ជាតិ
សង្គមជាតិ
មេបញ្ជាការ​កងរាជអាវុធហត្ថ​បញ្ជា​ឲ្យ​ចាប់​រថយន្ត និង​ម៉ូតូ ពាក់​ស្លាក​លេខ ខ.ភ.ម
09, Apr 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​លោក រ័ត្ន ស្រ៊ាង បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អោយ​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​ចាត់វិធានការ​ចាប់​រថ​យន្ត និង​ម៉ូតូ ពាក់​ស្លាក​លេខ ខ.ភ.ម។ ការចេញ​បទបញ្ជា​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នេះ គឺ ធ្វើឡើង​ទៅតាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល។



មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក រ័ត្ន ស្រ៊ាង កាលពី​ថ្ងៃទី៨ ខែមេសា ម្សិលមិញ បាន​សរសេ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា កងរាជអាវុធហត្ថ​ត្រូវធ្វើ​ការពិនិត្យ​ទៅលើ​យាន្ត​ជំនិះ​ទាំងឡាយ ដែល​ពាក់​ស្លាក​លេខខ.ភ.ម.និង​រថយន្ត​ដាក់​ស្លាក​ដែល​ចេញពី​ក្រសួង​ពីរ​ឬ​បី ដាក់​នៅក្នុង​កញ្ចក់​រថ​យន្ត​របស់ខ្លួន​តែមួយ​នោះ។លោក​ថា មាន​អ្នកខ្លះ ខ្លួន​ជាម​ន្ត្រី​អាវុធហត្ថ​ផង ជា​នគរបាល​ផង​និង​ជា​អង្គរក្ស​ផង។

ចំពោះ​បញ្ហា​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា ដល់​កងកម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​បោសសំអាត ចាប់​ឃាត់ទុក ឡាន ម៉ូតូ​ដែល​ពាក់​ស្លាក​លេខ ខ.ភ.ម.ខុសច្បាប់ និង​ឡាន​ដែល​ដាក់​ស្លាក​លេខ​ដែល​ចេញពី​ក្រសួង​ពីរ ឬ​បី។ ការដាក់​បទបញ្ជា​នេះ គឺ​យោងតាម​អនុសាសន៍ ប្រមុខ​រដ្ឋាភិបាល​អោយ​បោសសំអាត​ឲ្យ​អស់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​ដោយ​ធ្វើយ៉ាងណា​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ​និង​សង្គមជាតិ ជូន​ពលរដ្ឋ។

ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​ធ្លាប់បាន​លើកឡើងថា មាន​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ភ.ម នគរបាល ជាដើម​នោះ​យកទៅ​ប្រព្រឹត្ត​បទល្មើសផ្សេងៗ ដូចជា​យកទៅ​ដឹកឈើ និង​យកទៅ​ធ្វើជា​ខ្នងបង្អែក​កាប់​ឈើ​ខុសច្បាប់​ជាដើម។ ម្យ៉ាងវិញទៀត​រដ្ឋាភិបាល​មិនដែល​ចាត់វិធានការ​អោយមាន​ប្រ​សិទ្ឋិ​ភាព​ម្តងណា​ឡើង​ចំពោះ​ល្លាក​លេខ ខ.ភ.ម និង​នគរបាល​ជាដើម​នោះ។បញ្ហា​នេះ ហាក់​ក្លាយទៅជា​សង្គម​អនាធិប្បតេយ្យ និង​ភាពសាមញ្ញ​ទៅហើយ​នៅក្នុង​ប្រទេស​កម្ពុជា។

អត្ថបទ៖ គង់ ប៊ុន​ណា​វិទ្យុ FM 102






© រក្សាសិទ្ធិដោយ thmeythmey.com