អន្តរជាតិ
នយោបាយជាតិ
ទ័ពកម្ពុជាមានវត្តមានក្នុងក្បួនព្យុហយាត្រាយោធានៅចិន រូបភាព៖ Xinhua
× កងទ័ពកម្ពុជាជាច្រើនរូបមានវត្តមាននៅក្នុងក្បួនព្យុហយាត្រានៅចិននៅថ្ងៃព្រហស្បតិ៍នេះដើម្បីរំលឹកពីជ័យជម្នះនិងការបញ្ចប់សង្គ្រាមលោកលើកទី២។ ចំណែកព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចនរោត្តម សីហមុនី ក៏មានព្រះរាជ្យវត្តមានជាអធិបតីក្នុងពិធីនេះជាមួយបណ្តាមេដឹកនាំប្រទេស៣០ផ្សេងទៀតដែរ។ ទ័ពកម្ពុជាដែលចូលរួមក្នុងក្បួនយោធានេះមានប្រហែល៧នាក់។
កងទ័ពកម្ពុជាប្រហែល៧រូបបានចូលរួមក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមិនធ្លាប់មានដើម្បីរំលឹកខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទី២នៅចិន រួមជាមួយទ័ពបរទេសជាង១ពាន់នាក់ផ្សេងទៀតដែរ។ បើតាមភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ប្រទេស១៧ បានបញ្ជូនប្រតិភូយោធារបស់ខ្លួនមកចូលរួម ដោយក្នុងប្រទេសនីមួយៗបញ្ជូនទ័ពប្រហែល៧៥នាក់។
ចំណែកកម្ពុជារួមជាមួយប្រទេសប្រាំផ្សេងទៀតមានអាហ្វហ្កានីស្ថាន ហ្វីជី ឡាវ វ៉ានុទូ (Vanuatu) និងវេណេហ្ស៊ុយអេឡាផងនោះបញ្ជូនកងទ័ពមកចូលរួមត្រឹម៧រូបប៉ុណ្ណោះ។ ចិនធ្លាប់រៀបចំខួបរំលឹកជ័យជម្នះសង្គ្រាមនេះពីមុនមកនិងមានការរៀបចំក្បួនយោធាស្រដៀងគ្នានេះ ប៉ុន្តែមិនអធិកអធ័ម និងមានកងទ័ពច្រើនសម្បើមចូលរួមដូចថ្ងៃនេះទេ។ ហើយក៏មិនមានការអញ្ជើញមេដឹកនាំពិភពលោកឲ្យចូលរួមជាអធិបតីដូច្នេះឡើយ។
រដ្ឋាភិបាលក្រុងប៉េកាំងបានអញ្ជើញមេដឹកនាំជាច្រើននៃបណ្តាប្រទេសជាមិត្តឲ្យចូលរួមក្នុងពិធីដ៏ធំនេះ ហើយមេដឹកនាំប្រទេស៣១ បានអញ្ជើញមកចូលរួមក្នុងនោះមានទាំងព្រះប្រមុខរដ្ឋកម្ពុជាព្រះបាទសម្តេចនរោត្តម សីហមុនី ផងដែរ។ ក្រៅពីនេះ មេដឹកនាំប្រទេសសំខាន់ៗមានដូចជា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក ហ្គឺនហេ ហើយប្រមុខអង្គការសហប្រជាជាតិលោក បាន គីមូន ក៏អញ្ជើញមកចូលរួមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com