កីឡាជាតិ
ជាតិ
៥ រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ពាន MCL 2015 សប្ដាហ៍​ទី៧ នេះ
24, Jul 2015 , 7:39 pm        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015) បាន​ប្រកួត​ជម្រុះ​ដល់​សប្ដាហ៍​ទី៧ ហើយ​ក្នុងចំណោម ២២ សប្ដាហ៍​ក្នុង​វគ្គ​ជម្រុះ​ទាំង២ ជុំ។ អ្វីដែល​គូរ​ឱ្យ​កត់សម្គាល់​នៅ​សប្ដាហ៍​ទី៧ នេះ​មានរឿង​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​ចំនួន ៥ ផ្សេងៗគ្នា។



១) បឹងកេត​អង្គរ និង ភ្នំពេញ​ក្រោ​ន មិនទាន់​ប្រទះ​បរាជ័យ៖ ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ភ្នំពេញ​ក្រោ​ន និង ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បឹងកេត​អង្គរ កំពុង​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​ដោយ​មិនទាន់​ស្គាល់​ពាក្យ​បរាជ័យ​នៅឡើយ​នោះទេ ហើយ​ថែមទាំង​មាន ១៩ ពិន្ទុ​ច្រើនជាងគេ​តែ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ។

៧ ប្រកួត​មកនេះ​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ស្មើ​បឹងកេត ០ ទល់ ០ ហើយ​យកឈ្នះ​ណាហ្គា​វើ​ល ៤ ទល់ ២ បន្ត​ឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ៣ ទល់ ១ ឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត ៦ ទល់ ១ ឈ្នះ​ក្រសួងការពារជាតិ ២ ទល់ ០ ឈ្នះ​ស៊ីម៉ាក់ ៤ ទល់ ១ និង ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ៥ ទល់ ។ ចំណែក ក្រុម​បឹងកេត​អង្គរ វិញ​ប្រកួត​ដំបូង​ស្មើគ្នា​ជាមួយ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ៣ ទល់ ២ ឈ្នះ​ក្រសួងការពារជាតិ ៣ ទល់ ០ ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១២ ទល់ ២ ឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ១ ទល់ ០ ឈ្នះ ស្វាយរៀង ៥ ទល់ ១ និង ឈ្នះ​ណាហ្គា​វើ​ល ១ ទល់ ០ ។

២) Bisan Goerge តាម​ទាន់ ចាន់ វឌ្ឍនាកា៖ មិន​ត្រឹមតែ​ក្រុម​ទាំង២ ប្រជែង​ក្នុង​តំបន់​កំពូល​តារាង​នោះ សូម្បីតែ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ទាំង​ក៏​ប្រជែង​គ្នា​ក្នុងនាម​ជា​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ដែរ។ ខ្សែប្រយុទ្ធ​របស់ Bisan Goerge របស់​ក្រុម​ភ្នំពេញ​ក្រោ​ន រក​គ្រាប់​បាល់​បាន ១១ គ្រាប់​តាម​ស្មើ​កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេត​អង្គរ ដែរ​នៅត្រឹម​សប្ដាហ៍​ទី៧នេះ។ ១១ គ្រាប់​របស់ Bisan ទាត់​ចូល​ទី​ក្រុម ណាហ្គា​វើ​ល ២ គ្រាប់, អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត ២ គ្រាប់, ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ២ គ្រាប់ ក្រសួងការពារជាតិ ១ គ្រាប់, ស៊ីម៉ាក់ ១ គ្រាប់ និង គីរីវង់​សុខ​សែន​ជ័យ ៣ គ្រាប់។ ចំណែក ១១ គ្រាប់​របស់ ចាន់ វឌ្ឍនាកា ទាត់​ចូល​ទី​ក្រុម គីរីវង់​សុខ​សែន​ជ័យ ៨ គ្រាប់, ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ២ គ្រាប់ និង ស្វាយរៀង ១ គ្រាប់។

៣) ប្រាក់ មុន្នី​ឧ​ត្ត​ម រក​គ្រាប់​បាល់​បាន​ដំបូង៖ ប្រធាន​ក្រុម​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ២៣ឆ្នាំ​របស់​កម្ពុជា (U-23) ក្នុង​យុទ្ធនាការ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី កន្លងទៅ​គឺ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ទើបតែ​រក​គ្រាប់​បាល់​បាន ១ គ្រាប់​ជា​លើកដំបូង​ឱ្យ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី របស់ខ្លួន​ក្នុង​ពានរង្វាន់ MCL 2015 ក្រោយ​ប្រកួត​បាន ៧ លើក​មកនេះ។ គ្រាប់​បាល់​របស់ ឧ​ត្ត​ម កើតមានឡើង​ក្នុង​គ្រាប់​បាល់​ទី២ ដោយ​បាល់​ពិន័យ ១១ ម៉ែត្រ​កាត់សេចក្ដី ក្នុងជំនួប​រវាង​ក្រុម​ស្វាយរៀង ប្រកួត​ស្មើគ្នា ២ ទល់ ២ ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ។

៤) គីរីវង់​សុខ​សែន​ជ័យ នៅ​មិនទាន់​ជួប​ពាក្យ​ឈ្នះ៖ ក្រុម​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ នៅ​មិនទាន់​ស្គាល់​រសជាតិ​ឈ្នះ​នៅឡើយ​ទេ​ក្រោយ​ឆ្លងកាត់

៧ ប្រកួត​មកនេះ។ គីរីវង់ បើកឆាក​ស្មើ​ជាមួយ​ក្រុម​ចំណូល​ថ្មី​ស៊ីម៉ាក់ ១ ទល់ ១ ក្រោយមកទៀត​ចាញ់ វេ​ស្ទើ​ន​ភ្នំពេញ ៦ ទល់០ ហើយ​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣ ទល់ ១ ចាញ់​បឹងកេត​អង្គរ ធ្ងន់​ក ១២ ទល់ ២ ចាញ់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ៦ ទល់ ២ ចាញ់​ក្រសួងការពារជាតិ ៥ ទល់ ១ និង ចាញ់​ភ្នំពេញ​ក្រោ​ន ៥ ទល់ ២ ។ ទោះជា​ចាញ់​យ៉ាងណាក៏ដោយ ក្រុម​លោកគ្រូ​បង្វឹក ផាន់ ចាន់​ផាត តែងតែ​ទាត់​ចូល​ទី​គូប្រកួត​គ្រប់ការ​ប្រកួត។

៥) អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង ណាហ្គា​វើ​ល ទាត់​ចូល​ទី​គេ​តិចជាងគេ៖ ក្រុម​ណាហ្គា​វើ​ល ដែល​សំបូរ​ទៅដោយ​ខ្សែប្រយុទ្ធ​ល្បីឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង ក្រុម​អគ្គ​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ ជា​ក្រុម​ដែល​ទាត់​បាល់​ចូល​ទី​គូប្រកួត​បាន​តិចជាងគេ ដោយបាន​ម្នាក់ ៩ គ្រាប់​ប៉ុណ្ណោះ​ក្នុងចំណោម ៧ ប្រ​កូត​មកនេះ បើ​ធៀប​នឹង​ក្រុម ១០ ផ្សេងទៀត​សុទ្ធតែ​អាច​ទា​ត់ប​ញ្ជូ​ល​ទី​គូប្រកួត​លើសពី ១០គ្រាប់​ឡើងទៅ។

៩ គ្រាប់​របស់​ណាហ្គា​វើ​ល ទាត់​ចូល​ទី​ក្រុម​ស្វាយរៀង ១ គ្រាប់ . ភ្នំពេញ​ក្រោ​ន ២ គ្រាប់, អាស៊ី​អឺរ៉ុប ៣ គ្រាប់ និង ស៊ីម៉ាក់ ៣ គ្រាប់ ហើយ ៩ គ្រាប់​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទាត់​ចូល​ទី​ក្រុម​ក្រសួងការពារជាតិ ១ គ្រាប់, ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៣ គ្រាប់, ក្រុម​បៀ​ល​ប្រាយ ១ គ្រាប់ ក្រុម​ណាហ្គា​វើ​ល ២ គ្រាប់ និង ក្រុម​អាស៊ី​អឺរ៉ុប ២ គ្រាប់៕



Tag:
 MCL2015
 កីឡា​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com