ជាតិ
សុខភាព
មន្ទីរពេទ្យ​ចក្ខុរោគ​ព្រះ​អង្គឌួង​ចំណាយ​ថវិកា ៨លាន​ដុល្លារ​នឹង​សម្ពោធ​ក្នុង​ខែឧសភា
25, Mar 2015 , 7:45 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ដែល​ត្រូវ​សង់​ក្រោម គម្រោង​ជំនួយឥតសំណង ៨លាន​ដុល្លារ​អាមេរិក​របស់ KOICA នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ខាងមុខ។



នា​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន​ស្តីពី​សកម្មភាព​វប្បធម៌​កូរ៉េ​ប្រចាំឆ្នាំ២០១៥ កន្លងមក មន្ត្រី​កម្មវិធី ទីភ្នាក់ងារ KOICA លោក ម៉ៅ ឌី​ណា បាន​ឲ្យ​ដឹងថា ការសាងសង់ និង​ការបំពាក់​ឧបករណ៍ នៅក្នុង​មន្ទីរពេទ្យ​ចក្ខុរោគ​ព្រះអង្គ​ឌួង នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ នៅ​ខែមេសា ឆ្នាំ២០១៥ខាងមុខ នេះ។ ដោយឡែក​ពិធី​សម្ពោធ​ជា​ផ្លូវការ​នោះ លោក​និយាយថា មជ្ឈមណ្ឌល​ចក្ខុរោគ ព្រះ​អង្គឌួង នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ក្រោម​អធិបតីភាព​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បន្តថា មជ្ឈមណ្ឌល​ភ្នែក​ដ៏​ទំនើប​នេះ ត្រូវបាន​សាងសង់ឡើង​នៅក្រោម គម្រោង​ជំនួយ ឥត​សំណង ៨លាន​ដុល្លារ​អាមេរិក ក្នុងនោះ ជំនួយ KOICA ចំនួន ៥,៥ លាន ដុល្លារ និង​មន្ទីរពេទ្យ​គីម​ចំនួន ២,៥ លាន​ដុល្លារ ដែលមាន​ឈ្មោះថា គម្រោង​សម្រាប់​ការ បង្កើត​មន្ទីរពេទ្យ​ចក្ខុរោគ​ព្រះ​អង្គឌួង ក្នុងប្រទេស​កម្ពុជា។

«មជ្ឈមណ្ឌល​ភ្នែក​ដ៏​ទំនើប​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អត្រា​នៃ​ការការពារ ការពិការ ភ្នែក និង​សេវា​ថែទាំ​សុខភាព​ភ្នែក​ទូទៅ​សម្រាប់​ប្រជាជន​កម្ពុជា»។ នេះ​ការរំពឹងទុក​យ៉ាង​មុតមាំ​របស់ លោក ម៉ៅ ឌី​ណា។

បើតាម​មន្ត្រី​ខាងលើ ចាប់ពី​ឆ្នាំ១៩៩១ រហូតមក​ត្រឹម​ឆ្នាំ ២០១៤  ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) បានផ្តល់​ជំនួយឥតសំណង ១៥៦ លាន ដុល្លារ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា។

គួរ​រម្លឹក​ផងដែរ​ថា មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា និង​កូរ៉េ ដែលមាន​ឈ្មោះថា គម្រោង​សម្រាប់ ការបង្កើត​មន្ទីរពេទ្យ​ចក្ខុរោគ​ព្រះអង្គ​ឌួង ត្រូវបាន​ចុះ​បឋមសិលា​សាងសង់ កាលពី​ខែតុលា ឆ្នាំ២០១៣ ៕




© រក្សាសិទ្ធិដោយ thmeythmey.com