ជាតិ
មេដឹកនាំ​ទូរទស្សន៍​ថ្មី«PNN»ត្រូវបាន​បង្ហាញ !
02, Apr 2015 , 4:36 pm        
រូបភាព
 
ភ្នំពេញ៖ PNN គឺជា​ស្ថានីយ៍ទូរទស្សន៍​ថ្មី​ដែល​បោះទុន​វិនិយោគ​ដោយ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជា៤០លានដុល្លារ​អាមេរិក។ស្ទូ​ឌី​យោ​ទូរទស្សន៍​ថ្មី PNN នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ពីរ​ពោលគឺ​ចាប់ពី​ខែមេសា ឆ្នាំ២០១៥ ខាងមុខ។នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទូរទស្សន៍​PNN ។ PNNអះអាងថា​ខ្លួន​មាន​ស្ទូ​ឌី​យោ​ទំហំ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។តើនរ​ណាខ្លះ​ជា​មេដឹកនាំ​ទូរទស្សន៍​ថ្មី PNN?



រហូតមកដល់​ពេលនេះ មេដឹកនាំ​ទូ​ទស្សន៍​PNN ត្រូវបាន​គេ​ដឹងថា មាន​លោក​Glen Felgateអគ្គនាយក​ស្ថានីយទូរទស្សន៍​PNN។ លោក Glenធ្លាប់មាន​ប្រវត្តិ​គ្រប់គ្រង​ទូរទស្សន៍ CTN និង​ក្រុមហ៊ុន​ព័ត៌មាន​នៅ​ប្រ​ទស​មី​យ៉ាន់​ម៉ា។

បន្ទាប់ពី​លោក Glenថ្នាក់ដឹកនាំ​ទូរទស្សន៍​បានសម្រេច​តែងតាំង​ជនជាតិ​ថៃ លោក SupitRattichunhachotក្នុង​តំណែង​ជា​អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​ផលិតកម្ម​វិធី, លោក សោម ឆា​យ៉ា ដែល​ធ្លាប់​កាន់កាប់​ទូរទស្សន៍ CTN ដែរនោះ ត្រូវបានតែងតាំង​ជា​អគ្គនាយករង PNN ទទួលបន្ទុក​ផ្នែក​ព័ត៌មាន។ លោក ប៉ែន បូ​ណា អតីត​និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ ត្រូវបានតែងតាំង​ជា​និពន្ធ​នាយក​ព័ត៌មាន​នៃ PNN។ នេះ​បើ​យោងតាម​លោក Glen Felgateដែល​បាន​ថ្លែង​បញ្ជាក់ប្រាប់ថ្មីៗនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២ខែមេសា​នេះ។

ក្រៅពី​មេដឹកនាំធំៗនៃ PNN ប្រភពព័ត៌មាន​មួយចំនួន​បានអោយដឹងថា អ្នកកាសែត​របស់​PNNសុទ្ធតែ​មានបទពិសោធន៍​ព័ត៌មានខ្ពស់។ អ្នកកាសែត​ទាំងនោះ មានមក​ពី​ពី​វិទ្យុ​អាស៊ីសេរី ពី​ទូរទស្សន៍​ហង្ស​មាស ពី​ទូរទស្សន៍ CNC ពី​វិទ្យុ​ស្ត្រី ១០២។ល។

លោក Glen Felgateអគ្គនាយក​ស្ថានីយទូរទស្សន៍​PNNដែល​ធ្លាប់មាន​ប្រវត្តិ​គ្រប់គ្រង​ទូរទស្សន៍ CTN និង​ក្រុមហ៊ុន​ព័ត៌មាន​នៅ​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា៖«នេះ​ជាការ​វិនិយោគ​ដ៏​ធំ​មួយ​ដែល​យើង​ជឿជាក់ថា​នឹង​លើកកម្ពស់​គុណភាព​វិស័យ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ឈានឡើង​មួយកម្រិត​ទៀត ។ លើសពីនេះ​ការផ្សាយ​របស់​ស្ថានីយទូរទស្សន៍ PNN នឹង​គ្របដណ្តប់​ទូទាំងប្រទេស»។

មាន​ទីតាំង​ក្នុង​ខណ្ឌ​ជ្រោយចង្វា ជាយ​រាជធានី​ភ្នំពេញ​ស្ទី​ឌី​យោ​របស់​ទូរទស្សន៍ PNN ដែល​ចាប់ដំណើរការ​ពី​ខែមេសា ខាងមុខ​មាន​បុគ្គលិក​ជាង៣០០នាក់ បំពេញការងារ​ទៅតាម​ជំនាញ​និង​ផ្នែករៀងៗខ្លួន។

ទីតាំង​ទាំងមូល​របស់​ទូរទស្សន៍ PNN ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន LYP Group របស់លោក លី យ៉ុង​ផាត់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​សាងសង់ឡើង​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជាង១០លាន​ដុល្លារ​អាមេរិក​ហើយ១០លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត ត្រូវបាន​ចំណាយ​លើ​ផ្នែក​បច្ចេកទេស។

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មានថ្មីៗកាលពីពេលថ្មីៗកន្លងមក លោក ប៉ែន បូ​ណា​ដែល​បាន​ចាក​ចេញពី​តំណែង​និពន្ធ​នាយក​វិទ្យុ​បារាំង RFI ទៅកាន់​តំណែង​ដូចគ្នា​ក្នុង​ទូរទស្សន៍ PNN បាន​អះអាងថា​ទូរទស្សន៍​ថ្មី​របស់លោក​ត្រូវតែ​ខុសប្លែក​ពី​បណ្តាញ​ទូរទស្សន៍​ដែលមាន​ស្រាប់។
សូមបញ្ជាក់ថា ទុនវិនិយោគ​ទូរទស្សន៍​ថ្មី​នេះ ត្រូវបាន​គេ​បាន​ក្រុម​ប៉ាន់​ស្មានថា អស់​ទឹកប្រាក់​ចំនួន៤០លាន​ដុល្លារ​អាមេរិក៕





© រក្សាសិទ្ធិដោយ thmeythmey.com