ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម ស្នើ​ឲ្យ​កម្ពុជាការពារ​ជនជាតិ​ខ្លួន​ដែល​រស់នៅ​កម្ពុជា
11, Jun 2015 , 3:07 pm        
រូបភាព
ដោយ:
 
ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​វៀតណាម តាមរយៈ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​របស់ខ្លួន លោក ឡេ ហុង​អា​ញ់​  បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​មើល​ការ​ខុស​ត្រូវ​ប្រជាជន​វៀតណាម​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ដោយ​ស្របច្បាប់ផង។



សំណើ​របស់​រដ្ឋាភិបាល​វៀតណាម​នេះ ធ្វើឡើង​នៅក្នុង​អំឡុង​ពេលដែល​លោក ឡេ ហុង​អា​ញ់ ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​រដ្ឋសភា​ជាតិ ​ក្នុងជំនួប​ជាមួយ​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពី​រសៀល​ថ្ងៃទី៩ ខែមិថុនា លោក ឡេ ហុង​អា​ញ់ តាមរយៈ​លោក​ប្រធានរដ្ឋសភា បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​មើល​ការខុសត្រូវ ចំពោះ​ជនជាតិ​ខ្លួន​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា។ លោក សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ការពារ​ជនជាតិ​វៀតណាម​ដែល​មក​ប្រកប​របរ​រកស៊ី​ស្របច្បាប់​នៅ​កម្ពុជា ឲ្យ​ដូចជា​បណ្តាជន​បរទេស​ដទៃទៀត​ដែលស្នាក់នៅ​កម្ពុជា​ដែរ។

សូមបញ្ជាក់ថា ជា​ញឹកញាប់​រដ្ឋាភិបាល​វៀតណាម តែងតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ការពារ​ប្រជាជន​ខ្លួន​ដែល​មក​រស់នៅ​កម្ពុជា។ ជាពិសេស​កាលពី​អំឡុង​ពេលដែល​បញ្ញវន្ត​ខ្មែរមួយចំនួន ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម​ប្រឆាំងនឹង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដែល​អះអាងថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​បុរាណកាល​មក អាជ្ញាធរ​វៀតណាម​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាជន​ខ្លួន​យ៉ាងខ្លាំង។ ពេលនោះ​ស្រប​ពេលដែល​លោក ហេង សំរិន ទៅ​បំពេញ​ទស្ស​កិច្ច​នៅ​ចុងខែ​សីហា ឆ្នាំ ២០១៤ ក្នុងប្រទេស​វៀតណាម រដ្ឋាភិបាល​វៀតណាម​ក៏បាន​ស្នើ​ឲ្យ​លោក ហេង សំរិន ជួយ​ការពារ​ប្រជាជន​ខ្លួន ដែល​រស់នៅក្នុង​ទឹកដី​កម្ពុជា​ដែរ។

បញ្ហា​ជនជាតិ​វៀតណាម ដែល​រស់នៅក្នុង​ទឹកដី​កម្ពុជា ជា​បញ្ហា​ដ៏​រសើប​ដែល​គណបក្សប្រឆាំង និង​ប្រជាជន​មួយចំនួន មិន​សប្បាយចិត្ត​ឡើយ។ ពួកគេ​យល់ថា ប្រជាជន​វៀតណាម​ដែល​មក​រស់នៅក្នុង​ទឹកដី​កម្ពុជា ភាគច្រើន អ្នក​ទាំងនោះ មក​រស់នៅ​ដោយ​ខុសច្បាប់ ហើយ​រដ្ឋាភិបាល​កម្ពុជា មិនបាន​ចាត់វិធានការ​តឹងរឹង​ជុំវិញ​បញ្ហា​នេះ។ ម្យ៉ាងទៀត បញ្ហា​ប្រវត្តិសាស្ត្រ ក៏​រឹតតែ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មួយចំនួន កាន់តែ​មិន​ពេញចិត្ត​ជន​វៀតណាម​ខ្លាំង​ឡើង៕



© រក្សាសិទ្ធិដោយ thmeythmey.com