ជាតិ
អ្វីខ្លះជាឱវាទ៣ប្រការ របស់ព្រះពុទ្ធ ?
× ព្រះសម្មាសម្ពុទ្ឋ ជាបុគ្គលត្រាស់ដឹងនូវសព្វញ្ញូតញ្ញាណ (ការសម្រេចដឹងអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ) កាលពីជាង ២៥០០ឆ្នាំមុន នៅប្រទេសឥណ្ឌា ។ ធម៌ដែលព្រះអង្គទ្រង់សម្តែងមិនមែនជាអ្វីដែលព្រះអង្គទ្រង់បង្កើតឡើងដោយព្រះអង្គឯងនោះទេ តែជាអ្វីដែលមានស្រាប់ហើយក្នុងធម្មជាតិគ្រាន់តែព្រះអង្គ ទ្រង់ស្វែងរកឃើញ ហើយសម្តែងដល់សត្វលោកទាំងពួង ដើម្បីបានយល់អំពីសច្ចធម៌ (រឿងពិតក្នុងធម្មជាតិ) ទាំងនោះ សម្រាប់ជាប្រយោជន៍ដល់សត្វលោក។
អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹងរបស់ព្រះអង្គ ព្រះអង្គទ្រង់លះបង់ព្រះកាយពលក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដោយព្រះមហាករុណា ដើម្បីឲ្យសត្វលោកទាំងនោះបានសម្រេចនូវធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វាន (ការរលត់សង្ខារ) ព្រះអរហន្ត (បុគ្គលសម្រេចធម៌ដោយការប្រតិបត្តិ និងការស្តាប់នូវព្រះធម៌ពីព្រះសម្មាសម្ពុទ្ឋ) និងអ្នកប្រាជ្ញទាំងឡាយ បានប្រមូលចងក្រងព្រះធម៌ទាំងនោះ ឲ្យក្លាយជាគម្ពីរ មានលក្ខណៈជារបៀបតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដក (គម្ពីរបីប្រភេទ ក្នុងព្រះពុទ្ឋសាសនា រួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម)។
ព្រះធម៌ដែលលោកអ្នកប្រាជ្ញចងក្រងទាំងនោះ បើគិតជាប្រភេទនៃគម្ពីរមាន៣គម្ពីរ។ ៣គម្ពីរបើគិតជាក្បាលមាន១១០ក្បាល។ ១១០ក្បាលបើគិតជាខន្ឋ មាន៨៤០០០ព្រះធម្មខន្ឋ ។ ដូច្នេះយើងឃើញថា ព្រះធម៌ដែលព្រះសាស្តានៃយើងទ្រង់សម្តែងរយៈពេល៤៥ព្រះវស្សា គឺមានរហូតដល់៨៤០០០ព្រះធម្មខន្ឋ តែសង្ខេបមកគឺនៅសល់តែបីប្រការ ដែលជាមូលដ្ឋានឱវាទដ៏សំខាន់ក្រៃលែង ដែលព្រះអង្គទ្រង់អប់រំមនុស្ស ដើម្បីជាមាគ៌ាឆ្ពោះទៅកាន់សុខសុភមង្គលក្នុងជីវិតរស់នៅបច្ចុប្បន្ន និងទៅបរលោក។ ព្រះពុទ្ឋឱវាទទាំងបីប្រការនោះគឺ៖
១. ការមិនធ្វើអំពើបាប (អំពើអាក្រក់) ទាំងពួង
២. ការធ្វើអំពើកុសល (អំពើល្អ) ទាំងពួង
៣. ការធ្វើចិត្តឲ្យស្អាតផូរផង់
ការមិនធ្វើអំពើបាប សំដៅទៅលើអំពើអ្វី? ការធ្វើអំពើល្អ សំដៅទៅលើអំពើអ្វី? ហើយការធ្វើចិត្តឲ្យស្អាតផូរផង់ សំដៅទៅលើការសម្អាតចិត្តយ៉ាងដូចម្តេច?
ការមិនធ្វើអំពើបាប៖ គឺលោកចង់អប់រំមនុស្សទាំងឡាយ ឲ្យឈប់បន្តការប្រព្រឹត្តនូវអំពើបាបទាំងពួងដែលខ្លួនធ្លាប់មានពីអតីតកាល និងបច្ចុប្បន្ន ដែលបង្កផលប៉ះពាល់ និងការឈឺចាប់ដល់មនុស្សសត្វដទៃ និងនាំឲ្យខ្លួនឯងវិនាសអន្តរាយ ។ អំពើបាបទាំងនោះ មានដូចជា ការកាប់សម្លាប់ជីវិតមនុស្សសត្វ ការឆក់យកទ្រព្យដោយមានម្ចាស់ហួងហែង ការប្រព្រឹត្តឆ្គាំឆ្គងលើកូនប្រពន្ឋអ្នកដទៃ ការភូតកុហកបោកប្រាស់សាធារណជនដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ការជិះជាន់កេងប្រវញ្ចជញ្ជក់ឈាមជនស្លូតត្រង់ក្រោមស្លាកនៃអំពើល្អ ។ល។ ដូច្នោះ ក្នុងជីវិតរស់នៅ ដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ ក្នុងសង្គម ក្នុងពិភលោក គេត្រូវយកមាគ៌ាសន្តិភាពប្រតិបត្តិ ហើយដើម្បីទទួលបានសុខសន្តិភាព គឺតម្រូវឲ្យបុគ្គលគ្រប់រូបបញ្ឈប់អំពើដ៏លាមកទាំងអស់នោះ ដែលធ្លាប់មានក្នុងសន្តានរបស់ខ្លួន ។
ការធ្វើអំពើល្អ៖ គឺព្រះអង្គមានព្រះបំណងឲ្យយើងគ្រប់គ្នាចាប់ផ្តើមធ្វើអំពើល្អទាំងពួង មិនមែនឈប់ធ្វើអំពើអាក្រក់ហើយ ឈប់ធ្វើអ្វីៗ ហើយសំងំនៅស្ងៀមនោះទេ ។ការធ្វើអំពើល្អ ដូចជា ការមិនបៀតបៀនឈ្នានីសអ្នកដទៃ ការចេះជួយសង្គ្រោះអ្នកដទៃ ចេះចែករំលែកសេចក្តីសុខ និងទ្រព្យសម្បត្តិដែលខ្លួនមានដល់អ្នកដទៃ ចូលរួមជួយដោះស្រាយបញ្ហាសាច់ញាតិ ក្រុមគ្រួសារ បងប្អូនក្នុងសហគមន៍ និងជួយគិតគូរដល់បញ្ហាសង្គមយើងទាំងមូលផងដែរ។ ព្រោះថាសុខទុក្ខរបស់ប្រទេសយើង គឺជាសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាជនរួមជាតិសាសនារបស់យើងទាំងអស់គ្នា ។ការលះបង់ផលប្រយោជន៍ និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីមនុស្សក្នុងលោក ជាពិសេសជនរួមឈាមនៃយើង គឺជាអំពើដ៏ប្រពៃមួយ ដែលព្រះជិនស្រីនៃយើង ទ្រង់កោតសរសើរ ហើយសូម្បីអ្នកប្រាជ្ញទស្សនវិទូក្នុងលោក ក៏ឲ្យតម្លៃដែរ។ ហើយលោកអ្នកប្រាជ្ញទាំងនោះតែងចាត់ទុកបុគ្គលប្រភេទនេះថា ជាអ្នកមានឧត្តមគតិខ្ពង់ខ្ពស់ រស់នៅមានប្រយោជន៍ក្រៃលែងដល់មនុស្សជាតិ ។
ការធ្វើចិត្តឲ្យស្អាតផូរផង់៖ គឺលោកចង់ឲ្យយើងជម្រះចិត្តឲ្យស្អាតបរិសុទ្ឋ ដោយកម្ចាត់ចោលនូវកិលេស ជាគ្រឿងសៅហ្មងទាំងឡាយឲ្យអស់ ដែលដុះក្នុងសន្តានចិត្តរបស់យើង។ គ្រឹះនៃកិលេសដែលធ្វើឲ្យចិត្តយើងសៅហ្មង កន្ទក់កន្ទិចនោះ គឺ លោភៈ (សេចក្តីចង់បាននូវអ្វីៗគ្រប់យ៉ាងគ្មានព្រំដែន) ទោសៈ (ការក្រោធខឹងនឹងវត្ថុក្នុងលោក) មោហៈ (ភាពវង្វេងក្នុងលោក ដោយយល់ខុសពីការពិតចំពោះធម្មជាតិ) ។
ឱវាទទាំងបីប្រការនេះប្រៀបដូចជា ទឹកក្នុងពាង ដែលពោរពេញទៅដោយកករ។ ដើម្បីឲ្យទឹកពាងនោះមានភាពថ្លាបរិសុទ្ឋ សម្រាប់ជាប្រយោជន៍ដល់ជនានុជនបាន នោះអ្នកត្រូវតែ បញ្ឈប់ការចាក់ទឹកដែលមានកករថែមចូលទៅក្នុងពាង (អំពើបាបដែលខ្លួនធ្វើកន្លងមក ត្រូវឈប់ប្រព្រឹត្ត)ហើយស្តារទឹកពាងចាស់ ដែលពោរពេញទៅដោយកករនោះចេញឲ្យអស់។ បន្ទាប់មក អ្នកត្រូវព្យាយាមយកទឹកថ្មី ដែលស្អាតបរិសុទ្ឋគ្មានកករ គ្មានមេរោគ ដាក់ក្នុងពាងវិញ (ឈប់ធ្វើអំពើអាក្រក់ហើយ ត្រូវចាប់ផ្តើមធ្វើអំពើល្អដោយចេះជួយអ្នកដទៃ)។ជាចុងក្រោយពេលដែលយើងបានដាក់ទឹកថ្មីដែលស្អាតល្អហើយ យើងត្រូវបន្តថែរក្សាទឹកនោះឲ្យបរិសុទ្ឋជាដរាប ដោយការពារមិនឲ្យល្អងធូលី ឬមេរោគផ្សេងៗចូលក្នុងទឹកពាង (ពេលធ្វើអំពើល្អ ត្រូវចេះរក្សាចិត្តនៅជ្រះថ្លាជានិច្ចក្នុងការធ្វើអំពើល្អទាំងនោះ ដោយមិនងាករេទៅប្រព្រឹត្តអំពើបាបឡើងវិញ) ។
ឱវាទអប់រំទាំងបីប្រការនេះពិតជាសំខាន់ណាស់សម្រាប់មនុស្សលោក ព្រោះថាប្រសិនបើមនុស្សគ្រប់វណ្ណៈក្នុងសង្គម ក៏ដូចជាក្នុងពិភពលោកទាំងមូល មានធម៌ទាំងបីប្រការនេះ។ តើអ្នកអាចឆ្លើយបានទេថា តើអំពើហិង្សាក្នុងគ្រួសារ ភាពចលាចលវឹកវរក្នុងសង្គម សង្គ្រាមលើពិភពលោក អាចកើតឡើងតាមររៀបណា បើមនុស្សមិនធ្វើអំពើបាប (មិនបៀតបៀនគ្នា) ធ្វើតែអំពើល្អ (ធ្វើល្អ និងចេះជួយសង្គ្រោះគ្នាទៅវិញទៅមក) បេះដួងផូរផង់ (ម្នាក់ៗសុទ្ឋតែជាមនុស្សស្អាតបរិសុទ្ឋិរៀងៗខ្លួន) ?
ព្រះពុទ្ឋឱវាទទាំងបីប្រការនេះ មិនមែនគ្រាន់តែជាការអប់រំរបស់ព្រះបរមគ្រូនៃយើងនោះទេ តែជាឱវាទរបស់ព្រះពុទ្ឋគ្រប់ព្រះអង្គ៕
© រក្សាសិទ្ធិដោយ thmeythmey.com