ជាតិ
សង្គមជាតិ
លោក ឆាយ សុផល ផ្សាយ​សៀវភៅ​ដែល​រៀបរាប់​ពី​អំណាច និង​រាជបល្ល័ង្គ​ចាប់ពី​សែ អង្គឌួង
18, May 2015 , 1:01 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ចំណោម​មហាក្សត្រ​ខ្មែរ​សែ អង្គឌួង នរោត្តម ស៊ីសុវត្ថិ ព្រះបាទ​សម្តេចព្រះ នរោត្តម  បាន​គ្រងរាជ្យសម្បត្តិ​យូរ​ជាងគេ ពោលគឺ ព្រះអង្គ​សោយរាជ្យ​ក្នុង​ព្រះ​ជន្មាយុ ២៦ព្រះវស្សា ចាប់ពី​ឆ្នាំ ១៨៦០ ដល់ ១៩០៤ ។ ដោយឡែក ព្រះបាទ អង្គឌួង ឡើង​គ្រងរាជ្យ​បាន ១៨ ព្រះវស្សា និង​ព្រះមហាក្សត្រ ព្រះបាទ​សម្តេចព្រះ ស៊ីសុវត្ថិ គ្រង​រាជបល្ល័ង្ក​បាន ២៣ព្រះវស្សា។



សៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា «អំណាច និង​រាជបល្ល័ង្គ​នៃ​មហាក្រ​ត្ស​ខ្មែរ​សែ អង្គឌួង នរោត្តម ស៊ីសុវត្ថិ» បានចេញ​ផ្សាយ​ជា​ផ្លូវការ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ។

នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការសម្ពោធ​សៀវភៅ​ដែលមាន​កម្រាស់​ជាង ៤០០ទំព័រ​នេះ លោក ឆាយ សុផល បាន​និយាយថា សៀវភៅ​នេះ រៀបរាប់​ពី​អំណាច និង​រាជបល្ល័ង្ក​ចាប់​តាំង ពី​ព្រះបាទ​អង្គឌួង ដែល​ទ្រង់​បាន​ឡើង គ្រងរាជ្យសម្បត្តិ​ក្នុង​ឆ្នាំ១៨៤២ និង​ព្រឹត្តិការណ៍​នានា នៅមុន​រជ្ជកាល​របស់​ព្រះអង្គ​រហូតដល់ រជ្ជកាល​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីនេះ លោក​បន្ថែមថា លោក​បាន​ចំណាយពេល​ជាង ៣ឆ្នាំ ដើម្បី​ស្រាវជ្រាវ​ចងក្រង​សៀវភៅ​មហាក្រ​ត្ស​ខ្មែរ​សែ អង្គឌួង នរោត្តម ស៊ីសុវត្ថិ នេះ។ ហើយ​ថា ការលើក​យក​សែ​អង្គ​ទាំងបី​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជាប​ច្ចុ​ប្បន្ន​ដែល​ចែង​ពី​សែ ព្រះមហាក្សត្រ ដែល​អាច​ឡើងគ្រងរាជ្យសម្បត្តិ។

ក្នុងចំណោម​សែ​ក្សត្រ​ខ្មែរ​ខាងលើ អ្នកសារព័ត៌មាន​ដែលមាន​បទពិសោធន៍​ជាង ២០ឆ្នាំ បញ្ជាក់ថា ព្រះបាទ សម្តេចព្រះ នរោត្តម  បាន​គ្រងរាជ្យសម្បត្តិ​បាន ៤៤ឆ្នាំ យូរ​ជាងគេ។ បើតាម​សៀវភៅ​អ្នក​ចងក្រង​រូបនេះ សម្តេចព្រះ នរោត្តម  សោយរាជ្យ​ក្នុង​ព្រះ​ជន្មាយុ ២៦ព្រះវស្សា ចាប់ពី​ឆ្នាំ ១៨៦០ ដល់ ១៩០៤ ។ ដោយឡែក ព្រះបាទ អង្គឌួង ឡើង​គ្រងរាជ្យ​បានតែ ១៨ ព្រះវស្សា ចាប់ពី​ឆ្នាំ១៨៤២ ដល់១៨៦០ និង​ព្រះមហាក្សត្រ ព្រះបាទ​សម្តេចព្រះ ស៊ីសុវត្ថិ គ្រង​រាជបល្ល័ង្ក​បាន ២៣ព្រះវស្សា ចាប់ពី​ឆ្នាំ១៩០៤ ដល់១៩២៧ ៕

ស្តាប់សំឡេង









© រក្សាសិទ្ធិដោយ thmeythmey.com