ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រសួង​ប្រកាស​ទទួល​ពាក្យ​ប្រកួត​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ២០១៥
30, Apr 2015 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ នៅ​ថ្ងៃទី៣០ ខែមេសា​នេះ ក្រសួង​ប្រៃសណីយ៍​បានប្រកាស​ទទួល​ពាក្យ​បេក្ខជន នៅ​ទូទាំងប្រទេស ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ទាំងអស់ ដើម្បី​ចូលរួម​ប្រកួត ប្រជែង​យក​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ឆ្នាំ២០១៥ ។ ជ័យលាភី​ក្នុង​កម្ម វិធី​នេះ នឹង​ទទួលបាន​ពានរង្វាន់ និង​ថវិកា​ជាង ១ពាន់​ដុល្លារ​អាមេរិក ពិសេស​ទៀត​នោះ ជ័យលាភី​ឆ្នើម​នឹង​ក្លាយជា​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​ថ្នាក់​តំបន់​អាស៊ាន (ASEAN ICT Awards) ផងដែរ។


ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​គោលបំណង​លើកតម្កើង​នូវ​ការយល់ដឹង​ខាង​ផ្នែក​បច្ចេកវិទ្យា​គម​នា​គន៍ និង​ព័ត៌មាន​ក្នុង​ស្រទាប់​សាធារណជន និង​កាត់បន្ថយ​គម្លាត​ឌីជីថល​នៅក្នុង​សហគមន៍​ជំនួញ និង​ប្រជាជន។

នា​ពិធី​ប្រកាស​បើក នៅ​ថ្ងៃទី៣០ ខែមេសា​នេះ លោក កាន ច័ន្ទ​មេ​តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ បាន​ថ្លែងថា បេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ​ចូលរួម​ប្រកួត ត្រូវតែ​មានគំនិត ថ្មី​ក្នុង​ការបង្កើត​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។


លោក​បញ្ជាក់ថា បេក្ខជន និង​ក្រុមហ៊ុន​ដែល​មានបំណង​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​នឹងត្រូវ​ទទួល​ការវាយតម្លៃ​ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​មួយចំនួន ក្នុងនោះ រួមមាន គំនិត​ច្នៃ​បង្កើត​មានតែ​មួយ អះអាង​បញ្ជាក់​ពី​សក្តានុពល​ទីផ្សារ ឬ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ ផលិតផល និង​លក្ខណៈសម្បត្តិ​របស់​ផលិតផល ព្រមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​នោះ។

ក្នុងឱកាស​នោះដែរ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ លោក ស៊ុន រ៉ា​ពី​ដ បាន​ឲ្យ​ដឹងថា ការប្រកួតប្រជែង​យក​ពានរង្វាន់​នេះ បើកទូលាយ​ដល់​សាធារណៈជន​ដែលមាន​សមត្ថភាព​ចូលរួម​ប្រកួតប្រជែង​ទាំង​បុគ្គល​ឯកជន វិស័យ​សាធារណៈ និង​ទាំង​ឯកជន ពាក់ព័ន្ធ​នានា។

«នេះ​ជាការ​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​នៅ​កម្ពុជា ឆ្ពោះទៅ​កាន់តែ​ទំនើប​ដូច​ប្រទេស​អភិ វឌ្ឍន៍​នានា ជាពិសេស​គឺ ធនធាន​យុវជន​ជំនាន់​ក្រោយ»។ នេះ​ជាការ​ថ្លែង​បញ្ជាក់​របស់ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ នៃ​ក្រសួង​ប្រៃសណីយ៍។

បើតាម​លោក ស៊ុន រ៉ា​ពី​ដ ការទទួល​ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន កម្ពុជា ២០១៥ (Cambodia ICT Awards 2015) នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។ ដោយឡែក លទ្ធផល​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ នឹង​ប្រកាស​នៅ​ថ្ងៃទី១៩ ខែមិថុនា ២០១៥ ។  

ចំពោះ​សំណុំបែបបទ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ លោកអ្នក​អាច​ទាញយក​ពី​គេហទំព័រ www.cambodiaictaward.com ដោយផ្ទាល់ រួច​លោកអ្នក​អាចបំពេញ​ពាក្យ​ចុះឈ្មោះ​តាមរយៈ​ទម្រង់​ពាក្យ​អេឡិចត្រូនិក បន្ទាប់មក​ផ្ញើ URL វីដេអូ នៅលើ Youtube មុននឹង​ចុច​ប៊ូ​តុង Submit ។

គួរ​បញ្ជាក់ថា សំណុំបែបបទ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង និង​ឯកសារ​ពាក់ព័ន្ធ​នានា ក្នុង​ស្រោមសំបុត្រ​ត្រូវ​បិទ​ជិត​ដោយ​ដៃ​ជាមួយ​ត្រា​បញ្ជាក់​ក្រុមហ៊ុន​របស់​សា​ម៉ី​ខ្លួន​រួច ហើយ​ផ្ញើរ​ទៅកាន់​អាស័យដ្ឋាន​ខាងលើ ឬ អាស័យដ្ឋាន​អ៊ី​ម៉ែ​ល [email protected]

លោកអ្នក​អាចទាក់ទង​សួរ​ព័ត៌មាន​លម្អិត​តាមរយៈ លោក អៀង កំ​រ៉ង ទូរស័ព្ទ លេខ ០១២ ៧១៣ ៧១៤ និង​លោក ស៊ុន រ៉ា​ពី​ដ ទូរ​សព្ទ​លេខ ០១៦ ៨៦៨ ៩៨៤ និង អាស័យដ្ឋាន​អ៊ី​ម៉ែ​ល

[email protected]

អត្ថបទពាណិជ្ជកម្ម



© រក្សាសិទ្ធិដោយ thmeythmey.com