ជាតិ
សង្គមជាតិ
ធនាគារ​ANZសហការ​ជាមួយ​អង្គការ​ហ្វារ​លើកស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ
19, Feb 2015 , 5:18 pm        
រូបភាព
សៀមរាប៖ ក្នុង​ការងារ​ដើម្បី​ការអប់រំ តាមរយៈ​វិស័យ​សិល្បៈ ធនាគារ ANZ Royal ប្រកាស​ផ្តល់​ថវិកា​ចំនួន២ម៉ឺន​ដុល្លារ ក្នុងការ​គាំទ្រ​សហគ្រាស​សង្គម​ហ្វារ ដើម្បី​បណ្តុះបណ្តាល និង​ផលិត​ធនធាន​សិល្បៈ ក្នុងសង្គម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ​ថែមទៀត។



ពិធី​ចុះ​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​សហគ្រាស​សង្គម​ហ្វារ ដែលជា​សម្ព័ន្ធ​មេ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ និង​ធនាគារ ANZ Royal បានរៀបចំ​ឡើង​នៅ​រសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ដើម្បី​ឲ្យ​ហ្វារ បន្តសកម្មភាព​ការងារ​របស់ខ្លួន ក្នុង​ការជួយ​កុមារ​ក្រីក្រ ឲ្យ​មាន​ឳ​កាស​រៀន​ពី​សិល្បៈ។ កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង ក្រោយពេល​ហ្វារ ធ្លាប់បាន​ប្រកាសថា​ខ្លួន​កំពុង​ប្រឈម​នឹង​ការបិទទ្វារ ព្រោះ​គ្មាន​ថវិកា​សម្រាប់​ទ្រទ្រង់​ការចំណាយ​តទៅទៀត។ ការចំណាយ ដែល​នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ អះអាងថា មាន​ចន្លោះ​ពី១លាន​ដុល្លារ រហូតដល់១លាន​កន្លះ​ក្នុង​មួយឆ្នាំ លើ​ការបង្រៀន ម្ហូបអាហារ និង​ការ​ស្នាក់នៅផ្សេងៗរបស់​កុមារ ដែល​កំពុង​រស់នៅ​ជាមួយ​ហ្វារ​សព្វថ្ងៃ។

លោក ហួត តារា នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​សង្គម​ហ្វារ ដែលជា​ស្ថាប័ន​ដើរតួ​ជា​អ្នករក​ប្រាក់ចំណូល​ដល់​អង្គការ​ហ្វារ បានលើកឡើង​ក្នុង​ពិធី​ចុះ​កិច្ចសហប្រតិបត្តិការ​នៅ​ស្នាក់ការ​អង្គការ​ហ្វារ ខេត្តសៀមរាប​ថា ថវិកា​ចំនួន២ម៉ឺន​ដុល្លារ​ដែល​ផ្តល់ជូន​ដល់​ហ្វារ​នៅពេលនេះ គឺ​បញ្ជាក់ថា ពី​ការយកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សិល្បៈ​ខ្មែរ ហើយ​ថវិកា​នេះ ពិតជា​ចំណែក​មួយ ដើម្បី​ឲ្យ​ស្ថាប័ន​របស់លោក​អាច​ដំណើរការបាន​ត​ទៅមុខទៀត។

សកម្មភាព​ដែល​នឹងត្រូវ​រៀបចំ​ធ្វើ​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ហ្វារ និង​ធនាគារ ANZ Royal មានការ​បង្រៀន​សិល្បៈ ការប្រគំ​តន្ត្រី​តាម​ជនបទ និង​ការបើក​វគ្គ​បង្រៀន​ដល់​យុវជន​ហ្វារ ពី​របៀប​សន្សំ​ប្រាក់ ដែល​ណែនាំ​ដោយ​បុគ្គលិក​ធនាគារ ANZ Royal ផ្តល់។ លោក ហួត តារា បន្តថា៖« យើង​មិន​ត្រឹម​ប្រើប្រាស់​តែ​ក្នុង​ហ្វារ​មួយ​ទេ ក្នុងនោះ​មាន​សាលា​បាយ ដែលជា​ដៃគូរ​ក្នុងការ​អភិវឌ្ឍ​របស់​យើង​ផងដែរ។ គោលបំណង​របស់​យើង គឺ​ផ្សព្វផ្សាយ​រាល់​ការសម្តែង​ទាំងឡាយ​ទៅដល់​ទស្សនិកជន​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ការរួម​ដំណើរ និង​ដឹង​ពី​សិល្បៈ និង​វប្បធម៌​ខ្មែរ»។

តំណាង​ធនាគារ ANZ Royal លោក Garnt Knuchey បាន​និយាយថា ការសហការ​ជាមួយ​ហ្វារ​នៅពេលនេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះ​ហ្វារ​មានឈ្មោះ​ល្បី​លើ​វិស័យ​សិល្បៈ និង​អប់រំ​ដល់​កុមារ​នៅ​កម្ពុជា។ លោក​បន្តថា ការចួលរួម​របស់​ធ​នាគារ ANZ Royal នៅពេលនេះ គឺជា​ទិសដៅ​ទាំង៤ របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​ការអប់រំ​ផងដែរ។

យ៉ាងណាមិញ ទន្ទឹមនឹង​ការពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ពី​ការសម្តែង​សិល្បៈ ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​របស់ខ្លួន សហគ្រាស​សង្គម​ហ្វារ កំពុង​ជួបប្រទះ​បញ្ហា​ហរិញ្ញវត្ថុ​ផងដែរ។ ក្នុង​រយៈពេល​ប្រមាណ២០ឆ្នាំ ក្រោយ​ការបង្កើត មាន​កុមារ​ក្រីក្រ​រាប់ម៉ឺន​នាក់ ត្រូវបាន​ហ្វារ​បណ្តុះបណ្តាល និង​ក្លាយជា​ធនធាន​ម្នាក់​ក្នុងសង្គម។ ក្នុង​មួយថ្ងៃ មាន​សិស្ស​ជាង១ពាន់​នាក់ ដែល​មក​ទទួល​ការបង្ហាត់បង្រៀន​សិល្បៈ មានការ​គូរគំនូរ និង​សម្តែង​សៀក ហើយ​មាន​សិស្ស​ប្រមា​ព​ជិត២០០នាក់ កំពុងស្នាក់នៅ​ក្រោម​ការ​មើលថែទាំ​របស់​អង្គការ​ហ្វារ។

នាយក​ប្រតិបត្តិការ​សហគ្រាស​ហ្វារ បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន និង​ស្ថាប័ន​ក្នុងស្រុក​ទាំងអស់​ធ្វើយ៉ាងណា ជួយឧបត្ថម្ភ គាំទ្រ ដើម្បី​ឲ្យ​ហ្វារ មានលទ្ធភាព​ជួយ​កុមារ​ក្រីក្រ តាមរយៈ​ការបង្រៀន​សិល្បៈ​ដល់​ពួកគេ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com