អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ងាត់ៗ ចិន​វាតទី​បាន៨១០ហិកតា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
10, May 2015 , 4:30 pm        
រូបភាព
ដោយ:

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាប់​ជា​ជម្លោះ​ដែល​ពាក់​ព​ន្ធ័​រវាង​ប្រទេស​សមាជិក​អាស៊ាន និង ចិន រួមទាំង​តៃវ៉ាន់​ផង។ ជម្លោះ​នេះ​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​មិនមាន​ដំណោះស្រាយ​ណាមួយ ត្រូវបាន​បង្កើតឡើង​ឡើយ។ ខណៈពេលដែល មិនមាន​យន្តការ​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភាព​តានតឹង​បន្ត​កើនឡើង គេ​ឃើញ ចិន​ជា​ភាគី​តែមួយគត់ ដែល​ព្យាយាម​ពង្រីក​ដែនសមុទ្រ​របស់ខ្លួន​ប្រមាណ ៨១០ ហិច​តា​បន្ថែម​ជា​លក្ខណៈ​ឯកតោភាគី។



យោងតាម​របាយការណ៍​របស់​សហរដ្ឋអាមេរិក គិត​ចាប់ពី​ឆ្នាំ២០១៤កន្លងមក ចិន ពង្រីក​ដែន​អធិបតេយ្យ​របស់ខ្លួន នៅក្នុង​តំបន់​ដែន​ជម្លោះ​រហូតដល់ ៨១០ហិច​តា ស្ថិតនៅ​ក្បែរ​បណ្តុំ​កោះ​ស្ព្រា​ត​លី ដែលជា​តំបន់​ត្រួតស៊ីគ្នា​ជាមួយនឹង ហ្វីលីពីន។ នៅក្នុង​របាយការណ៍​នោះ មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់ ពី​គោលបំណង​នៃ​ការពង្រីក ដែនសមុទ្រ​ឡើយ ដ្បិត​ដំណោះស្រាយ​មិនទាន់​ត្រូវបាន​បញ្ចប់​នោះទេ។ ក៏ប៉ុន្តែ គេ​អាច​ទស្សន៍ទាយ​ថា​បាន​ថា ការពង្រីក​នេះ គឺ ដើម្បី​អភិវឌ្ឍ និង ព​ង្រឹ​ក​វិស័យ​ការពារជាតិ​របស់ខ្លួន​នៅក្នុង​ដែនសមុទ្រ​ជម្លោះ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ។

ជុំវិញ​នៃ​ការពង្រីក​ដែនសមុទ្រ​នេះ ត្រូវបាន​សមាជិក​អាស៊ាន​រួមមាន វៀតណាម និង​ហ្វីលីពីន ដែលជា​ភាគី​ជម្លោះ​ថ្កោលទោស​យ៉ាងខ្លាំង ហើយ​បានចាត់ទុក​សកម្មភាព​នេះ គឺជា​ការបំពានច្បាប់​អន្តរជាតិ​ផងដែរ ។  យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ច្រានចោល​ការចោទប្រកាន់​នេះ និង បាន​អះអាងថា​ការអនុវត្តន៍​របស់ខ្លួន​ស្របទៅតាម​ច្បាប់ និង​ស្ថិតនៅក្នុង​អធិបតេយ្យ​របស់ខ្លួន​ប៉ុណ្ណោះ។

ងាក​មក​ចាប់អារម្មណ៍​លើ​បញ្ហា​ដែល​បានកើត​នៅក្នុង​តំបន់​ជម្លោះ គេ​សង្កេតឃើញថា មាន​បញ្ហា​ជាច្រើន បានកើត ឡើង​ដោយសារតែ​ការ​អវត្តមាន​នៃ​ដំណោះស្រាយ រួមមាន​ការចាប់​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​នៅក្នុង​តំបន់​ជម្លោះ ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​ល្បាត និង ទូក​នេសាទ និងថ្មីៗនេះ គឺ​ការប្រឈមមុខគ្នា​រវាង​ទាហាន​ល្បាត និង ទាហាន​ល្បាត​ផងដែរ។

គួរ​រម្លឹក​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​រវាង​ប្រទេស​ប្រាំ​រួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ចិន។ ហើយ​នៅក្នុង​ឳ​កាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ២៦ រដ្ឋាភិបាល​ហ្វីលីពីន និង វៀត​មណា​ម ក៏បាន​លើកឡើង​ពី​បញ្ហា​ជម្លោះ​ចិន ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍​រួម​ថ្កោលទោស សកម្មភាព​បំពាន​របស់​ចិន​នៅ​តំបន់​ជម្លោះ ផងដែរ។ ក៏ប៉ុន្តែ មិនមាន​មតិ​ឯក​ច្ឆ័​ន គាំទ្រ​នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com