ជាតិ
នយោបាយជាតិ
គណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ត្រូវបានទទួលស្គាល់ជាផ្លូវការ
× លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែកក្កដា ស្តីពីការចុះឈ្មោះគណបក្សអំណាចខ្មែររបស់លោក សូន សេរីរដ្ឋា ទៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
យោងតាមប្រការគណបក្សអំណាចខ្មែរ (គ.អ.ខ) មានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១៨B ផ្លូវលេខ៣៨៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចុះបញ្ជីនេះធ្វើឡើងតាមសំណើររបស់លោក សួន សេរីរដ្ឋា តំណាងស្ថាបនិកគណបក្ស ដែលបានដាក់ពាក្យកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ។
លោក សួន សេរីរដ្ឋា ដែលមានមូលដ្ឋាននៅបរទេស ត្រូវបានគេស្គាល់ថា ជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសំចៃមាត់ ក្នុងតួនាទីរបស់លោកជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ។ កាលពីដើមឆ្នាំកន្លងមក លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ និងពិន័យជាប្រាក់២៥លានរៀលពាក់ព័ន្ធនឹងគំនិតក្បត់ជាតិជាមួយគូកន៣នាក់ទៀត ជាពិសេសជុំវិញសកម្មចែកចាយខិត្តបណ្ណក្នុងន័យញុះញង់ឲ្យមានហិង្សាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែកក្កដា ព្រះករុណា ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់មេដឹកនាំចលនារូបនេះ។
ក្រោយការប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ លោក សួន សេរីរដ្ឋា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា គណបក្សអំណាចខ្មែរ នឹងចាប់ផ្តើមលើកស្លាកនិងទីស្នាក់ការសាខាខេត្ត ក្រុង និងឃុំសង្កាត់ និងបើកយុទ្ធនាការនយោបាយជាមួយអ្នកគាំទ្រ និងពលរដ្ឋ ក្នុងប្រទេសចាប់ពីពេលនេះតទៅ...៕
© រក្សាសិទ្ធិដោយ thmeythmey.com