ជាតិ
សង្គមជាតិ
បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង ១ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ចូល​ប្រឡង​ក្នុង​ឆ្នាំ ២០១៥
25, Jun 2015 , 8:59 am        
រូបភាព
ដោយ:
បេក្ខជន​ប្រឡង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ជាង១ម៉ឺន​នាក់ ក្នុងសម័យ​ប្រឡង​ឆ្នាំ ២០១៤ បាន​ចុះឈ្មោះ​ជា​បេក្ខភាព ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ ២០១៥ ជាថ្មី។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា។



ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ២០១៥នេះ នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។ ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨ ៤៨៨នាក់ និង​មាន​មណ្ឌល​ប្រឡង១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥ ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ប្រាប់​សារព័ត៌មានថ្មីៗ តាម​ទូរ​សព្ទ​ថា ក្នុងចំណោម បេក្ខជន​ចុះឈ្មោះ​ប្រឡង​ជាង ៨៨៤៨៨នាក់ មាន​បេក្ខជន​ដែលជា​សិស្ស​ប្រឡង​ធ្លាក់​ឆ្នាំ២០១៤ ជាង១ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ប្រឡង​ម្តងទៀត។ «បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង ១ម៉ឺន បាន​ចុះឈ្មោះ ក្នុងសម័យ​ប្រឡង​ខាងមុខនេះ»។ នេះ​ជា​ប្រសាសន៍​របស់លោក រស់ សា​លីន។

ជាងនេះទៀត លោក​បញ្ជាក់ថា បេក្ខជន​ទាំងអស់​ត្រូវគោរព​បទ​បញ្ញត្តិ​នៃ​ការប្រឡង ជាពិសេស​គឺ មិនត្រូវ​លាក់ទុក ឬ​យក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ចូលក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ឡើយ។ អ្នកនាំពាក្យ​ក្រសួង​អប់រំ​លើកឡើងថា៖«ក្នុងករណី​ដែល​ក្រសួង​រកឃើញ​បេក្ខជន លាក់ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​តែម្តង»។

ក្រសួង​អប់រំ​នៅតែ​រក្សា​វិធាន​រឹតបន្តឹង​ការប្រឡង ដើម្បី​ពង្រឹង​គុណ ភាព​វិស័យ​អប់រំ ដូច​សម័យ​ប្រឡង​ឆ្នាំ ២០១៤ កន្លងទៅ​ដដែល។ ប៉ុន្តែ គ្មាន​ទៀតឡើយ ការប្រឡង​លើក​ទី២ ដូច​ឆ្នាំមុន​នោះ។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ៕


© រក្សាសិទ្ធិដោយ thmeythmey.com