ជាតិ
បទវិភាគ
សង្គមជាតិ
មាន់​ពង​លើ​ស្រូវ!!!
13, Mar 2015 , 2:17 pm        
រូបភាព
លិខិតមិត្តអ្នកអាន​
ដោយ ធូ វាសនា
រស់នៅ​ខេត្ត​រតនគិរី​
អ៊ីមែល៖ [email protected]

ប្រាកដ​ណាស់ ដើម្បី​ធ្វើជា​មន្ត្រី​ល្អ មិនមែន​ទៅ​ត្រួតត្រា ឬ​ជា​ម្ចាស់ របស់​ប្រជាជន​នោះទេ គឺ​ត្រូវតែ​បម្រើ​និង​ផ្តល់​សេវា​ដល់​ប្រជាជន ហើយ​បើ​តាំងខ្លួន​ជា​ម្ចាស់​របស់​ប្រជាជន និង​ការត្រួតត្រា​ប្រជាជន វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ។កាលពី​ឆ្នាំ២០១៣ សម្តេច ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍ថា ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ល្អ នៅពេលណា​ក៏ដោយ ត្រូវ​ដឹងថា «យើង​ជា​អ្នកបម្រើ​ប្រជាជន មិនមែនជា​ចៅហ្វាយ​ប្រជាជន​នោះទេ»។



មន្ត្រី​ល្អ​ត្រូវតែ​ផ្តល់​ជំនឿ​ទុកចិត្ត​និង ចូលរួម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពួកគាត់។ មន្ត្រី​ល្អ​គឺ​ត្រូវ​សហការ​ល្អជា​មួយ​សហគម​ន៍ និង​ប្រជាពលរដ្ឋ អោយបាន​ទូលំទូលាយ ហើយ​ជួយ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់​បំផុត។ មិនត្រូវ​ឆ្លៀតឱកាស​ធ្វើបាប កេងប្រវ័ញ្ច លើ​ពួកគាត់​បន្ថែម​ពីលើ​បញ្ហា​ដែល​ពួកគាត់​កំពុង​ជួបប្រទះ​ឡើយ។ មន្ត្រី​ល្អ គឺ​ត្រូវ​លើកស្ទួយ​នឹង​បង្កើន​វប្បធម៌​ទំនួល​ខុសត្រូវ និង ផ្តល់​ជំនឿ ទុកចិត្ត​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេល។ មន្ត្រី​ល្អ​មិន​ពុករលួយ​ស៊ីសំណូក!!!

ចុះ​មន្ត្រី​ក្នុង​ជួរ​រាជការ​យើង​សព្វថ្ងៃ​បាន​បំពេញការងារ​ជាម​ន្ត្រី​ល្អ​ហើយ​ឫ​នៅ?
យើង​អាច​មើល​ដឹង​ខ្លះ​ថា អ្នកប្រព្រឹត្តិ​អំពើពុករលួយ​ច្រើន​ជា​អ្នកមាន​តួនាទី ក្នុង​ជួរ​រាជការ។ និយាយ​ឲ្យ​ចំ​គឺ​បុគ្គល​ដែល​រាជការ​ជួល​ឲ្យ​មក​បម្រើ​រាស្ត្រ ឲ្យ​មក​បំពេញការងារ​ឲ្យ​ល្អ​ជូន​រាជការ គឺ​ចង់​ឲ្យ​អស់លោក​លួងលោម​រាស្ត្រ​ដោយ​ស្រួល​រាស្ត្រ​បាន​សុខ ជាតិ​បាន​សុខ!! តែ​មន្ត្រី​ទាំងនោះ​មិនបាន​ធ្វើ​ដូចនេះ​ទេ ក្រៅពី​ជិះជាន់​រាស្ត្រ​ដណ្តើម​ឆ្នាំងបាយ​រាស្ត្រ ឲ្យ​រាស្ត្ររ​ស់រង​ទុក្ខ អត់ឃ្លាន អាង​អំណាច​ប្រមាថ​រាស្ត្រ គាបសង្កត់​រាស្ត្រ ស៊ីសំណូក។ មន្ត្រី​ប្រភេទ នេះ​សមតែ​ស្លាប់ យ៉ាង​វេទនា​បំផុត!!

មន្ត្រី​ទាំងនោះ​ខិតខំ​ព្យាយាម​បិទបាំង​ទង្វើរ​អាក្រក់​របស់ខ្លួន​ដោយ​គិតថា មិនមាន​អ្នកណា​អាច​ដឹង​បានទេ។ ត្រូវ​ចាំ​ថា «អ្វីៗតែងមាន មេឃ​ដឹង ដី​ដឹង ព្រះ​ដឹង ខ្មោច​ដឹង មនុស្ស​ដឹង។ ក្នុង​លោក​ដាច់ខាត គ្មាន​រឿង​អាថ៌កំបាំង។ ល្អ​អាក្រក់​គង់​ហុច​វិញ​ជាមិនខាន»។ សត្រូវ​ធំ​នៃ​មនុស្ស មិនមែន​ក្រ មិនមែន​ឈឺ គឺ​លោភលន់ ចិត្តអាក្រក់។ ក្រ អាច​ប្រែ​ក្រឡាស ឈឺ​អាច​ព្យាបាល មនុស្ស​ឲ្យ​តែ​លោភលន់ ចិត្តអាក្រក់ គឺ​គ្មាន​ថ្នាំ​ព្យាបាល​ទេ។ ក្នុងនាម​ជាម​ន្ត្រី​បៀវត្សរ៍​មានកំណត់​មែន តែ​ទទួល​បៀវត្សរ៍ ប្រៀបដូចជា​រក្សា​អណ្តូង។ ពិតមែនតែ​មិន​ពេញ​តែ​អាច​ដង​យក​រាល់ថ្ងៃ មិនចេះ​រីងស្ងួត​ទេ អ្នក​លោភលន់​អាច​មានបាន​ក្នុង​មួយ​យប់ តែ​ធាតុពិត​គឺ​យក កន្ត្រក​ដងទឹក គ្មាន​សល់​អ្វី​ទេ ពុំនោះសោត​អាច​នាំ​គ្រោះ​ដល់​ខ្លួន និង​ក្រុមគ្រួសារ ។
មុននឹង​ក្លាយជា​មន្ត្រី​សុទ្ធតែ​បាន​ឆ្លងកាត់​ការរៀនសូត្រ​ដ៏​ខ្ពង់ខ្ពស់ មានចំនេះដឹង​លើស​រាស្ត្រ​ក្រីក្រ ឬ​អាច​និយាយថា​ជា«បញ្ញវន្ត​មាន ឆន្ទៈ​មោះមុត»។ ហេតុ​អី​ត្រូវ​ឲ្យ​ប្រាក់​ពង្វក់​បាន​នោះ ឬក៏​ដើម្បី​ប្រាក់​ធ្វើ​ឲ្យ​ឆន្ទៈ​ក្នុង​ការកសាង​ជាតិ​រលាយ!!! ពាក្យចាស់​លោក​ថា «អ្នកចេះដឹង​ស្រលាញ់​ប្រាក់​នាំ​ខូច​បំណង អ្នក​ល្ងង់​ស្រលាញ់​ប្រាក់​នាំទុក្ខ ដល់​ខ្លួន»។ ឬមួយ របៀបរបប​ក្នុងការ​ជ្រើសរើស​មន្ត្រី​ទាំងនោះ គឺ​មិន​តឹងរ៉ឹង អាច​ដូច​លេង​ប៉ា​ហ៊ី សម្តែង​ឲ្យ​តែ​ជាការ​ស្រេច​ទេ»?

មាន​អ្នកខ្លះ​មានចំណេះដឹង​ខ្ពស់ ហេតុតែ​ល្មោភ​ប្រាក់​ក៏​ធ្លាក់ខ្លួន ផុង​ជ្រៅ។ ពាក្យចាស់​ពោលថា «អ្នក​ល្មោភ​ប្រាក់​ចិត្ត​លំអៀង» មិនទាន់​បែកការ​មែនពិត តែ​អាច​កើតមាន​ភ័យខ្លាច​ក្នុង​ចិត្ត អ្នក​ដែល​ស្ថិតក្នុង​ការភ័យខ្លាច​យូរលង់ ដល់​តែយូរៗទៅ គឺអាច ស្លាប់​ដោយសារ​ជំងឺ ដោយ​ហូប​អី​មិន​ឆ្ងាញ់ ដេក​មិន​លក់។ អ៊ីចឹង ទ្រព្យសម្បត្តិ​ច្រើន​តើ​មានន័យ​អី?
រាជការ​គួរតែ​ធ្វើតេស្ត ឬ​វាយតម្លៃ​សមត្ថភាព​មន្ត្រី​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​ម្តង​ដើម្បី​ពិនិត្យមើល​កម្រិត​មន្ត្រី​ទាំងនោះ​ថា «មន្ត្រី​ម្នាក់​ស្អាតស្អំ ឬ​អត់? ឧស្សាហ៍​ព្យាយាម​ឬទេ? គឺជា​កម្រិត​មួយ​នៃ​ការបែងចែក​មន្ត្រី​ល្អ ឬ​អាក្រក់» ។ មន្ត្រី​ល្អ​ដែល​អាចធ្វើ​ឲ្យ​រាស្ត្រ​រស់​សុខ ក្សេមក្សាន្ត គឺ​គួរតែ​ទទួលបាន​បៀវត្សរ៍​ពី​រាជការ និង​ផ្តល់ជូន​ឥស្សិរ​យស​ជាដើម។ ឯ​មន្ត្រី​ដែល​អាក្រក់​ពុករលួយ​ដែល​បានធ្វើ​ឲ្យ​រាស្ត្រ​រស់​យ៉ាង​វេទនា តើ​រាជការ​ទៅ​ខ្វល់​ពី​បៀវត្សរ៍​មន្ត្រី​នោះ​អី​ទៀត គួរតែ​ទម្លាក់​ជា​រាស្ត្រ​លែង​ប្រើការ​រហូត ។ ពិតណាស់ «ក្នុង​លោក​តែងមាន​មនុស្ស​ស្គាល់​ច្បាប់ ល្មើសច្បាប់» និយាយ​ជារួម គឺ «ទោះបី​អ្នកណា​ក៏ដោយ​ឲ្យ​តែ​ស៊ីសំណូក ល្មើសច្បាប់ អុកឡុក​ប្រជារាស្ត្រ គឺ​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់»។ ហើយ​បើ​ធ្វើ ជា​មន្ត្រី​ទទួលបន្ទុក​កំចាត់​អំពើពុករលួយ​ខ្លាច​មានរឿង​ដល់​ខ្លួន​ព្រោះតែ​សម្អាត​មន្ត្រី​អាក្រក់​គួរតែ​ឆាប់​លាឈប់ ទៅផ្ទះ​សម្រាក កុំ​ពាក់អាវ​ធ្វើជា​មន្ត្រី​អី​ទៀត។

បើ​និយាយថា​ពុករលួយ​មកពី​ប្រាក់ខែ​តិច​ធ្វើ​ឲ្យ​ឆន្ទៈ​រលាយ មន្ត្រី​ទាំងនោះ​គួរតែ​ឈប់​ទៅ ទុក​ឲ្យ​គេ​មាន​ឆន្ទៈ និង​អ្នក​ដែល​មិនអាច​យកប្រាក់​ទិញ​ក្បាល​គេ​ធ្វើជា​មន្ត្រី​វិញ។ រអ៊ូ​រថា​ប្រាក់ខែ​តិច​ទើប​សុខចិត្ត​ក្បត់​ឧ​ត្ត​ម​គតិ តែ​អ្នកខ្លះ​ខោអាវ​មួយ​កំ​ប្លេ តម្លៃ​រាប់រយ​ដុល្លារ ជិះ​រថយន្ត​ទំនើប វីឡា​ស្កឹមស្កៃរ ស្រី​ស្នេហ៍​អូន​បង ។ល។ ចេះតែ​ហាមាត់​និយាយ​ទៅ​កើត។ មាន​ករណីខ្លះ គឺ​ពុករលួយ​យកប្រាក់​ជំនួយ​គេ​ទាំង​ស្រស់ ដល់ពេល គេ​រកឃើញ​ក៏​សង​គេ​វិញ​ទាំង​អាម៉ាស់!! ទោះជា​ឲ្យ​គេ​វិញ​មែន តែ​ក្នុង​ចិត្ត​មាន​សំណូក ជាប់​មាន​មនោសញ្ចេតនា តើ​អ្នកណា ធានាថា លើក​ក្រោយ​មិន​ប្រព្រឹត្តិ​បែបនេះ​ទៀត​ឬ​អត់? នេះ​ហៅថា «ប្រើ​ភាពស្របច្បាប់​បិទបាំង​ភាពមិន​ស្របច្បាប់ ពុតត្បុត ម៉េច​សម​ថា​ធ្វើ​ឲ្យ​គេ​មិន​ត្អូញត្អែរ​នោះ»? មនុស្ស​ប្រភេទ​នេះ គួរតែ​ទាត់ចោល ដេញ​ចេញពី​រាជការ។ ពាក្យចាស់​ពោលថា «លោភលន់​ដូច​ភ្លើង មិន​ទប់ស្កាត់​អាច​ឆេះ​វាល។ កិលេស​ដូច​ទឹក មិន​ទប់ស្កាត់​អាច​ជន់​លិច។ ពាក្យ​លោភលន់ អាច​នាំ​គ្រោះ​ចង្រៃ ដល់​ខ្លួន​ខ្លាំងណាស់»។ សង្ឃឹមថា​យើង​អាច​ចងចាំ ត្រូវ​ដាស់តឿន គ្រប់ពេល ត្រូវ​រក្សា​ចិត្ត​ស្អាតស្អំ កំចាត់​គំនិត​លោភលន់ ទុក​កេរ្តិ៍​ដល់​ជំនាន់​ក្រោយ។

វា​ជា​ការពិតហើយ​ដែលថា ក្នុងសង្គម​ណាក៏ដោយ អំពើពុករលួយ តែងតែ​កើតមាន​ជានិច្ច ទោះជា​នៅក្នុង​សង្គម​ប្រទេស​រីកចម្រើន ឬ​ប្រទេស​មិនសូវ​ជឿនលឿន​ក៏ដោយ។ មិនថាតែ​ប្រទេស​ដែលមាន​អ្នកចេះដឹង ប្រទេស​ដែលមាន​ប្រជាធិបតេយ្យ ប្រទេស​សង្គមនិយម ឬ​ប្រទេស​ក្រី ក្រ​នោះឡើយ បញ្ហា​ពុករលួយ​រមែង​កើតមាន គ្រាន់តែ​មិន​ទូលំទូលាយ។
មាន​អ្នកខ្លះ​និយាយថា មិន​ងាយរ​កទេជ​ន​ដែល​ពុករលួយ​នោះ គេ​មាន​បិទ​ផ្លាក​ពុករលួយ​នៅ​នឹង​ថ្ងាស​ឯណា? ងាយ​សម្គាល់​ទេ​ពាក្យចាស់​លោក​ថា«ដើមឈើ​ខ្ពស់​ជាងគេ ប្រាកដជា​ត្រូវ​ខ្យល់​បោកបក់ ទង្វើ​ខុសពី​គេ មហាជន​ប្រាកដជា​ស្មានដឹង»។ ដូច្នេះ​សំខាន់​លើ​ឆន្ទៈ​ក្នុងការ​លុបបំបាត់ ឬ​កាត់បន្ថយ​ប៉ុណ្ណោះ!!! តើ​មាន​កម្រិតណា? ឬ​គ្រាន់តែ​ជា​សម្តែង​ឲ្យ​រាស្ត្រ​មើល​ទេ? រាស្ត្រ​មិន​ល្ងង់​ដល់​ថ្នាក់​មើល​មិនដឹង​ទៀត​ទេ!!!  រាស្ត្រ​ដក​ការទុកចិត្ត រាស្ត្រ​ផ្តល់រ​ង្វាន់​យ៉ាង​ចុក​មុខ​ក្នុង​ឆ្នាំ២០១៣កន្លងមក ក៏​ព្រោះតែ​មន្ត្រី​ចោលម្សៀត​ទាំងនោះ រាយការណ៍​តែ​ទង្វើ ល្អ លាក់បាំង​ទង្វើ​អាក្រក់ គាបសង្កត់​រាស្ត្រ ធ្វើ​ឲ្យ​រាស្ត្រ​ខូច​ទឹកចិត្ត បាត់បង់​ជំនឿ ធ្វើ​ឲ្យ​រាស្ត្រ​រស់​យ៉ាង​វេទនា ស្អប់ខ្ពើម​គ្រប់គ្នា ម៉េច​សម​ថា​មិន​រលាយ​សាបសូន្យ​នោះ។ ដូចនេះ​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​ស្ទើរតែ​រលាយ​គឺ​ខ្លួនឯង​ខ្ជីខ្ជារ ។

ចុងក្រោយ​សូម​ផ្តាំ​ដល់​មនុស្ស​ក្រោម​មេឃ​ថា«កុំ​រស់នៅ​ដើម្បី​លុយកាក់ ទ្រព្យធន យស​សក្តិ! ត្រូវ​រស់នៅ​ដើម្បី​កាតព្វកិច្ច របស់​យើង» ។




© រក្សាសិទ្ធិដោយ thmeythmey.com