អន្តរជាតិ
ក្រុម Boko Haram ប្រកាស​ទទួលខុសត្រូវ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា
06, Oct 2015 , 9:33 am        
រូបភាព
ក្រុម​ឧទ្ទាម ជ្រុលនិយម Boko Haram ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត ដែល​បានសម្លាប់ និង​បង្ក​ឱ្យ​មនុស្ស​របួស​ជាច្រើន​នាក់​ផ្សេងទៀត​នៅក្បែរ​រដ្ឋធានី​ប្រទេស​នី​ហ្សេ​រី​យ៉ា។ ការប្រកាស​ទទួលខុស​ត្រូវ​នេះ​បានធ្វើ​ដោយ​ក្រុម​បូ​កូ​ហា​រាម(Boko Haram) ដែល​បាន​ចងសម្ព័ន្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អី​រ៉ា​ក់​និង​ស៊ី​រី នៅលើ​បណ្ដាញ​សង្គម​Twitter របស់​ពួកគេ។



គ្រាប់បែក​ចំនួន​ពីរបាន​ផ្ទុះ ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន១៨នាក់​និង​របួស​ប្រហែល៤០នាក់​នៅឯ​ជាយក្រុង​Abuja រដ្ឋធានី​ប្រទេស​នី​ហ្សេ​រី​យ៉ា។ ក្រោយ​ការកើត​ហេតុភ្លាមៗប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​លោក Muhammadu Buhari បានដាក់​ការចោទប្រកាន់​លើ​ក្រុម​បូ​កូ​ហា​រាម ពីព្រោះ​ក្រុម​ជ្រុលនិយម​នេះ​តែងតែ​បង្ក​អំពើ​ភេ​វរ​កម្ម​ហិង្សា​និង​សម្លាប់​មនុស្ស​ជាច្រើន​ក្នុងប្រទេស។

យ៉ាងណាមិញ កាល​ថ្ងៃអាទិត្យ ក្រុម​បូ​កូ​ហា​រាម​បានប្រកាស​នៅ​ពីក្រោយ​ការផ្ទុះ​នេះ។ នៅលើ​បណ្ដាញ​សង្គម​Twitter ក្រុម​នេះ​ក៏បាន​បង្ហាញមុខ​ជន​បីនាក់​ដែល​បាន​បំផ្ទុះ​គ្រាប់​កាល​សុក្រ​ផងដែរ។ គ្រាប់បែក​ចំនួន​ពីរ​ត្រូវបាន​បំផ្ទុះ​នៅឯ​សង្កាត់​Kuje និង​មួយទៀត​នៅឯ​Nyanya។ តំបន់​ទាំងពីរ​នេះ​សម្បូរ​ទៅដោយ​ជនភៀសខ្លួន​ដែល​បាន​ចាកចោល​លំនៅដ្ឋាន​ដោយសារ​ការវាយប្រហារ​របស់​ក្រុម​ឥស្លាម​ជ្រុលនិយម។

ការវាយប្រហារ​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ បើទោះជា​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​បានប្រកាស​បង្ក្រាប​លើ​ក្រុម​នេះ​ក៏ដោយ។ ក្នុងពេល​សួរសុខទុក្ខ​ជនរងគ្រោះ លោក​Buhari បាន​សន្យា​បោស​ជាថ្មីទៀត​ក្នុងការ​តាម​កម្ចាត់​ក្រុម​ជ្រុលនិយម​ឱ្យ​ទាល់តែ​បានចេញ​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា។ ចំណែកឯ ខាង​កងទ័ព​និ​ហ្សេ​រី​យ៉ា​វិញ​ក៏បាន​ប្ដេជ្ញា​បោសសម្អាត​ក្រុម​នេះ​ឱ្យបាន​នៅ​ខែធ្នូ​ខាងមុខ។

គួរ​បញ្ជាក់ថា មនុស្ស​ប្រមាណ១ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត​និង​ប្រមាណ២.៥លាន​នាក់​បាន​បាត់បង់​ផ្ទះសម្បែង នៅពេលដែល​ក្រុម​បូ​កូ​ហា​រាម​ចាប់ផ្ដើម​វាយប្រហារ​តាំងពី២០០៩ ។ ក្រុម​នេះ បាន​រីកចម្រើន​ជា​លំដាប់​ដែល​បាន​បង្ក​ជាការ​គំរាម​លើ​សន្តិសុខ​ក្នុង​តំបន់ ទោះ​មានការ​បង្ក្រាប​ពី​សំណាក់​ទាហាន​នី​ហ្សេ​រី​យ៉ា​ក៏ដោយ។ មិនតែប៉ុណ្ណោះ ក្រុម​បូ​កូ​ហា​រាម​បាន​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ដែលជា​ភេ​វរជន​បង្ក​ការភ័យខ្លាច​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ក៏ដូចជា​ពិភពលោក​ទាំងមូល៕


Tag:
 ក្រុម​ឧទ្ទាម
  នី​ហ្សេ​រី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com