ជាតិ
បទវិភាគ
តើអ្នកណាខ្លះជាអ្នកជះឥទ្ធិពលក្នុងសង្គម?
× ជាទូទៅឥទ្ធិពលជះពីមនុស្សចាស់ទៅក្មេង ពីអ្នកជំនាន់មុនទៅជំនាន់ក្រោយ ពីអ្នកចេះដឹងទៅអ្នកល្ងង់ ពីអ្នក មានទៅអ្នកក្រ ពីប្រទេសធំទៅប្រទេសតូច...។ ឥទ្ធិពល អាចល្អផង និងអាក្រក់ផង អាស្រ័យលើសភាពខាងសីលធម៌និងផលប៉ះពាល់របស់វា។ អាស្រ័យហេតុនេះ អ្នកមានឥទ្ធិពល ឬអ្នកជះឥទ្ធិពលគួរបង្កើតឥទ្ធិពលយ៉ាងណាដើម្បី ឱ្យអ្នកទទួលផលប៉ះពាល់ ឬសង្គមទទួលបានការរីកចម្រើន និង សុខដុមរមនា។
ឥទ្ធិពលគឺជាអំណាច ឬកម្លាំងដែលមានអានុភាពទៅអ្វីមួយ ឬទៅលើមនុស្ស។ អ្វីមួយដែលអាចមានឥទ្ធិពល អាចជាមនុស្ស ឬអ្វីមួយ ដូចជា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ច្បាប់រដ្ឋ អំណាចនយោបាយ គោលការណ៍ របកកគំហើញខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើតថ្មី ទ្រឹស្ដី មនោគមវិជ្ជា ទេពកោសល្យ សង្គ្រាម អាវុធយុទ្ធភណ្ឌ លុយ និងកត្តាផ្សេងៗជាច្រើនទៀត។
យោងតាមច្បាប់ធម្មជាតិ ទឹកហូរពីទីខ្ពស់មកទីទាប ឬពីលើមកក្រោម ហេតុនេះ ប្រសិនបើទឹកខាងលើតិច ការហូរចុះក្រោមក៏តិចដែរ បើទឹកខាងលើមានកករ មានជាតិពុល មានមេរោគ នាំឱ្យទឹកដែលហូរចុះមកខាងក្រោមក៏មានសភាពដូចគ្នាដែរ។
យោងតាមក្រិត្យក្រមសង្គម ឥទ្ធិពលជះពីមនុស្សចាស់ទៅក្មេង, ពីអ្នកជំនាន់មុនទៅ ជំនាន់ ក្រោយ, ពីអ្នកធំទៅអ្នកតូច, ពីអ្នកមានទៅអ្នកក្រ, ពីប្រទេសធំទៅប្រទេសតូច, ពីប្រទេស ខ្លាំងទៅប្រទេសខ្សោយ, ពីប្រទេសអភិវឌ្ឍទៅប្រទេសក្រីក្រ, ពីអ្នកជោគជ័យឬអ្នកល្បីល្បាញ ទៅអ្នកបរាជ័យឬអ្នកមិនល្បីល្បាញ, ពីអ្នកចេះដឹងទៅអ្នកល្ងង់...ចុះបើមនុស្សចាស់ខូច អ្នកធំ មិនល្អ អ្នកមានមិនស្មោះត្រង់ ប្រទេសធំមិនគោរពច្បាប់...នាំឱ្យក្មេង អ្នកតូច អ្នកក្រ ប្រទេសតូច និងអ្នកទន់ខ្សោយក៏ទទួលឥទ្ធិពលមិនល្អទាំងនោះដែរ។
ជាការពិតណាស់ ក្នុងគ្រួសារមួយ ប្រសិនបើឪពុកម្ដាយជាមនុស្សមានសីលធម៌ល្អ សម្ដីទន់ភ្លន់ គ្រប់គ្រងគ្រួសារបានល្អ មានទំនួលខុសត្រូវ ដោះស្រាយបញ្ហាប្រកបដោយ ហេតុផល ក៏នាំឱ្យកូនភាគច្រើនក្នុងគ្រួសារនេះទទួលបានគំរូល្អនេះដែរ។ ផ្ទុយទៅវិញ បើឪពុកម្ដាយ មានទម្លាប់អាក្រក់ មានឥរិយាបថមិនល្អ កូនរបស់ពួកគេក៏ទទួលយកគំរូមិន ល្អនោះដែរ។ ពិតហើយថា ដូងមួយធ្លាយមានតក់មាននាឡិ ដែលមានន័យថា មិនមែនកូន ទាំងអស់សុទ្ធតែទទួលយកឥទ្ធិពលទាំងស្រុងពីឪពុកម្ដាយនោះទេ កូនខ្លះបានក៏ទទួល ឥទ្ធិពលពីអ្នកជិតខាង ពីមិត្តភក្ដិ និងពីសង្គមផងដែរ។
ដូចគ្នាដែរ ក្នុងក្របខណ្ឌការដឹកនាំនិងការគ្រប់គ្រង មន្ត្រីថ្នាក់ក្រោម តិចឬច្រើនតែងតែទទួលឥទ្ធិពលពីអ្នកដឹកនាំជាន់ខ្ពស់របស់ខ្លួន ទាំងវិស័យសាធារណៈ សង្គមស៊ីវិល និងឯកជន។ ភាគច្រើន ប្រសិនបើថ្នាក់លើរបស់គេធ្វើការហ្មត់ចត់ គោរពវិន័យ គោរពច្បាប់...ពួកគេក៏ប្រព្រឹត្តទៅតាមនោះដែរ។ ប្រសិនបើមានអ្នកមិនប្រព្រឹត្តតាម ក៏មានមិនច្រើនដែរ។
ក្នុងកម្រិតទំនាក់ទំនងអន្តរជាតិ ប្រទេសតូច ប្រទេសក្រីក្រ ប្រទេសទន់ខ្សោយ តែងតែយកគំរូដឹកនាំតាមប្រទេសធំ ប្រទេសអភិវឌ្ឍ និងប្រទេសខ្លាំង លើវិស័យជាច្រើនដូចជា នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ច្បាប់...។ ឧទាហរណ៍ ប្រទេសកម្ពុជា ដែលជាប្រទេសទន់ខ្សោយមួយ បានទទួលឥទ្ធិពលពីបារាំង វៀតណាម ចិន អាមេរិកជាដើម លើវិស័យជាច្រើន។
ម្យ៉ាងទៀត ទាំងក្របខណ្ឌការគ្រប់គ្រងសង្គម ទាំងក្របខណ្ឌការគ្រប់គ្រងរដ្ឋ អ្នកមានចំណេះដឹងខ្ពស់ អ្នកមានឥទ្ធិពល និងអ្នកគ្រប់គ្រងគឺជាអ្នកបង្កើតប្រពៃណី ទំនៀមទម្លាន់ សាសនា សីលធម៌ និងច្បាប់ សម្រាប់គ្រប់គ្រងសង្គមនិងរដ្ឋ។ ក្នុងការបង្កើតនេះ ពួកគេបានបញ្ចូលគំនិត ទស្សនៈ ចំណោះដឹង បទពិសោធ ឆន្ទៈ និងបំណងប្រាថ្នារបស់ខ្លួនទៅក្នុងនិយាមសង្គមនិងបទដ្ឋានគតិយុត្តនេះផងដែរ។ ដូចគ្នាដែរ ក្នុងកម្រិតអន្តរជាតិ ប្រទេសមហាអំណាចបានចងគ្នាជាក្រុម អង្គការ និងស្ថាប័នអន្តរជាតិនានា ដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហគមន៍អាស៊ាន អង្គការណាតូ តុលាការយុត្តិធម៌អន្តរជាតិ...ដែលតិចឬច្រើនស្ថាប័នទាំងនេះ មានឥទ្ធិពលមកលើពិភពលោក។
ជាសន្និដ្ឋាន ភាគច្រើនបំផុត ឥទ្ធិពពិតជាជះពីលើមកក្រោម និងពីខ្លាំងទៅខ្សោយប្រាកដមែន ហើយឥទ្ធិពលនេះត្រូវបានអ្នកខ្សោយទទួលយកជាលក្ខណៈសង្គម។ ប៉ុន្តែ ក៏មានករណីតិចតួចដែរដែលមានការជះឥទ្ធិពលពីក្រោមទៅលើ ឬពីខ្សោយទៅខ្លាំង ហើយការជះឥទ្ធិពលនេះទៀតសោត ភាគច្រើនមានលក្ខណៈជាបុគ្គល មិនមានលក្ខណៈជាសង្គមទេ។ ឧទាហរណ៍ ពេលដែលប្រទេសបារាំងនិងវៀតណាម ចូលមកគ្រប់គ្រងប្រទេសកម្ពុជា នាំឱ្យអ្នកដឹកនាំ អ្នកគ្រប់គ្រង និងសង្គមខ្មែរទទួលយកឥទ្ធិពលរបស់បារាំងនិងវៀតណាមជាលក្ខណៈសង្គម ប៉ុន្តែ ក៏មានជនជាតិបារាំងនិងវៀតណាមខ្លះ បានទទួលយកឥទ្ធិពលរបស់សង្គមខ្មែរលើជ្រុងណាមួយ ជាលក្ខណៈបុគ្គលដែរ។
ដូច្នេះ បើចង់ឱ្យមានឥទ្ធិពលល្អនៅក្នុងសង្គម ស្ថាប័នជាតិ និងអន្តរជាតិ លុះត្រាតែអ្នកជះឥទ្ធិពលនានា ដូចជា ឪពុកម្ដាយ អ្នកមានចំណេះដឹង អ្នកដឹកនាំ អ្នកនយោបាយ ប្រទេសមហាអំណាច ប្រទេសខ្លាំង ស្ថាប័នអន្តរជាតិ ធ្វើគំរូល្អៗ និងកសាងអ្វីដែលល្អៗ ដើម្បីឱ្យអ្នកទទួលឥទ្ធិពលទទួលបានអ្វីដែលល្អៗដែរ។ បើមិនដូច្នេះទេ សង្គមខ្មែរ ក៏ដូចជាពិភពលោកទាំងមូល នឹងបន្តទទួលយកឥទ្ធិពលមិនល្អ និងនៅតែមានសភាពស្មុគស្មាញដូចសព្វថ្ងៃនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com