​ទៅដោយ​មានការ​ចូលរួម​ពី​អតីត​និស្សិត​ខ្មែរ​នៅ​បរទេស​ជាច្រើន អ្នកជំនាញ​បរទេស និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ផងដែរ ដើម្បី​និយាយ ឬក៏​ចែករំលែក​ពិសោធន៍ និង​ចំណេះដឹង​លើ​ប្រធានបទសំខាន់ៗជាច្រើន។ មុននឹង​យើង​និយាយ​អំពី​សារៈសំខាន់ ឬ​គោលដៅ​នៃ​សន្និបាត​នេះ ខ្ញុំ​ចង់ដឹង​ជាដំបូង​អំពី​សាវតា​នៃ​គំនិត​ផ្តួចផ្តើម​រៀបចំ Global Alumni Conventionនេះ តើ​វា​កើតឡើង​យ៉ាងដូចម្តេច?

លោក ម៉ៅ ស្រេង៖ ខ្ញុំ​សូម​ជម្រាប​ពី background ខ្លះៗ ថា​តើ​ហេតុអ្វី​បានជា​យើង​បង្កើត​គំនិតរៀបចំ​សន្និបាតនេះ។ Global Alumni Convention មាន​គោលបំណង​ប្រមូល​អតីត​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ពី​បរទេស ក្នុងនោះ​មាន​ប្រទេស​អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង​ចក្រភព​អង់គ្លេស។ ពួកគេ​នឹង​មកជួប​ជុំគ្នា ដើម្បី​ចែករំលែក​ពិសោធន៍ និង​រឹតចំណង​មិត្តភាព ហើយ​យើង​បាន​អញ្ជើញ​ស្ថាប័ន​ពាណិជ្ជកម្ម​នានា​នៃ​ប្រទេស​ទាំង៥នេះ​មក​ចូលរួម​ផងដែរ។ សន្និបាត​នេះ​ក៏មាន​ការសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​បណ្តា​ស្ថានទូត​​ទាំង៥ប្រចាំ​កម្ពុជា​។ ហើយ​ដូច​លោក​មានប្រសាសន៍​អ៊ីចឹង គឺមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល។ នេះ​ជា​គោលបំណងធំៗនៃ​សន្និបាត។ ហេតុអ្វី​បានជា​យើង​បង្កើត​កម្មវិធី​នេះ​ឡើង? ខ្ញុំ​សូម​ជម្រាប​ដែរ​ថា idp Education ជា​ស្ថាប័ន​ធំជាងគេ​ក្នុង​ពិភពលោក លើ​ផ្នែក​ផ្តល់​សេវាកម្ម​អប់​រំជា​លក្ខណៈ​អន្តរជាតិ ដល់​និស្សិត​បរទេស​ទាំងឡាយណា​ដែល​ចង់​បង្កើន​ចំណេះដឹង​ផ្នែក​សិក្សាធិការ ឬ​ជំនាញ​របស់គេ​នៅក្នុង​ប្រទេស​ទាំង៥នេះ។ ហើយដោយ​សារ​យើង​ឃើញថា ចំនួន​កូនសិស្ស ឬ​និស្សិត​កម្ពុជា​យើង​បន្ត​ចាកចេញ ទៅ​ប្រទេសផ្សេងៗ ដើម្បី​យក​បទពិសោធន៍​លើ​វិស័យ​សិក្សាធិការ​អប់រំ​កាន់តែច្រើនទៅៗ ហើយ​ពេល​ពួកគាត់​ត្រឡប់មកវិញ យើង​ក៏មាន​គំនិត​ថា ចង់​ឲ្យ​ពួកគាត់​មានឱកាស​បាន​ជួបគ្នា មួយឆ្នាំ​ម្តង​យ៉ាងហោចណាស់ ដើម្បី​ពួកគេ​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា ពិភាក្សា​វែកញែក ក្នុង​អាជីព និង​ក្នុង​វិស័យ​ជំនួញផ្សេងៗ ដើម្បី​លើក​កំពស់​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

លោក លាង ដឺ​លុច៖ ការរៀប​ចំនេះ បានចាប់ផ្តើម​ផ្សព្វផ្សាយ​ជា​ផ្លូវការ​តាំងពី​ខែសីហា ដើម្បី​រក​អ្នក​ជួយឧបត្ថម្ភ និង​ប្រកាស​ចុះឈ្មោះ​អ្នក​ចង់​ចូលរួម​ពី​ខែតុលា​ឆ្នាំ២០១៤ ។ នៅសល់​តែ២ថ្ងៃ​ទៀត​ទេ ថ្ងៃ​សន្និបាត​នឹង​មកដល់។ តើ​លោក​បានទទួល​ចំនួន​អ្នកចូលរួម​ប៉ុន្មាន​នាក់​ដែរ? តើ​ពួកគេ​ជា​អ្នកណា មកពី​មជ្ឈដ្ឋាន​ណាខ្លះ?

លោក ម៉ៅ ស្រេង៖ ដូច​លោក​មានប្រសាសន៍​អ៊ីចឹង សម្រាប់​កម្មវិធី​កម្រិត​អន្តរជាតិ​បែបនេះ ថ្វី​ដ្បិត idp មានបទពិសោធន៍​រៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ប្រទេសផ្សេងៗទៀត ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម តែ​យើង​ត្រូវការ​ពេលវេលា​យូរ ដើម្បី​ឲ្យ​កម្មវិធី​នេះ មាន​លក្ខណៈ​ល្អប្រសើរ និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន។ ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​មកដល់​ថ្ងៃនេះ (ព្រហស្បតិ៍) មាន​ប្រហែល៣០០នាក់​ហើយ។ យើង​សង្ឃឹមថា​មានការ​ចុះឈ្មោះ​បន្ថែមទៀត ដើម្បី​មានឱកាស​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​ដ៏​ធំ​នេះ។

លោក លាង ដឺ​លុច៖ ពួកគេ​ជា​អ្នកណា? មាន​បរទេស​ច្រើន​ទេ? ឬក៏​ភាគច្រើន​ជា​ជនជាតិខ្មែរ?

លោក ម៉ៅ ស្រេង៖ បាទ​អរគុណ។ កម្មវិធី​នេះ បើកទូលាយ​សម្រាប់​អតីត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​ទាំង៥ ។ អ៊ីចឹង មិនមែន​សម្រាប់តែ​ជនជាតិខ្មែរ​ទេ ក៏មាន​ជនជាតិ​ដទៃទៀត​ដែល​បានបញ្ចប់​ការសិក្សា​ក្នុងប្រទេស​ទាំង៥ ក៏​ពួកគេ​អាច​ចូលរួម​បានដែរ។ យើង​ក៏​បើកទូលាយ​ដល់​អ្នកដឹកនាំ​ខាង​ផ្នែក​ធុរៈកិច្ច ឬ​ជំនួញ សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា ស្ថានទូត​ជាដើម។ ដូច្នេះ ចំនួន៣០០នាក់​ដែល​ចុះឈ្មោះ ពួកគេ​សឹងតែ​មកពី​គ្រប់​ស្ថាប័ន និង​វិស័យ​ទាំងអស់ និង​មាន​ជនជាតិ​ចម្រុះផ្សេងៗគ្នា។

លោក លាង ដឺ​លុច៖ មាន​អ្នកចូលរួម​រហូតដល់​ជាង៣០០នាក់ សម្រាប់​លោក​ដែល​ជា​អ្នករៀបចំ តើ​នេះ​គឺជា​ជោគជ័យ​មួយ​ហើយ​ឬ​នៅ?

លោក ម៉ៅ ស្រេង៖ ដោយសារតែ Global alumni Convention ទើបតែ​ផ្តួចផ្តើម​ធ្វើជា​លើកទីមួយ​នៅ​ប្រទេស​កម្ពុជា ហើយ​មានការ​ចូលរួម​ប៉ុណ្ណឹង ខ្ញុំ​យល់ថា​វា​ជា​ចំនួន​មួយ ដែល​យើង​គួរតែ​សប្បាយចិត្ត​ជាមួយ និង​បន្ត​ជំរុញ​ឲ្យ​មានកម្ម​វិធី​នេះ​ប្រព្រឹត្តិ​ទៅទៀត​នៅ​ឆ្នាំខាងមុខៗ ។ ខ្ញុំ​ក៏​សូម​ជម្រាបជូន​ផងដែរ​ថា នៅក្នុង​ឆ្នាំ​បន្ទាប់​ទៀត ក៏​នឹងមាន​ការលើកទឹកចិត្ត​ដល់​និស្សិត ឬ​អតីត​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​តំបន់​ដទៃទៀត ព្រមទាំង​ប្រទេស​នានា​ក្នុង​សហភាព​អឺរ៉ុប និង​អាស៊ី​ផងដែរ។

លោក លាង ដឺ​លុច៖ និយាយ​អំពី​គោលដៅ ឬ​គោលបំណង​អំពី​ការរៀបចំ​សន្និបាត​នេះ​បន្ថែមទៀត។ ក្នុង​ដំណើរការ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី១៥កុម្ភៈ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ខ្ញុំ​ឃើញ​មាន​វាគ្មិន​មិនតិចជាង៣០រូប​ទេ ដែលជា​អតីត​និស្សិត​មកពី​ប្រទេស​អូស្ត្រាលី ញូ​ហ្ស៊ី​លេន អាមេរិក បារាំង ជាដើម ត្រូវធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ ជាច្រើន​ដូចជា ភាពជោគជ័យ និង​ឧបសគ្គ​របស់​សហគ្រិន​វ័យក្មេង ទេសចរណ៍ និង​បដិសណ្ឋាកិច្ច និង​វិស័យ​អប់រំ​ក្នុង​រយៈពេល៥ខាងមុខ​ជាដើម។ តើ​លោក រំពឹង​ទទួលបាន​អ្វី​ពីស​ន្និបាត​នេះ? ឬក៏​ថា​អ្វី​ជា​គោលដៅ​នៃ​សន្និបាត ក្រៅតែពី​ការ​ផ្តល់ឱកាស​ឲ្យ​អតីត​និស្សិត​មកពី​បរទេស​បាន​ជួបជុំគ្នា?

លោក ម៉ៅ ស្រេង៖ ការជួប​ជុំគ្នា​នេះ មិន​ត្រឹមតែ​បង្កលក្ខណៈ​ផ្តល់​ឲ្យ​អ្នកចូលរួម​ទទួលបាន​ប្រយោជន៍​ជា​លក្ខណៈ​បុគ្គល​ទេ វា​ក៏បង្ក​លក្ខណៈ​ឲ្យ​មានការ​ពិភាក្សា​លើ​កម្មវិធីផ្សេងៗ រួមទាំង​ការវិនិយោគ​ពី​ប្រទេស​ដទៃទៀត និង​ការ​លើ​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ការជំរុញ​ឲ្យ​មាន​វប្បធម៌​ជជែក​គ្នា​ទូលំទូលាយ​ជាងមុន បន្ទាប់ពី​សន្និបាត​នេះ។

លោក លាង ដឺ​លុច៖ តើ​វាគ្មិន​ត្រូវ​និយាយ​អំពី​ប្រធានបទ​ទាំងនោះ​បែប​ទ្រឹស្តី​ទូលំទូលាយ ឬក៏ idp បានស្នើ​ឲ្យ​ពួកគាត់​និយាយ​ភ្ជាប់​បរិបទ​របស់​កម្ពុជា​ឲ្យ​បាន​ច្រើនជាង?

លោក ម៉ៅ ស្រេង៖ កម្មវិធី Global alumni Convention ថ្វីដ្បិតតែ​យើង​កៀងគរ ប្រមែប្រមូល​និស្សិត​ដែល​រៀន​ចប់​ពី​បរទេស​មែន ឬ​ជនជាតិ​បរទេស​បន្ថែម​ពីលើ​ជនជាតិខ្មែរ​មែន ប៉ុន្តែ​ប្រធានបទសំខាន់ៗ គឺ​ផ្តោតទៅលើ​បរិបទ​នៃ​ប្រទេស​កម្ពុជា។ ហើយ​ដោយសារតែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៥នេះ ការពិភាក្សា​មួយចំនួន​ក៏​ផ្តោតទៅលើ​ក្របខណ្ឌ​អាស៊ាន​ផងដែរ។

លោក លាង ដឺ​លុច៖ មាន​វាគ្មិន​មួយចំនួន ដូចជា​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តម​តំណាងរាស្ត្រ ហ៊ុន ម៉ា​នី និង ឯកឧត្តម​រដ្ឋមន្ត្រីបរិស្ថាន​ សាយ សំ​អាល់​ជាដើម ដែល​នឹងមាន​វត្តមាន​នៅក្នុង​សន្និបាត​នោះ។ តើ​លោក​អាច​ពន្យល់​បានទេ​ថា ពួកគាត់​មាន​វត្ត​មាននៅ​ទីនោះ ដោយសារ​គ្រាន់តែ​ជា​អតីត​និស្សិត​មកពី​បរទេស​ទេ ឬក៏​មុខងារ និង​តួនាទី​របស់​ពួកគាត់ វា​មាន​សារៈសំខាន់​ក្នុងការ​គោលដៅ​នៃ​ការរៀបចំ​សន្និបាត​នេះដែរ?

លោក ម៉ៅ ស្រេង៖ ការជ្រើសរើស​វាគ្មិន ជាពិសេស​ថ្នាក់ដឹកនាំ​ពី​រដ្ឋាភិបាល ឬ​ពី​ស្ថាប័ន​ជំនួញ​ក្នុង​សន្និបាត​នេះ គឺ​មានការ​ផ្តោតទៅលើ ប្រវត្តិ​នៃ​ការសិក្សា​របស់​ពួកគាត់ ទីមួយ។ ដូច​លោក​មានប្រសាសន៍​អ៊ីចឹង វាគ្មិន​មកពី​រដ្ឋាភិបាល សុទ្ធ​តែមាន​ប្រវត្តិ​ធ្លាប់បាន​សិក្សា​នៅ​បរទេស ពិសេស​ប្រទេស​ទាំង៥ ។ ទី២ ដោយសារតែ​តួនាទី​ដែល​ពួកគាត់​កំពុងមាន​សព្វថ្ងៃ លើ​វិស័យ​អាទិភាព​មួយចំនួន ហើយវិស័យទាំងនោះ​ គឺជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​នៅក្នុង​សន្និបាត​លើកទីមួយ​នេះដែរ ដូច្នេះ​ពួកគាត់អាច​យក​ពិសោធន៍​មកចែករំលែក​នៅ​ក្នុង​សន្និបាតជាមួយ​អ្នកចូលរួម​​បាន។



© រក្សាសិទ្ធិដោយ thmeythmey.com