ពីនេះ ពីនោះ
តើ«មនោមយិទ្ធិ»មាន​ឥទ្ធិពល​ទៅលើ​ជីវិត​មនុស្ស​យ៉ាងដូចម្តេច?
12, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

ពាក្យ​ថា​មនោមយិទ្ធិ​ជា​វាក្យសព្ទ​ខាង​ព្រះពុទ្ធសាសនា មានន័យថា «ឫទ្ធិ​ដែល​សម្រេច​ដោយ​ចិត្ត» តែ​អត្ថន័យ​នៅក្នុង​ការ​ប្រែ​ពី​ពាក្យ«Will Power»នេះ​សំដៅ​ដក់​អំណាច​ដែល​ធ្វើ​ឲ្យអ្វីៗសម្រេច​ផល ដែល​កើត​ពី​កម្លាំងចិត្ត​របស់​មនុស្ស​ម្នាក់​ណា​នោះ។



តាមពិតទៅ​មនោមយិទ្ធិ គឺជា​អ្វី​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស​យើងគ្រប់ៗគ្នា ពោលគឺ​កម្លាំង​ប្រាថ្នា កម្លាំង​អធិដ្ឋាន កម្លាំង​តាំងចិត្ត​ដ៏​ជាក់លាក់ កម្លាំង​កិលេស​តណ្ហា។ ល។ កម្លាំង​ទាំងនេះ​ជា​គ្រឿង​ភ្ញោ​ច​ឲ្យ​យើង​មាន​ទង្វើផ្សេងៗឆ្ពោះទៅកាន់​គោលបំណង​ដែល​យើង​ត្រូវការ ដែល​សុទ្ធសឹងតែ​ជា​មនោ​យិ​ទ្ធិ​វិជ្ជមាន ឬ​មនោមយិទ្ធិ​អវិជ្ជមាន ពោលគឺ​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់។

មនុស្ស​ដែលមាន​មនោមយិទ្ធិ​ច្រើន​រមែង​មានការ​ប្រាថ្នា​អ្វី​ក៏​ប្រាថ្នា​យ៉ាងខ្លាំង​ក្លា សុខចិត្ត​យក​ជីវិត​ទៅ​ប្តូរ ដើម្បី​ឲ្យ​បាន​នូវ​អ្វីដែល​គេ​បាន​ប្រាថ្នា។ ចំណែកឯ​មនុស្ស​ដែលមាន​មនោមយិទ្ធិ​តិច ក៏​តែង​រារែក​ធ្វើ​អ្វី​មិនសូវ​បាន​ផល​សម្រេច ឬ​ធ្វើ​បានតែ​ពាក្យ​កណ្តាល​ប៉ុន​នោះ។

ការហាត់​អំណាចចិត្ត ឬ​មនោមយិទ្ធិ​ឲ្យ​ក្លាយទៅជា​ម្លា​ប់ គឺជា​អ្វីដែល​មានគុណ​តម្លៃ​បំផុត​ក្នុង​ជីវិត​មនុស្ស ហើយ​មាន​ភាព​សំខាន់​ខ្លាំង​ជាង​ការ​វ៉ឹ​ក​ហាត់​ចំណេះដឹង ឬ​វ៉ឹ​ក​ហាត់​ក្នុង​ផ្លូវ​ផ្សេងទៀត​ទាំងអស់ ព្រោះ​ផល​សម្រេច​គ្រប់យ៉ាង​មាន​មនោមយិទ្ធិ​ជា​គ្រឹះ។ អ្នក​ដែលមាន​នោម​យិ​ទ្ធិ គឺជា​មនុស្ស​មានប្រៀប​លើ​អ្នកដទៃ ប្រៀបដូចជា​មាន​កន្សែង​បក់​កន្សែង​បោយ​អញ្ចឹង។

មធ្យោបាយ​វ៉ឹ​ក​ហាត់​មនោមយិទ្ធិ​មាន​ដូចខាងក្រោម៖

១) វ៉ឹ​ក​ហាត់​តាំង​ក្តី​ប្រាថ្នា​នូវ​អ្វីដែល​ខ្លួន​បាន​ប៉ាន​ស្មានថា អាច​នឹងធ្វើ​ទៅបាន​ដោយ​កម្លាំង​ថ្វីដៃ​របស់​ខ្លួនឯង​ផ្ទាល់ ហើយ​តាំងចិត្ត​យ៉ាង​ជាក់លាក់​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បានសម្រេច។ ហាត់​ធ្វើញយៗដោយ​ជ្រើស​យក​ពី​ងាយ​ទៅមុន ដូចជា៖ ការដើរ​ដោយ​ជើង​នៅលើ​ថ្នល់ សម្លឹងមើល​ផ្លាកសញ្ញា​ខាងមុខ ហើយ​តាំងចិត្ត​ទៅ​ឲ្យ​ដល់​ផ្លាកសញ្ញា​នោះ។ ការធ្វើ​ដូច្នេះ​មើលទៅ​ហាក់ដូចជា​ងាយ​ស្រួ​ស​ណាស់ ប៉ុន្តែ​វា​អាចជួយ​ក្នុងការ​វ៉ឹ​ក​ហាត់​ចិត្ត​ឲ្យ​ស៊ាំ​ង​នឹង​ផល​សម្រេច ហើយ​កាលបើ​ស៊ាំ​ងញយៗ ក៏​នឹងមាន​កម្លាំង​កើន​ច្រើនឡើង។

២)
គិត​ប៉ង​ធ្វើ​អ្វីមួយ​ត្រូវធ្វើ​ឲ្យ​បាន ពោលគឺ​ត្រូវ​តាំងចិត្ត​ធ្វើ​ទាល់តែ​បានសម្រេច បើទោះជា​មាន​ឧបសគ្គ​ច្រើន​ប៉ុនណា​ក៏ដោយ បើទោះជា​ត្រូវធ្វើ​ដល់​ទៅ​រាប់រយ​រាប់ពាន់​ដង ក៏​នៅតែ​ព្យាយាម​ធ្វើ​ទាល់តែ​បានសម្រេច។

៣) មិន​យក​កិច្ចការ​មក​ធ្វើ​ម្តង​ច្រើន​មុខ​ព្រម​គ្នា​ទេ គឺ​ជ្រើសរើស​ធ្វើ​អ្វី​តាម​លំដាប់​នៃ​ភាព​សំខាន់ ហើយ​ព្យាយាម​ធ្វើ​ដោយមាន​សមាធិ។

៤) ត្រូវ​សង្ឃឹមលើ​ខ្លួនឯង ពឹង​ខ្លួនឯង និង​ជួយ​ខ្លួនឯង​គ្រប់ពេលវេលា ព្រមទាំង​មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង៕

ប្រភព៖ សៀវភៅ​ការអភិវឌ្ឍ​ខ្លួនឯង (ច័ន្ទ ឫទ្ធី)




© រក្សាសិទ្ធិដោយ thmeythmey.com