ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា CNRP មិនដែល​ចោទ​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ
11, Jul 2015 , 4:19 pm        
រូបភាព
ដោយ:
 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ បាន​បដិសេធថា គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​មិនដែល​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះទេ។ ការច្រានចោល​របស់លោក សម រង្ស៊ី បានធ្វើ​ឡើង ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​សរសេរ​លិខិត​ទៅ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ផែនទី​កម្ពុជា​ដែល​តម្កល់​នៅ​អង្គការ​នេះ មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន។


មិន​ពិត​នោះឡើយ ចំពោះ​អ្នកណា​ដែល​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក សម រង្ស៊ី នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​របប​សេរីនិយម និង​វប្បធម៌​សន្ទនា​គ្នា នៅ​ថ្ងៃ​សៅរ៍​ទី ១១ ខែកក្កដា នេះ។ ពី​ស្នាក់ការ​កណ្តាល​បក្ស​នៅ​ភ្នំពេញ លោក សម រង្ស៊ី បាន​កែសម្តី​អ្នកកាសែត​ដែល​បាន​សួរ​លោក ដោយ​ប្រើពាក្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ។ លោក សម រង្ស៊ី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«ខ្ញុំ​អត់​មាន​ចោទ​បែបនេះ​ទេ។អ្នកខ្លះ​ចោទ​ ជាស​ម្តី​បុគ្គល​ទេ។យើង​កុំ​យកសម្តី​បុគ្គល​បញ្ជាក់ថា ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ។ បុគ្គល​ណា​ចង់​និយាយ​អី និយាយ​ទៅ ខ្ញុំ​មិន​បិទមាត់​គេ​ទេ។  តែ​ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​មុន​និយាយ​អ្វី ខ្ញុំ​មាន​មូលដ្ឋាន​ផ្ទៀងផ្ទាត់​ច្បាស់លាស់» ។

ស្តាប់​សំឡេង​លោក សម រង្ស៊ី



កន្លងមក​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាម៉ាស់ ប្រសិនបើ​រដ្ឋាភិបាល​យ​ក​ផែនទី​ពី​អង្គការសហប្រជាជាតិ​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​វា​ដូចគ្នា​នោះ។ ពីព្រោះថា គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដើម្បី​ចំណេញ​នយោបាយ​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com