ជាតិ
សង្គមជាតិ
២០ ឆ្នាំ៖ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណា​យ​ថវិកា​ជាង ៥៦០ លាន​ដុល្លារ
24, Feb 2015 , 10:24 am        
រូបភាព
ដោយ:

 
ភ្នំពេញ៖ ទោះបីជា​ការផ្តល់សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ ចាប់តាំងពី​ឆ្នាំ ១៩៩២ ក៏ដោយ ប្រធាន និង​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner មិនបាន​ចាត់ទុក​សេវា​ព្យាបាល​ជំងឺ​ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​នឹង​កំពុង​ធ្វើ​នោះ ជា​សកម្មភាព​សប្បុរស​ធម៌​ឡើយ។ ប៉ុន្តែ លោក​ចាត់ទុកថា ជា​កាតព្វកិច្ច​នៃ​មនុស្សជាតិ ដែលជា​អ្នកដើរតួ​នៃ​ជំនួយ​ផ្នែក​សុខភាព​អន្តរជាតិ​នានា ២០ ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណា​យ​ថវិកា​ជាង ៥៦០ លាន​ដុល្លារ។



វេជ្ជបណ្ឌិត​លោក Beat Richner បាន​សរសេរ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ​រយៈពេល ២០ឆ្នាំ​កន្លងមកនេះ ពោលគឺ ​ចាប់តាំងពី​អំឡុង​ឆ្នាំ ១៩៩២ រហូតដល់​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​បាន​ចំណាយ​ថវិកា​អស់​ចំនួន ៥៦០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ​ចំនួន ១៣លាន​នាក់ ​ក្នុងនោះ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង ២លាន​នាក់។

ប្រធាន​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​រូបនេះ បានបង្ហាញ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ​ឆ្នាំ២០១៥ ថា ​ក្នុងចំណោម​ថវិកា​សរុប​ចំនួន ៥៦០លាន​ដុល្លារ​នោះ​ រដ្ឋាភិបាល​កម្ពុជាបាន​ចូលរួមចំណែក​ជាង ៤ភាគរយ រដ្ឋាភិបាល​ស្វី​ស​ជាង ៩ភាគរយ និង​ជាង៨៦ភាគរយ​ផ្សេងទៀត​ បានមកពី​អំណោយ​សប្បុរសជន។ដោយឡែក​ចំពោះ​ការបរិច្ចាគ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​វិញ មានតែ ១ភាគរយ​ប៉ុណ្ណោះ។

លោក ​Richner បាន​អត្ថាធិប្បាយ​ថា នៅពេលដែល​មនុស្ស​ម្នាក់​ស្លាប់ទៅ ពិភពលោក​យើង នៅ​ក៏​ស្លាប់​ដែរ។ លោក​សង្កត់ធ្ងន់ថា៖«សូម​ចងចាំ​ថា កុមារ​ម្នាក់​ក៏​ជា​មនុស្ស​ម្នាក់​ដែរ»។ ដូច្នេះ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​រូបនេះ បាន​រៃអង្គាស ប្រមូល​ថវិកា​ពី​សប្បុរសជន​ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា។

«អ្វីដែល​គន្ធបុប្ផា​កំពុង​ធ្វើ​គឺ​ពុំមែន​ជា​សប្បុរសធម៌​នោះទេ ប៉ុន្តែ​គឺជា​កាតព្វកិច្ច​នៃ​មនុស្សជាតិតែប៉ុណ្ណោះ ហើយ​រាល់​រដ្ឋាភិបាល​នានា និង​អ្វីដែល​ហៅថា ជា​អ្នកដើរតួ​នៃ​ជំនួយ​ផ្នែក​សុខភាពអន្តរជាតិ​នានា គួរតែ​ទទួលយក​នូវ​ការទទួលខុសត្រូវ»។ នេះ​ជាការ​លើកឡើង​របស់លោក វេជ្ជបណ្ឌិត Beat Richner ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥សាខា​នៅ​ភ្នំពេញ ​និង​ខេត្តសៀមរាប​មាន​បុគ្គលិក​ជនជាតិខ្មែរ​សរុប​ចំនួន ២៥០០នាក់ និង​បុគ្គលិក​បរទេស​មានតែ ២នាក់​ប៉ុណ្ណោះ។

របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​បាន​បង្ហាញថា មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ជា​មធ្យម​អស់ ជាង ១២ម៉ឺន​ដុល្លារ​អាមេរិក​លើ​ការព្យាបាល​ជំងឺ​កុមារ​ជាង ៣ពាន់​នាក់​ក្នុងមួយថ្ងៃៗ ។ការផ្តល់សេវា​ចំនួន៤សំខាន់​គឺ ​ផ្តោតលើ​ការព្យាបាល​កុមារ​មាន​ជំងឺ​ធ្ងន់ វះកាត់​ សម្រាលកូន និង​ចាក់​វ៉ាក់សាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com