ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ស្នើ​លោក ស ខេង ឲ្យ​បន្ដ​ទិដ្ឋាការ​ជូន​លោក អា​ឡិច
17, Feb 2015 , 9:44 am        
រូបភាព

 
ក្នុងឋានៈ​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា លោក សម រង្ស៊ី បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និង​ជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅ​រដ្ឋសភា ត្រួតពិនិត្យ​ឡើងវិញ​នូវ​ការសម្រេច​របស់​នាយក​ដ្ឋា​ន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​មិន​បន្ដ​ទិដ្ឋាការ​ជូន​លោក អា​ឡិច​សាន់​ត្រូ ហ្គ​ន់​សា​ឡេស ដេវីត​សុន ជនជាតិ​អេស្បាញ ដោយ​តម្រូវ​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា។ នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី១៦ កុម្ភៈ របស់លោក សម រង្ស៊ី ។



លោក សម រង្ស៊ី យល់ឃើញថា លោក អា​ឡិច មិនមែនជា​ឧក្រិដ្ឋជន និង​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ធ្ងន់ធ្ងរ ដែល​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា​នោះទេ។ ហើយ​លោក​ថា កន្លងមក​បុរស​ជនជាតិ​អេស្បាញ​រូបនេះ ចេះ​គោរព​វប្បធម៌ និង​ប្រពៃណី​របស់​កម្ពុជា ជាពិសេស​លោក អា​ឡិច​បាន​ចូលរួម​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន និង​សិទ្ធិ​របស់ខ្លួន​កាន់តែច្បាស់​ទៀតផង។

ជាមួយគ្នានេះ​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​សភា​រូបនេះ​ក៏​សុំ​អន្តរាគមន៍​ឲ្យ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បន្ដ​ទិដ្ឋាការ​ឲ្យ​លោក អា​ឡិច ដើម្បី​ឲ្យ​មាន​សិទ្ធិ​ស្នាក់នៅ និង​មាន​សិទ្ធិ​បន្ដសកម្មភាព​ស្របច្បាប់ និង​អហិង្សា​នៅក្នុង​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា​បន្ដទៀត។

គួរបញ្ជាក់ លោក អា​ឡិច ហ្គ​ន់​សា​ឡេស ប្រធាន​ចលនា​មាតា​ធម្មជាតិ ត្រូវ​ប្រឈមមុខ នឹង​ការចាប់ខ្លួន​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២០កុម្ភៈ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បានសម្រេច​ចិត្ត​មិន​បន្ត​ទិដ្ឋាការ​អោយ​រូបលោក បន្ដ​រស់នៅ​ប្រទេស​កម្ពុជា​ទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com