ជាតិ
តំបន់​មួយចំនួន​នៅ​ភ្នំពេញ ខេត្ត​កណ្តាល រួមទាំង​ខេត្ត​សៀមរាប ជួប​បញ្ហា​អគ្គិសនី
05, May 2015 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី៧ដល់​ថ្ងៃទី១០ខែឧសភា​ឆ្នាំ២០១៥ ។ ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​សេចក្តី ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា (EDC)។ ស្របពេល​ជាមួយគ្នា អគ្គិសនី​សៀមរាប ក៏បាន​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ចាប់ពី​ថ្ងៃទី៥ ដល់ទី៧ ខែឧសភា នៅ​តំបន់​មួយចំនួន​ផងដែរ។



សេចក្តី​ដំណឹង​ចុះ​ថ្ងៃទី៤ខែឧសភា បាន​ឲ្យ​ដឹងថា​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៤រសៀល ថ្ងៃទី៧ខែឧសភា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P២៥៤ ស្ថិតនៅ​ភូមិ​រោងចក្រ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​តំបន់​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ចាប់ពី​សង្កាត់​តាខ្មៅ រហូតដល់​សង្កាត់​ព្រែក​ហូរ ក្នុង​តាខ្មៅ ខេត្តកណ្តាល។

«នៅ​ថ្ងៃទី៨ខែឧសភា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P១១៤៥ ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​រោងចក្រ ភូមិ​ច្រេស ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភូមិ​តា​ងួន ភូមិ​គោក​ឃ្លាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយឡែក​នៅ ថ្ងៃ​សៅរ៍​ទី៩ខែឧសភា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៥៥៨ ប.ត​៥៥៨A ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី គីឡូម៉ែត្រ​លេខ៦ រហូតដល់​សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដដែល។

សេចក្តីជូនដំណឹង​បន្តថា​នៅ​ថ្ងៃអាទិត្យ​ទី១០ខែឧសភា ចាប់ពី​ម៉ោង៨ព្រឹក​ដល់​ម៉ោង៥ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​D០៣ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣០៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៥១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ភ្នំពេញ​ថ្មី ភូមិ​ប៉ា​យាប ភូមិ​ពោងពាយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។

ដោយឡែក យោងតាម​ការជូនដំណឹង​របស់លោក គង់ ពុ​ទ្ធី ប្រធាន​អគ្គិសនី​សៀមរាប ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទ្វារ​ចរន្ត​លេខ០៣ លេខ០៦ ក៏ត្រូវ​ផ្អាក​ផងដែរ​ចាប់ពី​ម៉ោង​ដល់​ម៉ោង៥ល្ងាច​ពីថ្ងៃ​ទី៥ ដល់​ថ្ងៃទី៧ ខែឧសភា។ ការផ្អាក​នេះ គឺ​ដើម្បី​ធ្វើការ​ជួសជុល​ខ្សែបណ្តាញ MV និង​ភ្ជាប់​បណ្តាញ​ថ្មី​របស់​អគ្គិសនី​ខេត្ត។

ភូមិ​ក្នុង​ខេត្តសៀមរាប​ដែល​ត្រូវ​ប៉ះពាល់​រួមមាន ភូមិ​វត្ត​បូព៌ សាលា​កំរើក ខ្នារ ជ្រាវ បុស្ស​ក្រឡាញ់ គោកធ្លក ជន្ល​ង ត្រពាំង​ទឹម វត្ត​ដំណាក់ ចុង​កៅស៊ូ អំពិល ត្រៀក តាវៀន វាល បង្កោង ប្រិ​យិ៍​ថ្មី គោក​ស្នួល ខ្នាត ទឹកថ្លា គោក​ត្នោត ត្រាង ស្ពាន​ក្អែក សំបួរ ក្រសាំង​រលើង លលៃ ស្រ​ង៉ែ ថ្មី តា​ចេក រកា​ធំ គ្រួស ភ្ញា​ជ័យ វត្ត​ស្វាយ ស្វាយដង្គំ៕



© រក្សាសិទ្ធិដោយ thmeythmey.com