ជាតិ
ពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ នឹង​តវ៉ា​ទាមទារ​សំណង​បន្ថែម​ពី ADBនៅ​ថ្ងៃស្អែក
21, Jun 2015 , 3:00 pm        
រូបភាព
ប្រជាពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ ចំនួន១៣០ គ្រួសារ នឹង​នាំគ្នា​តវ៉ា​សាជាថ្មី នៅ​ថ្ងៃស្អែក​នៅមុខ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ទាមទារ​សំណង ដែល​បណ្តា​លពី​ការប៉ះពាល់​នៃ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​របស់​ធនាគា​រ​នេះ។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី រស់ បុប្ផា តំណាង​សហគមន៍​ត្រពាំង​អញ្ចាញ។



តំណាង​សហគមន៍​ត្រពាំង​អញ្ចាញ លោកស្រី រស់ បុប្ផា បាន​មានប្រសាសន៍ថា គម្រោង​ស្តារ​ផ្លូវ​រថភ្លើង របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ​ជាច្រើន​គ្រួសារ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​អញ្ចាញ​ថ្មី សង្កាត់​ត្រ​សាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។ លោកស្រី បន្ថែមថា គ្រួសារ​មួយចំនួន​បានសម្រេច​ចិត្ត​ផ្លាស់​លំនៅដ្ឋាន​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដោយសារតែ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​របស់​ធនាគា​រ​នេះ។

តំណាង​សហគមន៍​រូបនេះ សង្កត់ធ្ងន់ៗថា លោកស្រី និង​ពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ នឹង​តវ៉ា​ទាមទារ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់​សំណង​ពី​ការខូចខាត​ដល់​គ្រួសារ​ទាំង១៣០ ដោយ​ក្នុង​មួយ​គ្រួសារ​ចំនួន ៨០០០ដុល្លារ។ លោកស្រី​បានបញ្ជាក់​យ៉ាងនេះ​ថា «ប្រសិនបើ​មិនមាន​ការដោះស្រាយ​ណាមួយ​តាម​ការទាមទារ​របស់​ពួកយើង​ទេ ពួកយើង​ប្តេជ្ញា​នឹងមិន​ទៅណា​ជាដាច់ខាត ម្តងនេះ​យើង​នឹង​វេច​កន្ទេល​ខ្នើយ ចាន​ឆ្នាំ ទៅ​តវ៉ា​តែម្តង» ។

គួរ​បញ្ជាក់ថា ការតវ៉ា​របស់​ប្រជាពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ​នេះ គឺ​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​មកហើយ តែ​ពួកគេ​មិនទាន់​ទទួលបាន​ការដោះស្រាយ​ស​មរ​ម្យ និង​អាច​ទទួលយកបាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ​ទេ៕





© រក្សាសិទ្ធិដោយ thmeythmey.com