ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកជំនាញ​សិទ្ធមនុស្ស​អ.ស.ប៖ កម្ពុជា​បាន​ងាក​ចេញ ពី​ដំណើរការ​ប្រជាធិបតេយ្យ
25, May 2015 , 9:39 pm        
រូបភាព
 
អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោក ម៉ៃ​ណា គី​អៃ(Maina Kiai) បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ដំណើរការ​តាក់តែង​ច្បាប់​ស្តី ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា  តែ​គ្មាន​ការចូលរួម​ជា​សាធារណៈ​ពី​សង្គម​ស៊ីវិល។



ផ្អែក​តាម​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ពី​ទីក្រុង​ហ្ស៊ឺ​ណែវ កាលពី​ចុង​សប្តាហ៍​កន្លងទៅ  អ្នកជំនាញ​សិទ្ធិមនុស្ស​រូបនេះ បាន​គូសបញ្ជាក់ថា​ការបង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​សង្គម​ស៊ីវិល​នៅ​កម្ពុជា តាំងពី​ឆ្នាំ២០០៨មក​នោះ ត្រូវបាន​លាក់បាំង​ជាសម្ងាត់។ លោក​ថា ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​មិន​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នោះ ទេ ហើយ​ភាគី​ពាក់ព័ន្ធ​បរាជ័យ​ក្នុងការ​ព្យាយាម​របស់ខ្លួន ដើម្បី​ទទួលបាន​ច្បាប់​ចម្លង​នៃ​អត្ថបទ​ច្បាប់​នោះ។

លោក​ម៉ៃ​ណា គី​អៃ បាន​មានប្រសាសន៍ថា៖«ការ​ងាក​ចេញពី​ដំណើរការ​ប្រជាធិបតេយ្យ ដោយ​ទុកចោល​តួអង្គ​សង្គម​ស៊ីវិល និង​ការរួមចំណែក​ដ៏​សំខាន់​របស់​ពួកគេ​ក្នុង​ដំណើរការ​នេះ ព្រមទាំង​ការ​គេចវេស​មិន​ចង់​ឲ្យ​មានការ​ពិនិត្យ​ជា​អន្តរជាតិ ក៏​ធ្លាប់មាន​ពីមុនមក​ដែរ​នៅ​កម្ពុជា។ ការអនុម័ត​ច្បាប់បោះឆ្នោត និង​ច្បាប់​ស្តីពី ប្រព័ន្ធតុលាការ​កាលពី​ពេលថ្មីៗនេះ ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន ឬ​មាន ប៉ុន្តែ​នៅ​នាទីចុងក្រោយ​នៃ​ការផ្សព្វផ្សាយ​ច្បាប់​ទាំងនោះ»។

អ្នកជំនាញ​រូបនេះ បាន​សង្កត់ធ្ងន់ថា «តម្លាភាព និង​គណនេយ្យភាព គឺជា​កត្តា​សំខាន់​មួយ​នៃ​ដំណើរការ​តាក់តែង​ច្បាប់​ក្នុងសង្គម​ប្រជាធិបតេយ្យ»។
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល អ្នកជំនាញ​រូបនេះ បាន​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​កម្ពុជា អំពី​បទបញ្ញត្តិ​ដែលមាន​បញ្ហា​នៅ​សំណៅ នៃ​សេចក្តីព្រាងច្បាប់ ឆ្នាំ២០១១ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងនោះ​រួមមាន​ការផ្តល់​និយមន័យ​មិន​ច្បាស់លាស់ ឬ​មាន​លក្ខណៈ​ស្រពិចស្រពិល ដំណើរការ​នៃ​ការចុះបញ្ជី​បែប​ការិយាធិបតេយ្យ លក្ខខណ្ឌ​តម្រូវ​អំពី​សមាជិកភាព មិនមាន​លក្ខណៈ​ប្រាកដនិយម  និង​លក្ខខណ្ឌ​តម្រូវការ​ធ្ងន់ធ្ងរ​បន្ថែម​ទៅលើ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា រហូតមកដល់​ពេលនេះ លោក​ម៉ៃ​ណា គី​អៃ មិនទាន់​បានទទួល​ការឆ្លើយតប​ពី​រដ្ឋាភិបាល ឬ​ច្បាប់​នេះ ដែលជា​ផល​លំបាក​ក្នុងការ​វាយតម្លៃថា​តើ​កង្វល់​កន្លងមក​ដែល​ទាក់ទង​នឹង​ច្បាប់​នេះ ត្រូវបាន​យកទៅ​ពិចារណា ឬ​យ៉ាងណា?

ដើម្បី​ធានាថា ភាគី​ពាក់ព័ន្ធ ព្រម​ទទួលយក​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គេ​រំពឹងថា នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​នៅក្នុង​ខែឧសភា​នេះ​លោក ម៉ៃ​ណា គី​អៃ បានស្នើ​ដោយ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចេញ​អត្ថបទ​ដើម​នៃ​សេចក្តីព្រាងច្បាប់​នេះ និង​អនុញាត​ឲ្យ​មានការ​ពិគ្រោះ​ជា​សាធារណៈ៕


© រក្សាសិទ្ធិដោយ thmeythmey.com