ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក នេ​ត សាវឿន ប្រាប់​ព្រឹទ្ធសភា​ទាក់ទង​ការចាប់ខ្លួន លោក ហុង សុខ​ហួរ
15, Aug 2015 , 3:39 pm        
រូបភាព
ដោយ: រួបរួម
លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សរសរ​លិខិត​មួយ​ទៅកាន់​លោក នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា ដើម្បី​រាយការណ៍​ស្តីពី​ការឃាត់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា កាលពី​វេលា​ម៉ោង៦ព្រឹក​ថ្ងៃទី១៥ ខែសីហា នេះ។

 
លោក នេ​ត សាវឿន បាន​អះអាងថា ការឃាត់ខ្លួន​លោក ហុង សុខ​ហួរ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​បទល្មើស​ជាក់ស្តែង​ស្របតាម​នីតិវិធី​ព្រហ្មទណ្ឌ មាត្រា១០៤ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា​ត្រង់​មាត្រា១២ ។
 
ចំពោះ​អង្គហេតុ​នៃ​ការឃាត់ខ្លួន អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ប្រាប់​ប្រធានស្តីទី​ព្រឹទ្ធសភា លោក នៃ ប៉េ​ណា ថា លោក ហុង សុខ​ហួរ បានធ្វើការ​បកស្រាយ​ខុស​ខ្លឹមសារ​ដើម​ទាក់ទង​នឹង​សន្ធិសញ្ញា​ឆ្នាំ១៩៧៩ ដោយ​ថា លោក ហេង សំរិន ដែលជា​ប្រមុខរដ្ឋ​នាពេល​ពេលនោះ បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​លើក​ការឯកភាព​គ្នា​រំលាយ​ព្រំដែន​រដ្ឋ​ទាំងពីរ។ ការបកស្រាយ​របស់លោក ហុង សុខ​ហួរ ក្នុង​ឃ្លី​ប​វីដេអូ​ត្រូវបាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (Sam Rainsy)។
 
លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង៦ព្រឹក​មិញ​នេះ នៅ​គេហដ្ឋាន​របស់លោក យន្ត ថា​រ៉ូ ហើយ​ត្រូវបាន​ដឹកនាំ​ទៅកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​ដាក់​ខ្នោះដៃ។ នា​វេលា​ម៉ោង​ជិត៣រសៀល ទើប​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ៕
 

Tag:
 ហុង សុខ​ហួរ
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com