ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចូលឆ្នាំ​ចិន៖ សាលារៀន៨០%បិទទ្វារ
19, Feb 2015 , 4:01 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុង​រដូវចូលឆ្នាំ​ចិន និង​វៀតណាម​នេះ ផ្សារ​មួយចំនួន​សម្រេចចិត្ត​បិទទ្វារ ក្រុមហ៊ុន​មួយចំនួន​សម្រេចចិត្ត​បិទទ្វារ មន្ទី​ក្រសួង​ស្ថាប័នរដ្ឋ​មួយចំនួន​បន្ត​បើកទ្វារ តែ​មិនសូវមាន​មន្ត្រី​មក​ធ្វើការ។ ស្ថាប័នរដ្ឋ​ខ្លះ មាន​វត្តមាន​មន្ត្រី តែ​គ្មាន​វត្តមាន​ប្រធាន។ សាលារៀន​ឯកជន និង​រដ្ឋ៨០%បាន​បិទទ្វារ​ជា​ស្ថាពរ។



«ខ្ញុំ​មិន​ទៅធ្វើ​ការ​ទេ ពីព្រោះ គ្មាន​នរណា​មក​ធ្វើការ​ច្រើន​ផង»។ នេះ​គឺជា​បញ្ជាក់​របស់​មន្ត្រីរាជកា​រ​ម្នាក់​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ ហើយ​សម្រេចចិត្ត​មិន​ទៅធ្វើ​ការបម្រើ​រដ្ឋ​ដោយសារតែ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។

មន្ត្រីរាជការ​នៃ​ក្រសួង​ផ្សេង​ម្នាក់ទៀត​ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ​ដែរនោះ បាន​និយាយ​បន្ថែមទៀតថា លោក​មិន​ទៅធ្វើ​ការ​ទេ ពីព្រោះ​មេ​របស់លោក​ក៏​មិន​ទៅធ្វើ​ការ​ដែរ។ «ខ្ញុំ​កូនកាត់​ចៅ​ចិន មេ​ខ្ញុំ​ក៏​កូនចៅ​ចិន​ដែរ ដូច្នេះ គ្មាន​នរណា​ទៅធ្វើ​ការ​ឡើយ»។ នេះ​គឺជា​ការបញ្ជាក់​របស់​ម​ន្ត្រី​រាជការ​រូបនោះ។ មិនមែន​តែ​មន្ត្រីរាជការ​ពីរ​នាក់​នេះ​ទេ​ដែល​មិន​ទៅធ្វើ​ការ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ តាមពិត មន្ត្រី​ជាច្រើន​នាក់​ផ្សេងទៀត ក៏​មិន​ទៅធ្វើ​ការ​ដែរ។ កូនសិស្ស គ្រូបង្រៀន​ក៏​ឈប់សម្រាក​ដែរ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អត្ថាធិប្បាយ​ថា ក្រសួង ស្ថាប័នរដ្ឋ បានចេញ​សេចក្តីប្រកាសជារឿយៗជំ​រុញអោយ​កូនសិស្ស និស្សិត និង​មន្ត្រីរាជការ​មក​ធ្វើការ​បម្រើ​រដ្ឋ​ធម្មតា និង​មក​រៀន ឬ​មក​បង្រៀន​ធម្មតា។ ប៉ុន្តែ សេចក្តីអំពាវនាវ​រប​ស់​ស្ថាប័នរដ្ឋ គ្មាន​ប្រសិទ្ធិភាព​ឡើយ។ លោក រ៉ុង ឈុន បាន​បញ្ជាក់ថា៖«សាលារៀន​ទាំង​ឯកជន និង​រដ្ឋ៨០%បាន​បិទទ្វារ។ នេះ​ជា​រូបភាព​អាក្រក់​មែនទែន​សម្រាប់​កម្ពុជា»៕




© រក្សាសិទ្ធិដោយ thmeythmey.com