ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការប៉ះទង្គិច​ផ្លូវចិត្ត អាច​ប៉ះពាល់ដល់​បេះដូង​របស់​ស្ត្រី
07, Sep 2023 , 10:59 pm        
រូបភាព
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ស្ត្រី​វ័យ​កណ្តាល និង​ស្ត្រី​ដែលមាន​វ័យ​ចំណាស់ ដែលមាន​ជំងឺ​គម្រាមកំហែង​ដល់​អាយុជីវិត ឬ​ធ្លាប់មាន​មនុស្ស ដែល​ខ្លួន​ស្រឡាញ់​ស្លាប់ អាច​ប្រឈមមុខ ៦៥ ភាគរយ នៃ​ការកើនឡើង​ហានិភ័យ លើ​ការ​គាំងបេះដូង។ អ្នកស្រាវជ្រាវ​បាន​បន្ថែមថា ហើយ​ប្រវត្តិ​បញ្ហា​នៃ​ការចងចាំ អាច​បង្កើន​ហានិភ័យ នៃ​ការ​គាំងបេះដូង​ទ្វេដង។



អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា ព្រឹត្តិការណ៍​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត អាច​បង្កើន​កម្រិត​ស្ត្រេ​ស​របស់​ស្ត្រី ទៅដល់​ចំណុច​ដែល​បេះដូង​របស់គេ អាច​ត្រូវបាន​ប៉ះពាល់។
វេជ្ជបណ្ឌិត មី​ឆែ​ល អាល់​ប៊ឺ​ត (Michelle Albert) បាន​និយាយថា លទ្ធផល​របស់​យើង​បាន​បង្ហាញថា ទោះបីជា​ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវចិត្ត​តែមួយ ដែល​អាច​កើតមានឡើង​រយៈពេល​យូរ ឬថ្មីៗក៏ដោយ អាចទាក់ទង​គ្នា​ទៅនឹង រឿង​មួយចំនួន​នៃ​បញ្ហា​ស្ត្រេ​ស ដែលមាន​ផល​អវិជ្ជមាន​ទៅលើ​បេះដូង។

អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​ស្ត្រី​ជនជាតិ​អាមេរិក ២៦៧ នាក់ ដែល​ធ្លាប់មាន​ប្រវត្តិ​មាន​ជំងឺ​គាំងបេះដូង ទៅនឹង​ស្ត្រី ២៨១ នាក់ ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​គាំងបេះដូង ដែលមាន​អាយុ និង​ការជក់បារី​ដូចគ្នា។

វេជ្ជបណ្ឌិត Albert បាន​និយាយថា ក្នុងចំណោម​ស្ត្រី​ទាំងនេះ ព្រឹត្តិការណ៍​អវិជ្ជមាន នៅក្នុង​ជីវិត ដូចជា​ការ​អត់​ការងារ​ធ្វើ ឬ​ការ​មាន​ជំងឺ​ធ្ងន់ ឬ​គ្រោះថ្នាក់ បញ្ហា​សេដ្ឋកិច្ច ឬ​ការស្លាប់​របស់​នរណាម្នាក់​ជិតស្និទ្ធ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង ការកើនឡើង​ហានិភ័យ នៃ​ការ​គាំងបេះដូង​ចំពោះ​ស្ត្រី​ដែលមាន​អាយុ​វ័យ​កណ្តាល និង​ស្ត្រី​ដែលមាន​អាយុ​ច្រើន ដែលមាន​ប្រាក់ចំណូល​ទាប។

គាត់​បាន​និយាយថា ស្ត្រី​ដែលមាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ មានការ​កើនឡើង​ហានិភ័យ​ទ្វេដង​ទៅនឹង​ការ​គាំងបេះដូង បើ​ធៀប​ទៅនឹង​អ្នក ដែល​មិនមាន​បញ្ហា​សេដ្ឋកិច្ច​នោះ។
បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត ដូចជា​ការស្លាប់​កូន ជំងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះ​ថ្នាក់លើ​មនុស្ស​ជិតស្និទ្ធ ឬ​ជា​ជនរងគ្រោះ​នៃ​បញ្ហា​អ្វីមួយ ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង ជិត ៧០ ភាគរយ នៃ​ការកើនឡើង​ហានិភ័យ នៃ​ការ​គាំងបេះដូង។ ដូច​ទៅនឹង​បញ្ហា នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត ជំងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះថ្នាក់​នៃ​ប្តី ឬ​ប្រពន្ធ ឬ​កូន ត្រូវបាន​ទាក់​ទៅនឹង ការកើនឡើង​ហានិភ័យ នៃ​ការ​គាំងបេះដូង ៦២ ភាគរយ។

វេជ្ជបណ្ឌិត Albert បាន​និយាយថា វា​មិន​ច្បាស់​ថា​តើ​ស្ត្រី ងាយ​នឹងមាន​ស្ត្រេ​ស ឬថា​តើ​ស្ត្រេ​ស​កើតមាន​ជាទូទៅ​លើ​ស្ត្រី និង​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប​នោះទេ។
ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Circulation: Cardovascular Quality and Outcome៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com