ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​សមាសភាព គ.ជ.ប ពី​សង្គម​ស៊ីវិល
30, Mar 2015 , 11:14 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម​ សុខា បាន​ថ្លែងថា គណបក្ស​​ស​ង្គ្រោះ​ជាតិ​ត្រូវការ​ឲ្យ​សង្គម​ស៊ីវិល​ធ្វើជា​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៨ខាងមុខ។ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់បាន​ថា តំណាង​សង្គម​ស៊ីវិលប៉ុន្មានរូប​ដែល​នឹងត្រូវ​ជ្រើសរើស​នោះទេ។



នា​ពិធី​បង្សុកូល​រាប់​បាត​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាត់បង់​ជីវិត​ដោយសារ​ការ​គប់​គ្រាប់បែក កាលពី​ថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧ នៅ​ថ្ងៃទី៣០ ខែមិនា​នេះ លោក កឹម សុខា អនុប្រធាន​ទីមួយ​រដ្ឋ​សភា និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ​​​នឹង​​រើស​​សមា​ភា​ព គ.ជ.ប ថ្មី ពី​ខាង​អង្គការ​សង្គម​ស៊ីវិល។

លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា៖«សមាសភាព​សង្គ្រោះ​ជាតិ​ភាគច្រើន​គឺ សង្គម​ស៊ីវិល។ យើង​មិនទាន់​ស​ម្រ​ចរើស​ចំនួន​ប៉ុន្មាន​នាក់​ទេ។ យើង​រង់ចាំ​គាត់​ដាក់ពាក្យ​រួច​សិន»។

សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត ត្រូវបាន​ឯកភាពគ្នា​រវាង​ក្រុមការងារ​នៃ​គណបក្ស​ទាំងពី​កាលពី​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ ។ ច្បាប់​ដ៏​ចម្រូងចម្រាស​ទាំងពីរ​ស្តីពី​ការរៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ឆ្លង​ផុត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២៥ ខែមិនា​ហើយ​ហើយ​កំពុង​ស្ថិតក្នុង​ដៃ​ក្រុមប្រឹក្សាធម្មនុញ្ញ។ គណបក្ស​ទាំងពីរ​កំពុ​ង​រៀបចំ​សម្រេច​លើ​សមាសភាព​ទាំងរៀងៗខ្លួន។

យោងតាម​មាត្រា ៦ នៃ​ច្បាប់​ថ្មី​ស្តីពី​ការរៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត សមាសភាព​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​មាន​ចំនួន ០៩រូប ក្នុងនោះ សមាសភាព​គ.ជ.ប ៤រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង ៤រូប​ទៀត​ជ្រើសរើស​ដោយ​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​មិន​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល​ និង ​១រូប​ទៀត​ជ្រើសរើស​ដោយមាន​ការព្រម​ព្រៀង​រវាង​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា។

ការទទួល​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន​គ.ជ.ប​មាន​រយៈពេល១០ថ្ងៃ​ គឺ​គិត​ចាប់ពី​ថ្ងៃទី២៧ ខែ​មិនា ​រហូតដល់​ថ្ងៃទី៦ ខែមេសា៕



© រក្សាសិទ្ធិដោយ thmeythmey.com