កីឡាជាតិ
ជាតិ
អ្នកចាត់ការ​ទូទៅ U-23 យក​តំណែង និង​ជីវិត​មក​ធានា​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ក្រុម
07, Jun 2015 , 10:57 pm        
រូបភាព
លោក ឆាំង ពិសិដ្ឋ (កណ្តាល) ឈរ​មើល​លោក សៅ សុខា ប្រធាន FFC ចាប់ដៃជាមួយលោកគ្រូបង្វឹក Lee Tae Hoon។ រូបថត កឹម សុវណ្ណា
លោក ឆាំង ពិសិដ្ឋ (កណ្តាល) ឈរ​មើល​លោក សៅ សុខា ប្រធាន FFC ចាប់ដៃជាមួយលោកគ្រូបង្វឹក Lee Tae Hoon។ រូបថត កឹម សុវណ្ណា
ដោយ: ថ្មីៗ
រលក​នៃ​ការគាំទ្រ​លើកទឹកចិត្ត និង​ការចោទប្រកាន់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ បាន​ផុសផុល​យ៉ាងខ្លាំង បន្ទាប់ពី​កម្ពុជា​ដែល​កំពុង​ឡើង​ជើង បាន​ចាញ់​ក្រុម U-23 ក្នុង​លទ្ធផល ៦-១ នា​ការប្រកួត​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី២៨ នៅ​ប្រទេស​សឹង្ហ​បុរី កាលពី​ថ្ងៃ​សៅរ ទី៥ ខែមិថុនា។



បរាជ័យ​ដ៏​ស្ពឹក​មុខ​នេះ បានធ្វើ​ក្រុម​អ្នកគាំទ្រ​ខកចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​គាំទ្រ​មួយចំនួន ដែល​និយម​ហៅ​ខ្លួនឯង​ថា អ្នកគាំទ្រ​ផ្កាប់មុខ​នោះ នៅតែ​បន្ត​លើកទឹកចិត្ត​កីឡាករ និង​ក្រុម​ទាំងមូល។ អ្នកខ្លះ​កត់សម្គាល់ថា កម្ពុជា​បាន​ខំប្រឹងប្រែង​យ៉ាងខ្លាំង ប៉ុន្តែ​ឥណ្ឌូនេស៊ី មាន​ទម្រង់​លេង​ល្អ​ជាង។

អ្នកគាំទ្រ​ខ្លះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា៖ «បើ​មិន​គាំទ្រ​ពេល​ក្រុម​បរាជ័យ សូមកុំ​អបអរ​នៅពេលដែល​ក្រុម​ឈ្នះ យើង​ត្រូវ​នៅ​ជានិច្ច​ជាមួយ​ក្រុម»។

រីឯ​អ្នកគាំទ្រ​ខ្លះទៀត បានផ្តល់​មតិ​រិះគន់​ប្រកបដោយ​ការស្ថាបនា។ ពួកគេ​មើលឃើញថា បរាជ័យ​ដ៏​ធំធេង​របស់​កម្ពុជា គឺ​បណ្តាលមកពី​កង្វះ​សាមគ្គីភាព​ក្នុង​ក្រុម ជាពិសេស​ភាពខ្វះ​ចន្លោះរ​បស់​ខ្សែការពារ។ អ្នកខ្លះ​កត់សម្គាល់​ពី​ការនឿយហត់​របស់​ក្រុម​កីឡាករ។

ប៉ុន្តែ​ស្របពេល​ជាមួយគ្នា ការចោទប្រកាន់​ទាក់ទង​នឹង​ការកំណត់​លទ្ធផល​ទុក​មុន ឬ​ហៅ​ម្យ៉ាង​ទៀតថា ជា​ការលក់​គ្រាប់​បាល់​នោះ ក៏​លេចចេញ​ឡើងជា​ហូរហែ​ផងដែរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភាគច្រើន​បាន​ទម្លាក់កំហុស​ជាពិសេស​ទៅ​កីឡាករ​នៅ​តំបន់​ការពារ។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ថែមទាំង​ដាក់​ការសង្ស័យ​លើ​ឈ្មោះ​កីឡាករចំៗតែម្តង។

ជុំវិញ​លទ្ធផល​នៃ​បរាជ័យ ៦-១ ដោយសារ​ឥណ្ឌូនេស៊ី លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម U-23 បានចេញ​បកស្រាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី៧ ខែមិថុនា ថា ក្រុមកីឡា​បាល់ទាត់​កម្ពុ​ជា​ដែល​ងើប​ទៅមុខសន្សឹមៗ កំពុង​ទទួលរង​នូវ​ការបំពុល​បរិយាកាស។

ក្រៅពី​អរគុណ​ចំពោះ​ការគាំទ្រ លោក ឆាំង ពិសិដ្ឋ ដែល​និយាយ​ក្នុងនាម​ជា​តំណាង​ឲ្យ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើការ​សុំទោស​ចំពោះ​លទ្ធផល​បរាជ័យ ។ ចំពោះ​ការចោទប្រកាន់ផ្សេងៗ លោក​ស្នើរ​សុំ​ឲ្យ​មានការ​សហការ​ក្នុងការ​ផ្តល់ព័ត៌មាន និង​ភស្តុតាង តាមរយៈ​លេខ​ទូរ​សព្ទ (នៅ​សិង្ហបូរី +6587329978 ) ( នៅ​កម្ពុជា 0975678007 , 081888588 ) ហើយ​លោក​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​ហ៊ាន​យក​តួនាទី និង​ជីវិត​មក​ធានា។

ជាមួយគ្នានេះ លោក​បានសរសេរថា៖ «ប៉ុន្តែ​បើសិនជា​មិន​ប្រាកដ​ទេ សូមមេត្តា​កុំ​បំប៉ោង និង បំពុលបរិយាកាស​បែប​នេះ​នៅក្នុង​វិស័យ​កីឡាបាល់ទាត់​យើង ដែល​កំពុងតែ​ងើបឡើង​ដើរ​ទៅមុខសន្សឹមៗ នាពេល​បច្ចុប្បន្ន»។

លោក ឆាំង ពិសិដ្ឋ ក៏បាន​អះអាង​ផងដែរ​ថា៖ «យើងខ្ញុំ​ទាំងអស់គ្នា​មិន​អាក់អន់ស្រពន់ចិត្ត​ជាមួយ​នឹង​ការ​ទិះ​តៀន​ដ៏​ងប់​ង​ល់​របស់លោក​អ្នក​ទេ។ ពួកយើង​មានតែ​ខិតខំ ប្រឹងប្រែង​ធ្វើការ​ហ្វឹកហាត់ ដើម្បី​លទ្ធផល​ល្អ ក្នុង​ការប្រកួត​ខាងមុខនេះ។ យើងខ្ញុំ​ធ្វើ​អ្វី​ដើម្បី ជាតិ សាសនា និង ព្រះមហាក្សត្រ របស់​យើងខ្ញុំ ហើយ​យើងខ្ញុំ​មិន​ខ្វល់ខ្វាយ​ថា​លោក​អ្នកធ្វើ ដើម្បី​អ្វី​ទេ»៕


© រក្សាសិទ្ធិដោយ thmeythmey.com