ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ប្រតិកម្ម​នឹង​ស្ថាបនិក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
26, Feb 2015 , 5:35 pm        
រូបភាព
ដោយ:
លោកនាយក​រដ្ឋមន្ត្រី  ហ៊ុន សែន ហាក់​អាក់អន់​ចិត្តនឹង​លោក ហ្កា​រ៉េត អេ​វ៉ាន (Gareth Evans) អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​មួយរូប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ លោក ហ៊ុន សែន ដែល​អះអាងថា លោក ហ្កា​រ៉េត អេ​វ៉ាន ជា​មិត្ត​របស់ខ្លួន ធ្លាប់មាន​អនុស្សាវរីយ៍​ច្រើន​ជាមួយគ្នា​នោះ ងឿងឆ្ងល់​ថា ហេតុអ្វី បានជា​មិត្ត​របស់លោក​ម្នាក់នេះ បែរជា​រិះគន់​លោក​ទៅវិញ? នៅក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​កាលានុវត្តភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី១០  នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ខែ កុម្ភៈ​នេះ ដែលមាន​វត្តមាន​លោក ហ្កា​រ៉េត អេ​វ៉ាន ចូលរួម​ដែរនោះ លោក ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា ៖ « យើង​រាប់អាន​គ្នា​តទៅទៀត ឬ​ឈប់​រាប់អាន​គ្នា? ព្រោះ​រិះគន់​ខ្ញុំ​ឆ្នាំទៅ លឺថា ឈប់​រាប់អាន​គ្នា។   អ្នកណា​កាត់​កាសែត​ឲ្យ​លោក ហ្កា​រ៉េត អេ​វ៉ាន មើល​ផង។ លោក​មិន​សម​រិះគន់​ខ្ញុំ​សោះ  ព្រោះ​យើង​ធ្លាប់មាន​អនុស្សាវរីយ៍​ច្រើន​ជាមួយគ្នា » ។



ស្តាប់​សំឡេង លោក ហ៊ុន សែន 

 

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ វិទ្យុ​អាស៊ីសេរី​ជា​ខេមរភាសា បាន​ចុះផ្សាយ​អត្ថបទ​មួយមាន​ចំណងជើង​ថា «អតីតរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ចោទ​លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ពុករលួយ​ស្ទើរ​ផុត​លេខ » ។ អត្ថបទ​របស់​វិទ្យុ​បរទេសមួយ​នេះ ដកស្រង់​ពីបទ​និពន្ធ​របស់លោក ហ្កា​រ៉េត អេ​វ៉ាត ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​ទស្សនៈ​ពិភពលោក។ បើតាម​វិទ្យុ​អាស៊ីសេរី លោក ហ្កា​រ៉េត អេ​វ៉ាន បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ បកអាក្រាត​អំពើ​ទាំងនោះ​ដោយ​ចេញមុខ និង​ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​អំពើ​រំលោភបំពាន​ទាំង​ប៉ុន្មាន​ពី​សំណាក់ លោក ហ៊ុន សែន និង​ដៃជើង​របស់ លោក ហ៊ុន សែន។ បទ​និពន្ធ​របស់លោក ហ្កា​រ៉េត អេ​វ៉ាត មួយ​នេះ ក៏ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដកស្រង់​មក​ចុះផ្សាយ​ផងដែរ៕        

© រក្សាសិទ្ធិដោយ thmeythmey.com