ពីនេះ ពីនោះ
ពេល​សប្បាយ​ច្រើនតែ​ភ្លេច​ម៉ែ ពេល​ឈឺ​ទើប​នឹក​រក​ម៉ែ!
25, Dec 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​យើង​ជាទូទៅ នៅពេល​ខ្លះ​អាច​ភ្លេច​គិតដល់​ម៉ែ ព្រោះ​រវល់​តែ​សប្បាយរីករាយ​ទៅដោយ​កាមគុណ ឬ​រវល់​នៅក្នុង​ការងារ​របស់ខ្លួនផ្សេងៗ ប៉ុន្តែ​ដល់ពេល​ដែល​ខ្លួន​មាន​ជំងឺ​ធ្ងន់​អ្វីមួយ កូន​គ្រប់គ្នា​ច្រើនតែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំពាក់​ចិត្តនឹង​ម៉ែ​កាលពី​ខ្លួន​នៅ​តូច។



កាលពី​ខ្លួន​នៅ​តូច ពេល​ឈឺចាប់អ្វីៗ ម៉ែ​តែងតែ​នៅ​ថែរក្សា​ថ្នាក់ថ្នម​ជានិច្ច កូន​ឃើញ​មុខ​ម៉ែ​ជាប្រចាំ ម៉ែ​ហួងហែង​កូន ម៉ែ​សម្រាន្ត​មិន​ពេញភ្នែក ម៉ែ​ទ្រាំ​អត់ងងុយ​នៅ​យាម​កូន បបោសអង្អែល​កូន នៅចាំ​ពេល​ឲ្យ​បាយ​ឲ្យ​ទឹក នៅចាំ​ពេល​ឲ្យ​ថ្នាំ និង​នៅចាំ​ជួយ​កូន​គ្រប់យ៉ាង​ពេលដែល​កូន​ឈឺ​លំបាក ព្រមទាំង​លួងលោម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវអ្វីៗ តាម​ដែល​កូន​ចង់បាន​ទៀតផង។

ម៉ែ​ជាទី​ពឹង​របស់​កូន ពេលដែល​កូន​មានទុក្ខ​លំបាក​សូម្បី​កូន​មាន​រូបរាង​អបលក្ខណ៍​យ៉ាងណាក្តី ម៉ែ​ក៏​នៅតែ​ស្រឡាញ់​ព្រម​ដោយ​ក្តី​អាណិត​ជានិច្ច។ សេចក្តីស្រឡាញ់​របស់​ម៉ែ គឺជា​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះហើយ​ទើប​ដល់​ពេលដែល​កូន​មាន​ជំងឺ​ធ្ងន់ ឬក៏​ពេលដែល​ត្រូវ​សម្រាលកូន​ឆ្លងទន្លេ កូន​តែងតែ​នឹក​រក​ម៉ែ៕

ប្រភព៖ សៀវភៅ​ម៉ែ របស់​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស




© រក្សាសិទ្ធិដោយ thmeythmey.com