ជាតិ
អ្នកកាសែត​ជើងចាស់​សោកស្តាយ​ចំពោះ​អត្ថបទ​ភ្នំពេញ​ប៉ុស្តិ៍​ដែលប្រើពាក្យអសុរោះ​​រិះគន់​លោក ឈាង វុន
08, Jul 2015 , 2:32 pm        
រូបភាព
អ្នកកាសែត​ជើងចាស់​មួយចំនួន​បាន​សំដែង​ការសោកស្តាយ​ចំពោះ​អត្ថបទ«ប្រភេទ​ទស្សនៈ» របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​ដែល​រិះគន់ធ្ងន់ៗតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន។ អត្ថបទ​នេះ​មាន​ចំណងជើង​ថា «នៅ​រដ្ឋសភា​ឥឡូវ​ក៏មាន​បងធំ​បងតូច​ដែរ»។ ការប្រើប្រាស់​ពាក្យពេចន៍​រិះគន់​របស់​អ្នកនិពន្ធ ដែល​ប្រៀបធៀប​អ្នកតំណាងរាស្ត្រ​ទៅនឹង​ក្រុម«យុវជន​ទំនើង» និង «ជើងកាង»ដែល​សង្គម​មិន​ចូលចិត្ត កំពុង​បង្ហាញ​អំពី​ការប្រាក​ចាក​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អ្នកកាសែត​អាជីព។ នេះ​បើតាម​ការអត្ថាធិប្បាយរ​បស់​អ្នកកាសែត​ដែលមាន​ពិសោធន៍​នៅ​កម្ពុជា។



នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល ជា​អ្នក​កត់សម្គាល់​អំពី​ភាពប្រាក​ចាក​ក្រមសីលធម៌​អ្នកកាសែត​មុនគេ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃទី៨កក្កដា​នេះ លោក ឆាយ សុផល ពន្យល់ថា បើទោះបីជា​អ្នកសារព័ត៌មាន​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​តាមរយៈ​អត្ថបទ​បទ​វិចារណកថា (Editorial) អត្ថបទ​ស្មេរ (Column) និង​បទ​អត្ថាធិប្បាយ (Commentary) ក៏ដោយ ក៏​ពួកគេ​ត្រូវប្រកាន់យក​ក្រមសីលធម៌​គ្រប់ពេលវេលា​ដែរ។ ចំពោះ​លោក ឆាយ សុផល ការសរសេរ​អត្ថបទ​ប្រតិកម្ម​ដែល​បង្កប់​ដោយ​កំហឹង គឺ​មិនមែនជា​អ្នកសារព័ត៌មាន​អាជីព​នោះទេ។

នាយក​ប្រតិបត្តិ​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​បានចេញ​ផ្សាយ​ប្រតិកម្ម​ប្រឆាំង​សកម្មភាព​របស់លោក ឈាង វុន ដែល​បណ្តេញ​អ្នកកាសែត​ពី​បរិវេណ​រដ្ឋសភា គ្រាន់តែ​ចង់​ឲ្យ​អ្នកកាសែត​តបត​ទល់នឹង​អ្នក​គ្មាន​វិជ្ជាជីវៈ ដោយ​ការប្រើប្រាស់​វិជ្ជាជីវៈ ហើយ​ថាបើ​ពុំ​នោះទេ សាធារណៈជន​នឹង​ចោទប្រកាន់ថា អ្នកកាសែត​ក៏​គ្មាន​សីលធម៌​ដែរ។
«ការ​ពន្លត់​អគ្គី​ដ៏​សន្ធោរ​សន្ធៅ គេ​ត្រូវ​ប្រើ​មធ្យោបាយ​ដែល​ត្រជាក់។ គេ​មិនត្រូវ​វាយបក​តាមបែប​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​សិ​ល​ធម៌ ទៅលើ​បុគ្គល​ល​ដែល​គ្មាន​វិជ្ជាជីវៈ និង​សីលធម៌​នោះឡើយ»។ នេះ​ជាការ​ផ្តល់យោបល់​របស់​លោក ឆាយ សុផល មុននឹង​លោក​បញ្ជាក់​បន្ថែមថា«បើទោះជា​យ៉ាង​ក៏ដោយ នៅក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមព្រហ្មទណ្ឌ ក៏​មិនមាន​មាត្រា​ចែង​ពី​ការចាប់​អ្នកកាសែត​ដាក់ពន្ធនាគារ​ដោយសារ​ការបញ្ចេញមតិ​ឡើយ»។

ត្រឡប់មក​ស្តាប់​គ្រូ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន លោក មឿ​ន ឈាន​ណា​រិ​ទ្ធ វិញ។ អ្នកកាសែត​ជើងចាស់​រូបនេះ ក៏​ប្រឆាំង​សកម្មភាព​របស់លោក ឈាង វុន ដែល​បាន​រំលោភបំពាន​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​ដែរ។ ប៉ុន្តែ​លោក​កាន់តែ​សោកស្តាយ នៅពេលដែល​លោក​ឃើញ​អត្ថបទ​កាសែត​ដែល​ប្រើពាក្យ​អសុរោះ​រិះគន់​អ្នកតំណាងរាស្ត្រ​នោះ។ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌​មានបាន​រម្លឹក​អំពី​មាត្រា​ស្តីពី​ក្រមសីលធម៌​របស់​អ្នកកាសែត​នៅក្នុង​ច្បាប់​ស្តី​របប​សារព័ត៌មាន។ លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ច្បាប់​ស្តីពី​របប​សារព័ត៌មាន​មិន​ឲ្យ​អ្នកកាសែត​ប្រើពាក្យ​អសុរោះ​នោះទេ។ គេ​ត្រូវ​ប្រើពាក្យ​ទន់ភ្លន់​ដើម្បី​កែ​បុគ្គល​ណា​ម្នាក់។ អ្នកកាសែត​ត្រូវ​ប្រកាន់​ប្រពៃណី​ល្អ និង​គោរព​វិជ្ជាជីវៈ»។

ប្រសិនជា​ត្រូវ​សំដែង​ការសោកស្តាយ​ចំពោះ​អត្ថបទ​សារព័ត៌មាន​ដែល​ពោរពេញ​ដោយ​ពាក្យ​អសុរោះ​នោះ នោះ​ក៏​ដើម្បី​ពញ្ញាក់​អារម្មណ៍​មិត្ត​រួម​អាជីព​ដើម្បី​ចៀសវាង​កំហុស​នៅ​ថ្ងៃមុខ​តែប៉ុណ្ណោះ ហើយក៏​ដើម្បី​មិត្ត​សាធារណៈជន​វាយតម្លៃ​ទាប​លើ​អ្នកសារព័ត៌មាន។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក ពុ​យ គា ប្រធានការិយាល័យ​ឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ។ លោក ពុ​យ គា ដែលជា​អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ដែរនោះ​បន្ថែមថា៖«អ្នកកាសែត​ត្រូវគោរព​វិជ្ជាជីវៈ និង​ក្បួនខ្នាត។ អ្នកចេះ​អ្នកដឹង​ត្រូវ​ប្រើប្រាស់​សំដី​គោរព​គ្នា​ទៅវិញទៅមក។ ការរិះគន់​ដោយ​ប្រើពាក្យ​ទន់ភ្លន់ វា​ឈឺ​ជាង​ការជេរប្រមាថ​ទៅទៀត។ ការប្រើប្រាស់​ពាក្យធ្ងន់ៗ បានត្រឹមតែ​បង្កើត​ទៅជា​កំហឹង​ទៅវិញ​ទេ»។

លោក ពុ​យ គា ក៏បាន​រំ​ឮ​ក​អំពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​កម្ពុជា​ដែល​ហាម​មិន​ឲ្យ​អ្នកកាសែត​ប្រើប្រាស់​ពាក្យពេចន៍​ប្រមាថ និង​មើលងាយ​ដែរ ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នកកាសែត​ប្រើប្រាស់​ពាក្យពេចន៍​ថ្លៃថ្នូរ ដើម្បី​ចៀសវាង​ការ​ចងកំហឹង​ដាក់គ្នា៕



© រក្សាសិទ្ធិដោយ thmeythmey.com