ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង​លែង​ស្តាប់​យោបល់​សង្គម​ស៊ីវិល!
12, Mar 2015 , 5:38 pm        
រូបភាព
ដោយ:

 
សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីព្រាង​នៃ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់។  អង្គការ​សង្គម​ស៊ីវិល​ជាតិ​ភាគច្រើន បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ដាក់បញ្ចូល​ខ្លឹមសារ​មួយចំនួន​ដែល​សង្គម​ស៊ីវិល​ចាត់ទុកថា ខ្លឹមសារ​នោះ​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅក្នុង​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​ទាំងពីរ។មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អះអាងថា បក្សប្រឆាំង​ដែល​កន្លងមក​តែងតែ​ឲ្យ​តម្លៃ​លើ​មតិ​សង្គម​ស៊ីវិល​នោះ ពេលនេះ​បក្ស​នេះ​មិន​ស្តាប់​យោបល់​ក្រុម​ខ្លួន​ឡើយ។



អង្គការ​សង្គម​ស៊ីវិល​ជាតិ​ភាគច្រើន កំពុងតែ​ក្រពុលមុខ និង​និយាយ​មិន​ចេញ​គ្រប់គ្នា ចំពោះ​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់ គ.ជ.ប និង​ច្បាប់បោះឆ្នោត ដែល​បានធ្វើ​រួច​ជា​ស្ថាពរ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្រពុលមុខ​ដោយសារ​មន្ត្រី​សង្គម​ស៊ីវិល​ទាំងនោះ​យល់ថា សេចក្តីព្រាង​នៃ​សេចក្តី​ច្បាប់​ទាំងពីរ​នេះ បានកំណត់​នូវ​ខ្លឹមសារ​មួយចំនួន​ដែល​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​នានា។

ក្រពុលមុខ និង​និយាយ​មិន​ចេញ​នឹង​ខ្លឹមសារ​មួយចំនួន​ក្នុង​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​នេះ​ជា​រឿង​មួយ តែ​អ្វីដែល​បន្ថែម​ទម្ងន់​ផ្លូវចិត្ត​ដល់​អង្គការ​សង្គម​ស៊ីវិល​ទៀត​នោះ គឺ​ពួកគេ​រង្គាលចិត្ត​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់តែ​ស្តាប់​យោបល់​អង្គការ​សង្គម​ស៊ីវិល​នោះ បែរជា​គណបក្ស​នេះ ធ្វើ​សោះអង្គើយ​ដាក់​ពួកគេ​ថែមទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សោកស្តាយ​ឥតឧបមា​ចំពោះ​ទង្វើ​គណបក្សប្រឆាំង​កម្ពុជា​មួយ​នេះ។

លោក គល់ បញ្ញា នាយក​ប្រតិប​ត្តិ​អង្គការ​ខុមហ្វ្រែល ដែល​ធ្លាប់តែ​មិន​ញញើត​មាត់​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ នៅពេលនេះ ក៏​មិន​ញញើត​មាត់​រិះគន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ លោក​ថា មន្ត្រី​ចរចា​របស់​គណ​កក្ស​នេះ ប្រើ​មុខ​ពីរ ។ « មុខ​ទី ១ នៅពេល​មន្ត្រី​នោះ​ពិភាក្សា​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​ទាំងនោះ និយាយថា សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​ថ្មី​នេះ​អាក្រក់​ជាង​ច្បាប់​ចាស់​ទៅទៀត។ មុខ​ទី ២ នៅពេលដែល​មន្ត្រី​គណបក្ស​នេះ​ថ្លែង​ជា​សាធារណៈ បែរជា​ពួកគេ​ការពារ​សេចក្តីព្រាង​នៃ​សេចក្តីស្នើ​នៃ​ច្បាប់​ទាំងពីរ​នេះ​វិញ​ថា ច្បាប់​នេះ អាច​ទទួលយកបាន» ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកជំនាញ​ការបោះឆ្នោត​ខាងលើ។

និយាយ​ដល់​ការការពារ​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​នេះ លោក ព្រាប កុល ឯណោះ​វិញ ក៏មាន​យោបល់​ផងដែរ។ លោកនាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ និយាយ​ហាក់​ចាក់បណ្តោយ​ថា វា​ជា​រឿង​ត្រឹមត្រូវ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ការពារ​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​នេះ ព្រោះ​គណបក្ស​នេះ បាន​ជ្រុលខ្លួន​ចូលរួម​ធ្វើ​ច្បាប់​នេះ​តាំងពីដើម​រៀងមក។ លោក ព្រាប កុល បាន​ហួសចិត្ត នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ ចូលរួម​ចែង​បញ្ញត្តិ​មួយចំនួន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​អះអាងថា ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ។ បញ្ញត្តិ​ទាំងនោះ ដែល​លោក ព្រាប កុល ខកចិត្ត​នោះ គឺ​ការដាក់ទណ្ឌកម្ម​នៅពេល​មន្ត្រី​សង្គម​ស៊ីវិល​ចូលរួម​ឃោសនាបោះឆ្នោត​ពី ១០ ទៅ ២០ លាន​រៀល ហើយ​បែរជា​បើក​សិទ្ធិ​ឲ្យ​មន្ត្រី​តុលាការ យោធា និង​នគរបាល ចូលរួម​ឃោសនាបោះឆ្នោត​បាន​ទៅវិញ។

នៅពេលដែល​សួរថា តើ​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ គណបក្ស​ណាមួយ​ជា​អ្នក​ចំណេញ ឬ​ខាត? ទាំង​លោក គល់ បញ្ញា និង​លោក ព្រាប កុល សុទ្ធតែ​ឆ្លើយថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកខាតបង់ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ចំណេញ។ គណបក្សប្រឆាំង​ខាត ដោយសារ​ការកែទម្រង់​ការបោះឆ្នោត​ដែល​គណបក្ស​នេះ បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​ខ្លួន​នោះ ធ្វើ​មិនបាន​សម្រេច។ ហើយ​គណបក្សកាន់អំណាច​ចំណេញ ពីព្រោះថា សេចក្តីព្រាងច្បាប់​នោះ ស្របតាម​ការចង់បាន​របស់​គណបក្ស​នេះ និង​ធ្វើ​ឲ្យ​សង្គម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយចំនួន​អាក់អន់​ចិត្តនឹង​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បញ្ជាក់​របស់លោក គល់ បញ្ញា និង​លោក ព្រាប កុល ។

យ៉ាងណាក៏ដោយ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ សារព័ត៌មានថ្មីៗ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នោះទេ ។ តែ​កាលពី​ថ្ងៃ​អង្គារកន្លងទៅ​ លោក គួ​យ ប៊ុន​រឿន ប្រធាន​ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​មិន​ស្តាប់​យោបល់​សង្គម​ស៊ីវិល​នោះទេ ។ លោក​ថា កន្លងមក​ទម្រាំ​បាន​សេចក្តីព្រាង​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជជែក​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​យ៉ាងសកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com