ជាតិ
ព្រំដែន
សង្គមជាតិ
ខ្មែរក្រោម​នឹង​បញ្ចប់​ការថត​ចម្លង​ឯកសារ​ទាក់ទង​ដី​កម្ពុជា​ក្រោម​ជាង ៥ពាន់​ទំព័រ​ត្រឹម​ខែមិថុនា
08, May 2015 , 11:43 am        
រូបភាព
ដោយ:

ភ្នំពេញ៖ ឯកសារ​ប្រវត្តិសាស្ត្រ​ជាង ៥ពាន់​ទំព័រ ដែល​ទាក់ទង​នឹងអាណានិគមនិយម​បារាំង​កាត់​ទឹកដី​ខ្មែរក្រោម​ឲ្យ​វៀតណាមក្នុងអំឡុង ឆ្នាំ១៩៤៩នោះ នឹងត្រូវ​ថតចម្លង​រួចក្នុងអំឡុង​ខែមិថុនា ឆ្នាំ២០១៥នេះ។



សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យបាន​ស្រាវជ្រាវ​រកឃើញឯកសារ​ទាំងនោះ នៅក្នុង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ​បារាំង​ហើយ​បច្ចុប្បន្ននេះ ពួកគេ​បាន​ថតចម្លង​រួច​ជាង​ពាក់កណ្តាល​ផង។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹងថា សមាជិក​នៃសមាគមលោក​បាន​និង​កំពុងខ្នះខ្នែង​រៀបចំ​ថតចម្លង​ឯកសារ​នោះ​ឲ្យ​រួចរាល់ នៅត្រឹម​ខែមិថុនា ខាងមុខនេះ។ លោក​អះអាងថា៖«ខ្ញុំ​នឹងទៅ​បារាំង​ក្នុង​ខែមិថុនា ដើម្បី​ទៅទទួលយក​ឯកសារ​ទាំង ៥ពាន់​ទំព័រ​មក​កម្ពុជា ប៉ុន្តែ​ពេលនេះ យើង​កំពុង​មមាញឹក​ខ្លាំង​ក្នុងការ​ថតចម្លង​នៅ​ប្រទេស​បារាំង​»។

សមាគម​ខ្មែរក្រោម​ត្រូវការ​ថវិកា​ចំនួន ១២៥០០អឺរ៉ូ ​ស្មើនឹង ១៣០០០ដុល្លារ​អាមេរិក ដើម្បី​ថតចម្លងឯកសារសំខាន់ៗ ដែល​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ជាង ៥ពាន់​ទំព័រ​នៅក្នុង​ប្រទេស​បារាំង​នោះ។ ប៉ុន្តែ មកទល់ពេលនេះ សមាគម​ខ្មែរក្រោម​ពុំទាន់មានថវិកាគ្រប់គ្រាន់​ទេ។ «យើង​នៅ​ខ្វះ​ថវិកា​ជាង ៨ពាន់​អឺរ៉ូ ស្មើនឹង​ជាង ៩ពាន់​ដុល្លារ​បន្ថែមទៀត ដើម្បី​ថតចម្លង​ឯកសារ​ទាំងអស់ »។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។

គួរ​បញ្ជាក់ថា ឯកសារសំខាន់ៗ ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ៥ពាន់​ទំព័រ​នោះ​ត្រូវបាន សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រកឃើញ​នៅក្នុង​ប​ណ្ណា​សា​រដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ​អង់​ប្រូ​វ៉ង់ (Aix-en-Provence) តាម​រយៈការណែនាំ​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។

ឯកសារ​ទាំងនោះ រួមមាន ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើរ​ទៅ​រដ្ឋាភិបាល​បារាំង​កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់​ និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ​ ជាដើម។

ជាងនេះទៀត​ ខ្មែរក្រោម​ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ថ្ងៃទី០៤ មិថុនា ​ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម ​និង​កំណត់ហេតុ​ចរចាផ្សេងៗ ព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ផងដែរ។
 
បើតាម​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​បញ្ចប់​ការថត​ចម្លង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ​ការបកប្រែ​ជា​ផ្លូវការ​នូវ​ឯកសារ​ទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស។បន្ទាប់មក ពួកគេ នឹងដាក់​ជូនទៅ​កាន់​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​តម្កល់​នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា និង​អង្គការ​យូ​ណេ​ស្តូ​ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com