ជាតិ
សង្គមជាតិ
គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ភាគច្រើន​បាន​បិទទ្វារ​ក្នុង​ពិធី​ចូលឆ្នាំ​ចិន
18, Feb 2015 , 2:17 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ ទោះបីជា​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី១៨ កុម្ភៈ​នេះ​ក្តី ក៏​គ្រឹះស្ថានសិក្សា​ថ្នាក់​កម្រិត​បឋម រហូតដល់​ឧ​ត្ត​មសិ​ក្សា ទាំង​រដ្ឋ និង​ឯកជន​ស្ទើរ​ទាំងអស់​បាន​បិទទ្វារ​ស្ងាត់ជ្រងំ។ គ្រឹ​ស្ថាន​សិក្សា​ខ្លះ មាន​សិស្ស​មក​រៀន តែ​គ្រូ​មិន​មក​បង្រៀន។ អ្ន​ន​តាមដាន​ផ្នែក​អប់រំ បាន​លើកឡើងថា រដ្ឋាភិបាល​មិនមាន​ចំណាត់ការ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បញ្ហា​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតភាព​ការងារ​របស់​គ្រឹះស្ថានសិក្សា​ទាំងនោះ។



អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ២០១៥ នេះ សិស្ស និស្សិត​ទាំង​ជាប់ និង​មិន​ជាប់សែស្រឡាយ​ចិន ភាគច្រើន​មិនបាន​មក​សិក្សា​នោះឡើយ។ សិស្ស និស្សិត​ខ្លះ​បាន​លើកឡើងថា ពួកគេ​មក សិក្សា​ដែរ តែ​មិនមាន​គ្រូបង្រៀន​ខ្លះ​ទៀតថា​គ្រូ​មក​បង្រៀន​តែ​សិស្ស​មិន​មក​សិក្សា។ហើយក៏​មាន សាលា​មួយចំនួន​បានអនុញ្ញាត​ឲ្យ​សិស្ស​ឈប់សម្រាក​តែម្តង។

យុវជន រិ​ន ជា​សិស្ស​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក បាន​និយាយថា នៅថ្ងៃនេះ ខ្លួន​ទៅ​សិក្សា​ដូច​ថ្ងៃ​ធម្មតា​ដែរ តែ​សិស្ស​ភាគច្រើន​មិន​បានមក​សិក្សា ហើយ​គ្រូ​ក៏​មិន​មក​បង្រៀន​ដែរ។ យុវ​សិស្ស សម្បុរ​ស្រអែម មិន​ជាប់សែស្រឡាយ​ចិន​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា ៖«ខ្ញុំ​ទៅ​រៀន​ដែរ​នៅ​ព្រឹក​មិញ​នេះ តែ​គ្រូ​អត់​រៀន ហើយ​សិស្ស​ភាគច្រើន​មិន​មកទៀត។ សាលារៀន​ដែល​ធ្លាប់​តែមាន​សិស្ស​មក​សិក្សា​ពី៦០០ ទៅ ៧០០ តែ​ថ្ងៃនេះ​មានតែ​ជាង ៥០ នាក់»។

មិន​ខុសពី​យុវជន​ខាងលើ​ទេ​វិសាល ជា​និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី ៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​រៀបរាប់ថា កន្លងមក​និស្សិត​ភាគច្រើន មិន​បានមក​សិក្សា​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ឡើយ ដូច្នេះ​សាលា​បានអនុញ្ញាត​ឲ្យ​និស្សិត​សម្រាក​តែម្តង។ តែ​យ៉ាងណា លោក​បន្តថា បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ ចំពេល​និស្សិត​ប្រឡង តែ​សាលា​លើក​ពេល​ប្រឡង​ទៅវិញ។
និស្សិត​រូបនេះ អះអាង​ដូច្នេះ​ថា៖« តាមពិត​ពេលនេះ​សាលា​ត្រូវ​ប្រឡង​ឆមាស​ទី ១ ដោយ​ប្រឡង​មួយថ្ងៃ ខាន​មួយថ្ងៃ តែដោយសារ​ចំ​បុណ្យចូលឆ្នាំ​ចិន សាលា​ក៏​សម្រេច​លើក​ពេល​ប្រឡង​មួយ​សប្តាហ៍ ពោលគឺ​ថ្ងៃ​ចន្ទ​ក្រោយ​បាន​ប្រឡង​បន្តទៀត។ វា​ស្ទើរតែ​ក្លាយជា​ទំនៀម​ទំលាប់​ហើយ បើ​សាលា​ប្រឡង​ថ្ងៃនេះ ក៏​ពិបាក​ដែរ ព្រោះ​និស្សិត​ភាគច្រើន​ជាប់​សែ​ចិន» ។

ជាមួយគ្នានេះ កញ្ញា រឿន សេរី​រ័ត្ន ជា​និស្សិត​ឆ្នាំ​ទី២ នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល បាន​និយាយថា មិត្តភក្តិ​រួម​ថ្នាក់​ភាគច្រើន​របស់​នាង​ជាប់​សែន​ចិន ដូច្នេះ​មិនមាន​អ្នក ណា​ទៅ​សាលា​នោះទេ។ «អ្នក​កាន់​កិច្ចការ​និស្សិត​នៅ​សាលា​បាន​ប្រាប់​ឲ្យ​និស្សិត​ឈប់សម្រាក នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នេះ ដោយសារ​និស្សិត​ភាគច្រើន​មិន​មក​រៀន ម្យ៉ាងទៀត​បើ​និស្សិត​មក​រៀន ក៏​គ្មាន​គ្រូបង្រៀន នោះដែរ»។ នេះ​ជាការ​បញ្ជាក់​របស់​និស្សិត​វ័យ ២០ឆ្នាំ រូប​ខាងលើ ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​មានប្រសាសន៍ថា ស្ថានភាព​ឈប់​សម្រាប់​សាលារៀន​រដ្ឋ និង​ឯកជន​បែបនេះ​កើតមាន​ជាង ៨០ភាគរយ​ជា​រៀងរាល់ឆ្នាំ។ ការឈប់​សម្រាក​ខុស ប្រតិទិន​ខ្មែរ​នេះ លោក រ៉ុង ឈុន ចាត់ទុកថា បណ្តាលមកពី​កង្វះ​ការចូលរួម​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​បង្រៀន សិស្ស និស្សិត ពិសេស​នោះ​គឺ ចំណាត់ការ​របស់​មេដឹកនាំ​ប្រទេស។

លោក​ប្រាប់​សារព័ត៌មានថ្មីៗបែបនេះ​ថា៖«កម្ពុជា​ប្រកាន់យក​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ គឺ​យើង​មិនអាច​រារាំង​ជំនឿ ប្រពៃណី សាសនា​នោះទេ តែ​យើង​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​បុណ្យ​ទាំងនោះ ប៉ះពាល់​ដល់​ផលិតភាព ការងារ តាម​គ្រឹះស្ថានសិក្សា និង​គ្រឹះ​សា្ថ​ន​រដ្ឋ»៕



© រក្សាសិទ្ធិដោយ thmeythmey.com