អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេ​ដឹកនាំ​ផ្តាច់ការ​ហ្ស៊ី​ម​បា​វ៉េ​ព្រលះ អូ​បា​ម៉ា រឿង​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​អ.ស.ប
30, Sep 2015 , 3:28 pm        
រូបភាព
មេដឹកនាំ​ផ្តាច់កា​រវ័យ ៩១ឆ្នាំ របស់​ហ្ស៊ី​ម​បា​វ៉េ លោក រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) បាន​ថ្លែង​រិះគន់​បណ្តា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មាន​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ខណៈពេល​ផ្តល់​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ លោក​ប្រាប់​អង្គសន្និបាត​ថា៖«យើង​មិនមែន​ខ្ទើយ​ទេ»។ មេដឹកនាំ​រូបនេះ​ចង់​វាយប្រហារ​លោក អូ​បា​ម៉ា ដែល​ចង់​ឲ្យ​មាន​ការរៀប​អាពាហ៍ពិពាហ៍​ដូចគ្នា​នៅ​ដែនដី​អាហ្វ្រិក។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
«ការគោរព​សិទ្ធិមនុស្ស​ជា​កាតព្វកិច្ច​របស់​បណ្តា​សមាជិក​ទាំងអស់ តែ​យើង​មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​បដិសេធ​ការប៉ុនប៉ង​បង្គាប់​ឲ្យ​ដាក់​អនុវត្ត​សិទ្ធិ​ថ្មី​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​តម្លៃសង្គម ប្រពៃណី ច្បាប់ និង​ជំនឿ របស់​យើង។ យើង​មិនមែន​ខ្ទើយ​ទេ» នេះ​ជា​ពាក្យសម្តី​របស់​មេដឹកនាំ​ផ្តាច់ការ​ហ្ស៊ី​ម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ ដែល​លោក​ថ្លែងប្រាប់​មេដឹកនាំ​ពិភពលោក​ជាច្រើន​ដែល​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ។
 
ពាក្យសម្តី​ចម្លែក​របស់​មេដឹកនាំ​វ័យ ៩១ឆ្នាំ និង​ជា​មេដឹកនាំ​កាន់តំណែង​យូរ​បំផុត​នៅ​អាហ្វ្រិក​នេះ​បានធ្វើ​ឲ្យ​មេដឹកនាំ​សើច ហ៊ោ​រទាំង​ភ្ងា​ក់​ផ្អើល​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ដោយសារ​រឿងរ៉ាវ​ចម្រូងចម្រាស​ដែល​ធ្លាប់​កើតមានឡើង​កន្លងមក  គេ​អាច​វាយតម្លៃថា ជា​សារ​មួយ​ប្រាប់​ទៅ​បណ្តា​ប្រទេស​នានា​ដែល​បានអនុញ្ញាត​ឲ្យ​មានការ​រៀប​អា​ពា​ហ៍រ​វាង​មនុស្ស​ភេទ​ដូចគ្នា ជាពិសេស​សហរដ្ឋអាមេរិក​តែម្តង។

ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា  តែងតែ​រិះគន់​បណ្តា​រដ្ឋ​អាហ្វ្រិក​ដែល​ដាក់​គំនៀប​លើ​អ្នក​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា ហើយ​លោក​ប្រឹងប្រែង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​អាហ្វ្រិក​ដោយ​អនុញ្ញាត​ឲ្យ​មានការ​រៀប​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា។ លោក ក៏​ធ្លាប់​សុំ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រៀបការ ក្នុង​គោលបំណង​ចម្អក​ឲ្យ​លោក អូ​បា​ម៉ា ដែល​ខំ​រិះគន់​រដ្ឋាភិបាល​អាហ្វ្រិក​ដែល​ប្រឆាំង​ការរៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដែរ។ 
 
លោក មូ​ហ្កា​បេ យល់ថា សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជា​សិទ្ធិ​ថ្មី​ដែល​បង្កើតឡើង​ដោយ​លោកខាងលិច ដែល​ផ្ទុយ​នឹង​តម្លៃ​វប្បធម៌ ប្រពៃណី សាសនា និង​ជំនឿ​ផ្សេងទៀត​ដែលជា​អត្តសញ្ញាណ​របស់​ប្រទេស​អាហ្វ្រិក។ លោក ប្រឆាំង​ដាច់ខាត​រាល់​ការផ្លាស់ប្តូរ​សិទ្ធិ​ឲ្យ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដូចដែល​លោកខាងលិច​ធ្លាប់ធ្វើ​និង​បន្ត​ធ្វើទៅ​ពេលខាងមុខ។ 
 
ថ្វី​ត្បិត​ថា ការគោរព​សិទ្ធិមនុស្ស​ជាពិសេស​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ចាំបាច់​ត្រូវធ្វើ​ឡើងជា​សកល​ដូច​លោកខាងលិច​ចង់បាន​ក៏ពិតមែន តែ​បណ្តា​ប្រទេសនីមួយៗមាន​ស្ថានភាព និង​បរិបទ​សង្គមប្លែកៗគ្នា អាស្រ័យ​ទីតាំង​ភូមិសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ ជាដើម។  ដូច្នេះ​ការ​ឲ្យ​និយមន័យ​លើ​សិទ្ធិ​និង​ការអនុវត្ត​ច្បាប់​ក៏​អាចប្លែកៗគ្នា​ទៅតាម​នោះដែរ។ ហើយ​ម្យ៉ាង​ការបង្ខំ​ឲ្យ​ពួកគេ​ទទួលយក​អ្វីដែល​ថ្មី និង​អ្វីដែល​គេ​យល់ថា ខុសពី​តម្លៃ​និង​ជំនឿ​របស់​ពួកគេ ជា​រឿង​ពិបាក​និង​អាច​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ផងដែរ។
 
ក្រៅពី​វាយប្រហារ​លោកខាងលិច  លោក មូ​ហា្ក​បេ ក្នុងនាម​ជា​ប្រធាន​សហភាព​អាហ្វ្រិក បានស្នើ​ឲ្យ​មានការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ និង​ទទូច​ឲ្យ​បណ្តា​ប្រជាជាតិ​ឯទៀត​វិនិយោគ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សហភាព​អាហ្វ្រិក​ខាងមុខ៕
 
 

Tag:
 un
  អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com